ឡូរ៉ា​ម៉ម​ ត្រៀម​ខ្លួន​អាន​សៀវភៅ​ប្រណាំង​ជាមួយ​​​សិស្ស​អនុវិទ្យាល័យ


ឡូរ៉ា​ម៉ម​ ត្រៀម​ខ្លួន​អាន​សៀវភៅ​ប្រណាំង​ជាមួយ​​​សិស្ស​អនុវិទ្យាល័យ

តារា​ចម្រៀង​កំពុង​តែ​ល្បី​ក្នុង​ស្រទាប់​យុវវ័យ ឡូរ៉ា​ម៉ម ថ្លែង​ក្នុង​ សន្និសីទ​សារព័ត៌មាន​របស់ Smart ដែល​រៀប​ចំ​ឡើង​នៅ​ Nagaworld កាល​ពី​ម្សិល​មិញ ថា​នាង​នឹង​ប្រឡង​អាន​សៀវភៅ​ជា​មួយ​នឹង​ សិស្ស​អនុវិទ្យាល័យ​​ចំនួន ៨ សាលា មកពី​​​បួន​ខេត្ត​ រួម​មាន​ខេត្ត បាត់​ដំបង ព្រះ​សីហនុ កំពង់​ចាម និង ខេត្ត​កណ្ដាល ចាប់​ពី​ថ្ងៃ​ទី ៧ ខែ​ វិច្ឆិកា ដល់​ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ២០១៥។

 

ឡូរ៉ា​បាន​រៀប​រាប់​ទៀត​ថា នេះ​ជា​កម្មវិធី​លើក​ស្ទួយ​​អក្ខរកម្ម​ ដោយ​ផ្ដោត​លើ​ការ​អាន ដែល​គាំទ្រ​​ដោយ​​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ដែល​តម្រូវ​ឱ្យ​នាង​ចុះ​ទៅ​តាម​សាលា​ក្នុង​ខេត្ត​ទាំង ៤ ខាង​លើ​ ដើម្បី​ធ្វើ​ការ​ប្រណាំង​អាន​ជា​មួយ​សិស្ស​អនុវិទ្យាល័យ​ ពី​ថ្នាក់​ទី ៧ ដល់​ថ្នាក់​ទី ៩។

 

ឡូរ៉ា​ម៉ម​ ត្រៀម​ខ្លួន​អាន​សៀវភៅ​ប្រណាំង​ជាមួយ​​​សិស្ស​អនុវិទ្យាល័យ

 

ដោយ​យល់​ឃើញ​ថា​ ការ​អប់រំ ​គឺ​ជា​ មធ្យោបាយ​​តែ​​មួយ​គត់​ដែល ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​រីក​ចម្រើន​ទៅ​មុខ​​ចំណែក​ការ​អាន ​គឺ​ជា ​​ស្ពាន​សម្រាប់​ឆ្ពោះ​ទៅ​ចំណេះ​ដឹង ហើយ​ចំណេះ​ដឹង​ជា​ វត្ថុ​ការ​ពារ​ខ្លួន​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។​ តារា​ចម្រៀង​ខ្មែរ សញ្ជាតិ​អាមេរិក​រូប​នេះ​បាន​បង្កើត​ គម្រោង​នេះ​​ឡើង​ ដោយ​​សហការ​ជាមួយ​ Smart។

 

 

ឡូរ៉ា​ម៉ម​ ត្រៀម​ខ្លួន​អាន​សៀវភៅ​ប្រណាំង​ជាមួយ​​​សិស្ស​អនុវិទ្យាល័យ
 

«ការ​អាន​ខ្មែរ​របស់​ខ្ញុំ​គឺ​​យឺត ហើយ​មាន​ភាព​​រអាក់រអួល​ជា​ច្រើន ជួន​កាល​​ខ្ញុំ​ខ្មាស​គេ​មែន​ទែន ដូច្នេះ​​ខ្ញុំ​​ដឹង​ពី​​កម្រិត​នៃ​ការ​អាន​នៅ​ស្រុក​ខ្មែរ​គឺ​ទាប ខ្ញុំ​មាន​អារម្មណ៍​ថា​ ប្រាកដ​ជា​មាន​មនុស្ស​ជា​ច្រើន​ដែល​ជួប​បញ្ហា​ដូច​ខ្ញុំ ហើយ​និង​មាន​អារម្មណ៍​ខ្មាស​អៀន​ដូច​ខ្ញុំ!»។
 

ឡូរ៉ា​បាន​បន្ត​ទៀត​ថា មនុស្ស​ជា​ច្រើន​នឹង​បោះ​បង់​ការ​អាន ដោយ​សារ​តែ​ភាព​ខ្មាស​អៀន​ ដូច្នេះ​វា​មិន​​មែន​ជា​បញ្ហា​ទេ ​បើ​ មាន​អ្នក​ខ្លះ​មិន​ពូកែ​ខាង​អាន​តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ការ​មិន​បោះ​បង់​​វា​ចោល ទោះ​បី​​វា​ជា​ក្ដី​អាម៉ាស់​ក៏​ដោយ។
 

«ខ្ញុំ​ពិត​ជា​រំភើប​ណាស់​​ក្នុង​ការ​ជួប​កូន​សិស្ស​ពី​ថ្នាក់​ទី ៧ ដល់​ថ្នាក់​ទី ៩ នៅ​សាលា​នានា​នៅ​គ្រប់​ខេត្ត​ ហើយ​ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គាត់​ មិន​បោះ​បង់​ការ​អាន ជា​ពិសេស​​ជូន​ពរ​​ឱ្យ​មាន​ភាព​រីករាយ!»។ ឡូរ៉ា​បាន​បន្ថែម៕

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ណេង ណេង