កោះហៅម្ចាស់​​​ហាង​កោស​ជប់ ​ម៉ាស្សា​ និង​ខា​រ៉ា​អូខេតាម​ផ្លូវ​២០០៤ ប្រជុំ​​ដាក់​​ផែន​ការ​​

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​ហែម ដា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រមូល​ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់ និង​ខារ៉ាអូខេ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ចូល​រួម​ដាក់​ផែនការ​យ៉ាង​តឹងរ៉ឹង​បំផុត​មួយ បន្ទាប់​ពី​កើត​មាន​បទល្មើស​ជា​ញឹកញាប់ ចេញពី​ហាង​ទាំងនោះ​ព្រោះតែ​ម្ចាស់​ហាង​មិន​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខណ្ឌ ដែល​បាន​ណែនាំ​ក្នុង​ពេល​កន្លង​មក ដោយ​បង្ក​ភាព​អនាធិបតេយ្យ ។

ពិធី​នោះ ត្រូវ​បាន​រៀបចំ​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២០ តុលា ២០១៥ ស្ថិត​នៅ​ក្នុង​សាល​ប្រជុំ​ធំសាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។  

លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បើក​ឱ្យ​មានការ​បញ្ចេញ​មតិយោបល់​របស់​ម្ចាស់​ហាង ដែល​មិន​បាន​ធ្វើ​ខុស ឡើង​សំណូមពរ​ដល់​គណៈអធិបតី​ឱ្យ​ជួយ​ចាត់ការ​ហាង​ណាមួយ​ដែល​ធ្វើ​ខុស សូម​ឱ្យ​បិទ​ហាង​នោះ​តែ​ម្ដង កុំឱ្យ​បិទ​ដោយ​ទាំង​ហាង ដែល​នៅ​ជាប់​គ្នា​នោះ​ដូច​ពេល​កន្លង​ឱ្យ​សោះ ព្រោះ​ហាង​ខ្លះ​មិន​បានដឹង​រឿង​អ្វី​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​ខុស និង​បង្ករឿង​អ្វី​ឡើយ ។

ការ​បិទ​បែប​នេះ វា​នាំ​មក​នូវ​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់ មិនតែប៉ុណ្ណោះ បើ​បានជា​បិទ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន​តឹងតែង​បំផុត​តែ​ម្ដង កុំ​បិទ​ក្នុង​ភាព​ធូររលុង ធ្វើ​បែប​នេះ គឺ​ដើម្បី​ដាក់​ពិន័យ​ដល់​ហាង​ដែល​ធ្វើ​ខុស​នោះ​ឱ្យ​មាន​ភាព​រៀងចាល ។