អ្នកដឹកនាំ​រឿង​ហូ​លី​វូ​ដ​បដិសេធ​មិន​យក​រ៉ូ​ណា​ល់​ដូ ដើរតួ​ក្នុង​ខ្សែភាពយន្ត​ថ្មី

ការ​ស្នើ​សុំ​សម្ដែង​ភាពយន្ត​ហូ​លី​វូ​ដ​របស់​កីឡាករ​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ នៅ​តែ​បន្ត បន្ទាប់​ពី​អ្នកដឹកនាំ​រឿង​លោក​ម៉ា​ទី​ន ស្គ័​រ​សេ​ស៊ី បាន​សម្រេចចិត្ត​មិន​ឱ្យ​ចូលរួម​សម្ដែង​ភាពយន្ត​រឿង​ថ្មី ព្រោះ​បារម្ភ​ខ្លាច​ការ​បង្ហាញខ្លួន​របស់​កំពូល​ខ្សែបម្រើ​ប្រយុទ្ធ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​មាន​លក្ខណៈ​លេចធ្លោ​បិទ​បាំង​ប្រជាប្រិយភាព​ក្នុង​ភាពយន្ត ។

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ល្បី​របស់​ក្លិប «​ស្ដេច​ស​»Real Madrid មិន​បាន​ចូលរួម​សម្ដែង​រឿង «The Manipulator» ជា​ភាពយន្ត​ថ្មី​របស់​លោក​ម៉ា​ទី​ន ស្គ័​រ សេ​ស៊ី អ្នកដឹកនាំ​រឿង​ក្នុង​មជ្ឈដ្ឋាន​ហូ​លី​វូ​ដ​ទេ​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​កាសែត «​កាស​សេត​តា​» របស់​អីុ​តា​លី​កាលពី​ថ្ងៃ​ទី​១៨ តុលា កន្លង​ទៅ ។

កន្លង​មក ធ្លាប់​មាន​ដំណឹង​ថា អ្នកដឹកនាំ​រឿង​ជនជាតិ​អា​មេ​រិ​ក​ត្រៀម​ឱ្យ​កីឡាករ​ល្បី​របស់​ក្លិប Real Madrid  ចូល​សម្ដែង​ក្នុង​រឿង​ថ្មី​នេះ ដើម្បី​និយាយ​ពី​ខ្សែជីវិត​របស់​លោក​អា​ឡេ​ស សាន​ដ្រូ​ប្រូ​តូ អ្នកជំនួញ​ជនជាតិ​អី​ុ​តា​លី ។ ប៉ុន្តែ​លោក ស្គ័​រ​សេ​ស៊ី បារម្ភ​ថា ការ​បង្ហាញខ្លួន​របស់ រ៉ូ​ណា​ល់​ដូ នឹង​បិទ​បាំង​ប្រជាប្រិយភាព​ក្នុង​ខ្សែភាពយន្ត ទើប​សម្រេចចិត្ត​មិន​ទទួលយក និង​ប្រគល់​ឱ្យ​លោក​សេន​នី​ង ថេ​ថាំ ដើរតួ​ជំនួស​វិញ ។

ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ រ៉ូ​ណា​ល់​ដូ មាន​ភាពយន្ត​ឯកសារ​ស្ដី​ពី​ខ្សែជីវិត គឺ​រឿង «Ronaldo» រៀបរាប់​ពី​អាជីព​នៃ​ការ​លេង​បាល់​របស់​ខ្លួន​តាំងពី​នៅ​កុមារ ៕