ឃាត់ខ្លួន​ជន​ជួញដូរ​០២​នាក់ ​ថ្នាំ​ញៀន​០៤​កញ្ចប់​ និង​អាវុធ​ខ្លី​មួយ​ដើម​ក្នុងភូមិ​តែ​មួយ​កន្លែង​ផ្សេង​គ្នា

ខេត្តពោធិ៍សាត់​ ៖​ ជន​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់ ​រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​០៤​កញ្ចប់​ត្រូវ​សមត្ថកិច្ច​នគរបាល​ចេញ​ប្រតិបត្តិការ​ព័ទ្ធ​ចាប់​បាន​នៅ​កន្លែង​ផ្សេង​គ្នា​ កាលពី​រសៀល​ថ្ងៃ​ទី​២០​ តុលា​ ​២០១៥ ​នៅ​ភូមិ​ប្រឡាយ​ធំ​ ឃុំ​វាល ​ស្រុក​កណ្ដៀង​ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ភ្នាក់ងារ​ភ្លាម​ៗ​។

​លោក​វរសេនីយ៍ត្រី​លី សេង​ហ៊ី​ម ​អធិការ​នគរបាល​ស្រុក​កណ្ដៀង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០​ តុលា មាន​ភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​មក​ថា​ នៅ​ភូមិ​ប្រឡាយ​ធំ​ ឃុំ​វាល ​ស្រុក​កណ្ដៀង​មានផ្ទះ​ពីរ​កន្លែង​កំពុង​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​។​

ពេល​នោះ​លោក​បាន​រាយការណ៍​ជូន​ទៅ​លោកស្នងការ​នគរបាល ​និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដើម្បី​សុំ​យោបល់ ​និង​វិធាន​ការ​​។ ​ភ្លាម​ៗ​នោះ​លោកស្នងការ ​និង​លោក​ព្រះរាជអាជ្ញា​បាន​ចាត់វិធានការ​​ឲ្យ​កម្លាំង​នគរបាល​ស្រុក​កណ្ដៀង​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ​និង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់​។​

ពេល​កម្លាំង​​ចុះ​ទៅ​ដល់​គោលដៅ​បាន​ព័ទ្ធ​ផ្ទះ​ចំនួន​ពីរ​កន្លែង​ដែល​នៅ​ក្នុងភូមិ​ប្រឡាយ​ធំ​ជាមួយ​គ្នា​ ហើយ​បាន​​ឃាត់ខ្លួន​ជន​ជួញដូរ​ចំនួន​០២​នាក់​ ម្នាក់​ឈ្មោះ​នុ​ត ស៊ី​ណា​ ហៅ​កែប​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​មាស ចំណេ​ត ​ហៅ​តឹង​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ប្រឡាយ​ធំ​ ឃុំ​វាល ​ស្រុក​កណ្ដៀង​។

​ពេល​ឃាត់ខ្លួន​នេះ សមត្ថ​កិច្ច​បាន​ដក​ហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កមួយ​កញ្ចប់​ធំ​ និង​០៣​កញ្ចប់​តូច​នៅ​ក្នុង​ខ្លួន​ និង​អាវុធ​ខ្លី​មួយ​ដើម​ម៉ា​កឡុក​បាញ់​គ្រាប់កង់​ប្រើ​ហ្គា​ស​។​ បន្ទាប់​ពី​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​សមត្ថកិច្ច​​​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
    ​​