គ្រោះ​ថ្នាក់​​ចរាច​ណ៍​​២​​ថ្ងៃ ​ស្លាប់​មនុស្ស​​​២​នាក់​​នៅ​ខេត្តស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់​ចរាច​ណ៍​ចំនួន​២​លើក​ក្នុង​រយៈពេល​២​ថ្ងៃ បង្ក​ឱ្យ​មនុស្ស​២​នាក់​ស្លាប់​ស្ថិត​នៅ​ខេត្តស្ទឹងត្រែង ដែល​គ្រោះ​ថ្នាក់​កើត​ចេញពី​ការ​បើក​របរ​មិន​មានការ​ប្រុង​ប្រយ័ត្ន ។

មន្ត្រី​ការិយាល័យ​ចរាច​ណ៍​ជើង​គោក​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​ថ្ងៃ​ទី​២០ និង​២១ តុលា ២០១៥ កើត​មាន​គ្រោះថ្នាក់​ចរាច​ណ៍​២​លើក ដែល​បង្ក​ឱ្យ​មនុស្ស​ចំនួន​២​នាក់ បាន​ស្លាប់​នៅ​នឹង​កន្លែង ។

លោក​បន្ត​ថា ករណី​ទី​១-​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ២០១៥ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ ២S-៩៧១៥ ដឹក​អ្នកដំណើរ​បើកបរ​មក​ពី​ខេត្តរតនគិរី ទៅ​រាជធានី​ភ្នំពេញ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ​យេ​ន ផាត អាយុ​៥៥​ឆ្នាំ រស់នៅ  ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពីក្រោយ ហើយ​អូស​ជាង​៣០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង ។

មន្ត្រី​ដដែល​បន្ត​ថា ក្រោយ​កើតហេតុ​ភ្លាម​ៗ តៃកុង​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ  ចំណែក​សាកសព បាន​ធ្វើ​លិខិត​ប្រគល់​ជូន​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ដោយឡែក​កាល​វេលា​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​មេគង្គ​ត្រើយ​ខាងលិច ក្នុងភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ជន​រង​គ្រោះ​ឈ្មោះ​ប្រា​ទេព ប៊ុ​ន​អ៊ែ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​ជាង​ផ្ទះ ស្នាក់​នៅ​បណ្តោះអាសន្ន​ផ្ទះ​ឪពុកមា ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បាន​ជិះ​ម៉ូតូ​ផ្ទាល់ខ្លួន​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម អត់​ស្លាក​លេខ បើកបរ​ពី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ទំនងជា​ងងឹតមុខ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ស្ពាន​មេគង្គ ។