លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ ខេត្តកណ្តាល បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​

​ប្រភពព័ត៌មាន​ពី​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា គេ​មិនដែល​ឃើញ មន្ត្រី​គយ​ក្រោម​បញ្ជា របស់លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ ខេត្តកណ្តាល ចេញ​បង្ក្រាប​ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ម្តងណា​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បញ្ហា​នេះ​បាន​កើតឡើង​ចាប់តាំងពី​ពេលដែល​លោក វ៉ូ វណ្ណា ត្រូវបានតែងតាំង​ជា ប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល មកម្ល៉េះ ហើយ​បើទោះបីជា​សកម្មភាព​រត់​ពន្ធ​ទំនិញ​ខុសច្បាប់​កើនឡើង និង​មានការ​រិះគន់​ខ្លាំងៗ​យ៉ាងណាក៏ដោយ ក៏​ក្រុមមន្ត្រី​គយ​ខេត្តកណ្តាល​នៅតែ​មិន​អើពើ​ដដែល​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​គយ​ខេត្តកណ្តាល​មួយរូប​បាន​បង្ហើប​ថា លោក វ៉ូ វណ្ណា ដែល​កំពុងកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាល ត្រូវគេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​នាំចូល​ទំនិញគេចពន្ធ ព្រោះ​សព្វថ្ងៃនេះ អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ គ្រឿងសំណង់ ទំនិញ​ចាប់ហួយ​ជាដើម​ដែល​សម្ងំ​កើប​យកលុយ​ពី​កញ្ចប់​ថវិកាជាតិ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ទំនិញគេចពន្ធ​ដែល​នាំ​ពី​ប្រទេស​យួន​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ត្រូវគេ​ដឹងថា​ភាគច្រើន​ជា​របស់​ឧ​ត្ត​ម​សេនីយ៍​លាក់​មុខ និង​ឈ្មួញ​មានអំណាច​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក វ៉ូ វណ្ណា និង​បក្ខពួក​។

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មី​នេះ​រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​មួយ​តែងតាំង​សមាសភាព​ក្រុមមន្ត្រី​ទប់ស្កាត់ និង​បង្ក្រាប​ទំនិញគេចពន្ធ​ដែលមាន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ជា​ប្រធាន អគ្គនាយក​គយ និង​រដ្ឋាករ ជា​អនុប្រធាន​អចិន្ត្រៃយ៍ ហើយ​ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​នីមួយៗ​។ តែ​ភាពជាក់ស្តែង​គោលនយោបាយ​ទប់ស្កាត់ និង​បង្ក្រាប​ទំនិញគេចពន្ធ​ដែល​ដាក់ចេញ​ឲ្យ​អនុវត្តន៍​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​ពាក់ព័ន្ធ​ជាច្រើន​នោះ​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​មន្ត្រី​គយ​តាម​បណ្តា​ខេត្ត​ភាគច្រើន​មាន​សមាសភាព​មិនល្អ​ដែល​រង​រឿងអាស្រូវ​ពុករលួយ​យ៉ាងច្រើន​ស្អេកស្កះ​។​

​ជុំវិញ​បញ្ហា​នេះ លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​ខេត្តកណ្តាល ត្រូវគេ​ដឹងថា​កំពុង​សុខ​ស្រួល ក្នុងការ​ចាត់តាំង មន្ត្រីក្រោមឱវាទ ឲ្យ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ទាំង​ការដឹកជញ្ជូន​ទំនិញ​ស្របច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នៅ​គ្រប់​ច្រក​ល្អ​មិន​ថា​តាម​ផ្លូវទឹក ឬ​គោក​នោះទេ​។ ចំពោះមុខ​បញ្ហា​នេះ មន្ត្រី​គយ​ខេត្តកណ្តាល​បាន​ត្អូញត្អែរថា បើ​រដ្ឋាភិបាល​ចង់​ទប់ស្កាត់ និង​បង្ក្រាប​ទំនិញគេចពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​គួរតែ​ចាប់ផ្តើម​កែទម្រង់​ពី​មន្ត្រី​គយ​ជាន់ខ្ពស់​រហូតដល់​មូលដ្ឋាន​ជាមុនសិន ព្រោះ​បទល្មើស​ក្នុង​វិស័យ​គយ​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​មួយ​មន្ត្រី​គយ​ធំៗ​ផ្ទាល់​តែម្តង​៕

W@t-18102