មេដឹកនាំកំពូល អាល់កៃដា ស្លាប់ក្រោមការ វាយប្រហារ ផ្លូវអាកាស របស់អាមេរិក នៅស៊ីរី

វ៉ាស៊ីនតោន ៖ យោងតាមការលើកឡើង របស់មន្រ្តីរដ្ឋាភិបាល អាមេរិកបានឲ្យដឹងថា មេដឹកនាំរបស់ ក្រុមសកម្ម ប្រយុទ្ធ អាល់ កៃដា ត្រូវបានសម្លាប់ ក្នុងការវាយប្រហារផ្លូវអាកាស ធ្វើឡើងដោយក្រុមចំរុះ ដឹកនាំដោយអាមេរិក ក្នុងប្រទេសស៊ីរី។

ទីភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នេះដោយលើកឡើង នូវប្រភពពី សេចក្ដីថ្លែងការណ៍ នៃមន្ទីរបញ្ជកោណឲ្យដឹងថា ឈ្មោះ សាណាហ្វី អាល់ណាស ជាជនជាតិអារ៉ាប់ប៊ី សាអូឌី ឈ្មោះពិត អាប់ឌុល ម៉ូសេន អាប់ឌុលឡា អ៊ីប្រាហ៊ីម អាល់ឆារ៉េក ជាសមាជិកជាន់ខ្ពស់របស់ក្រុម កូរ៉ាសាន និងសមាជិកជើងចាស់របស់ក្រុមអាល់ កៃដា ជីហាត ដែលបានស្លាប់ទៅក្នុងប្រទេសស៊ីរី។

ប្រភពពីសេចក្ដីថ្លែងការណ៍ខាងលើបានឲ្យដឹងថា លោកត្រូវបានសម្លាប់ក្នុងការវាយប្រហារ តាមផ្លូវអាកាស ក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ មេដឹកនាំជាន់ខ្ពស់ម្នាក់នេះ ក៏ត្រូវ បានគេស្គាល់ថា ជាមន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់របស់ ក្រុមសកម្ម ប្រយុទ្ធអាល់ កៃដា ហើយត្រូវបានកំណត់មុខ សញ្ញាភេរវកម្មពិសេសដោយអាមេរិក។

នេះជាការស្លាប់របស់មេដឹកនាំជាន់ខ្ពស់ក្រុមសកម្មប្រយុទ្ធកូរ៉ាសាន ក្នុងរយៈពេល ៤ខែចុងក្រោយនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ash Carter បាននិយាយថា សហរដ្ឋអាមេរិក នឹងមិន បន្ធូរបន្ថយក្នុងបេសកកម្មរបស់ខ្លួនឡើយ ដើម្បីកំចាត់ក្រុមអាល់ កៃដា និងសមាជិកសែសសល់របស់ ក្រុមនេះ៕

មេដឹកនាំកំពូល អាល់កៃដា ស្លាប់ក្រោមការ វាយប្រហារ ផ្លូវអាកាស របស់អាមេរិក នៅស៊ីរី