លោក អូបាម៉ា បញ្ជាឲ្យមានការ ដកទណ្ឌកម្ម ចេញពីអ៊ីរ៉ង់ បន្ថែមទៀត

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចេញបញ្ជា នៅថ្ងៃ អាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០១៥ ឲ្យរដ្ឋបាលរបស់ខ្លួន បោះជំហានទៅមុខ បន្ថែមទៀត ក្នុងការ ដកទណ្ឌកម្មចេញ ពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រទេសនេះ បានព្រមព្រៀងអនុវត្តន៍ ទៅ តាមដំណោះស្រាយ កម្មវិធីនុយក្លេអ៊ែរ កាលពីខែកក្កដា កន្លងទៅនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ នេះ ដោយលើកឡើងនូវសម្តីរបស់ លោក អូបាម៉ា ថ្លែង នៅក្នុងកិច្ចប្រជុំនាក្រសួង រតនាគារ ថាមពល និង ពាណិជ្ជកម្មថា “ខ្ញុំ សូមធ្វើការប្រាប់ដោយផ្ទាល់ នៅទីនេះ ឲ្យក្រសួងទាំងអស់ បោះជំហានទៅមុខប្រកបដោយ ភាពវិជ្ជមាន នៅក្នុងការគោរពតាមកិច្ចសន្យារបស់អាមេរិក ចំពោះទណ្ឌកម្មលើអ៊ីរ៉ង់។”

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានអំពាវនាវឲ្យអង្គការសហប្រជាជាតិប្រើប្រាស់ពេល ៩០ ថ្ងៃ ដើម្បីសម្រេច ឲ្យបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់។ នៅក្នុងនោះដែរ សមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សា សន្តិសុខទាំងប្រាំមាន សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស និង បារាំង បូកថែមអាល្លឺម៉ង់ មួយទៀត បានព្យាយាមយ៉ាងខ្លាំងក្នុងកិច្ចចរចាជាមួយអ៊ីរ៉ង់។

កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅនេះ អ៊ីរ៉ង់បានសម្រេចអនុវត្តន៍តាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលបានប្រើ រយៈពេលចរចា ១៨ខែ ជាមួយនឹងប្រទេស មហាចទាំង ៥ បូក អាល្លឺម៉ង់។ តាមអត្ថន័យនេះ ទណ្ឌកម្មទាំង អស់នៅលើអ៊ីរ៉ង់កន្លងមក នឹងត្រូវដកចេញ ដោយប្រើប្រាស់ពេលកំឡុងពេល ១០ឆ្នាំ ក្នុងការដកចេញ បន្តិចម្តងៗ៕

លោក អូបាម៉ា បញ្ជាឲ្យមានការ ដកទណ្ឌកម្ម ចេញពីអ៊ីរ៉ង់ បន្ថែមទៀត