ឃាត់ខ្លួន​ថ្នាក់ដឹកនាំ​សហជីព​កម្មករ អាស៊ាន ប្រចាំ​រោងចក្រ​អេ​ន​ជេ​ល​ស្វី​ត​ធើ ២​រូប

កំពង់ស្ពឺ: ថ្នាក់ដឹកនាំ​សហជីព​កម្មករ អាស៊ាន ប្រចាំ​រោងចក្រ​អេ​ន​ជេ​ល​ស្វី​ត​ធើ ២​រូបត្រូវបានកម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន យកទៅ​សាកសួរ​ពីបទ​ក្លែង បន្លំ​ឯកសារ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​បូរី​កម្មករសង្កាត់ច្បារមន ក្រុង​ច្បារមន​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​រូប​ដែល​ឃាត់ខ្លួន​នោះ​រួមមាន លោក ផួ​ង ផា​រី និង​លោក អ៊ី ថា​រីដែល​បាន​រង​ការចាប់ខ្លួន​ពី សំណាក​សមត្ថកិច្ច​ខេត្ត តាម​បណ្តឹង​របស់ លោក សុខ រ៉ាវុធអតីត​មេ​កើយ​របស់ខ្លួន​ពីបទ​ក្លែង បន្លំ​ឯកសារ​ក្រោយ​ពួកគេ​បាន​លាឈប់​ពី​ថ្នាក់ដឹកនាំសហជីព​សេរី​ពលករ​ខ្មែរ​មក​ចូលរួម​ជាមួយ​សហជីព​កម្មករ​អាស៊ាន ។​

​លោក មាស សំណាង អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​អាស៊ាន បានចាត់ទុកការចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហជីព​របស់លោក ជាការ​រៀបចំ​ឆាកល្ខោនចោទ​ប្រកាន់​ទំលាក់កំហុស ក្នុង​គោលបំណង​បំបិទ​សិ​ទ្ឋ​សេរីភាព​សហជីពដែល​សហជីព​របស់លោក​កំពុង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ឲ្យ​ថៅកែរោងចក្រ​​នេះ​គោរព​តាមច្បាប់​ស្តីពី​ការងារ​។​

​លោក​ក៏បាន​សំណូមពរ ឲ្យ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ ដោះលែង​ថ្នាក់ដឹកនាំ​សហជីព​ខាងលើឲ្យ​មាន​សេរីភាព​វិញ​ព្រោះ​ពួកគេ​ពុំបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​​ប្រកាន់​ឡើយ​៕N