លោក ហ៊ុន ម៉ា​ណែ​ត ​៖ ការ​ជ្រើសរើស​មេដឹកនាំ​ គឺ​អាស្រ័យ​លើ​ការ​បោះ​ឆ្នោត​មិនមែន​ការ​បន្តវេន​​​ទេ

​រាជធានី​ភ្នំពេញ ​៖​ កាលពី​ចុង​ស​ប្តា​ហ៍​មុន ​លោកនាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​បទ​សម្ភាសន៍​ដ៏​កម្រ​មួយ​ជាមួយ​វិទ្យុ ABC អូស្ត្រាលី​ក្នុង​ឱកាស​ដែល​លោក​កំពុង​បំពេញបេសកកម្ម​ការងារ​នៅ​ទីនោះ ។

ជា​ការ​កត់សម្គាល់​លោកនាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា តើ​លោក​មាន​ទស្សនៈវិស័យ​យ៉ាងដូចម្តេច​ក្នុង​ពេល​ដែល​បណ្តា​ក្រុម​អ្នកវិភាគ​ និង​តាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បាន​វាយតម្លៃ​ថា លោក ហ៊ុន ម៉ា​ណែ​ត នឹង​បន្តវេន​ពី​ឪពុក​របស់​ខ្លួន​ក្នុង​តំណែង​ជា​អ្នកដឹកនាំ​ប្រទេស? ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លើយ​អះអាង​ថា ការ​ជ្រើសរើស​មេដឹកនាំ​នៅ​កម្ពុជា គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ ព្រោះ​ប្រទេស​កម្ពុជា បាន​ប្រកាន់​យក​ប្រព័ន្ធ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ដូច្នេះ​ការ​ជ្រើសរើស​មេដឹកនាំ​ គឺ​ត្រូវ​ឆ្លង​តាម​រយៈ​នៃ​ការ​បោះ​ឆ្នោត ។

លោក​បាន​បង្ហាញ​នូវ​ការ​យល់​ឃើញ​ជា​បុគ្គល​ថា ការ​វិវត្តន៍​របស់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ​ទៀត​គឺ​មាន​ចំណុច​សំខាន់​ៗ មួយ​ចំនួន​ដូច​ជា ទី​១-ត្រូវ​រក្សា​ឲ្យ​បាន​ដាច់ខាត​នូវ​សុខ​សន្តិភាព​ និង​ស្ថិរ​ភាព​សង្គម ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍន៍​ និង​សុខ​ដុម​រម​នា​របស់​សង្គម ២-ត្រូវ​បន្ត​ការ​កសាង​ប្រទេស​ទាំងមូល​ដោយ​ផ្អែក​លើ​គោលការណ៍​បង្កើន​សេដ្ឋកិច្ច​បង្កើន​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ ជា​ពិសេស​ការងារ​សម្រាប់​យុវជន ។

រៀបចំ​យន្តការ​ដើម្បី​ឲ្យ​ផល​កំណើនសេដ្ឋកិច្ច​ទាំងនោះ​បាន​ចែក​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​គ្នា ស្រប​តាម​គោលការណ៍​សមធម៌​ និង​ប្រសិទ្ធភាព ៣-នៅ​ក្នុង​យុគសម័យនេះ​ប្រទេស​កម្ពុជា​ត្រូវ​តែ​បង្កើន​នូវ​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​ទាំង​នៅ​ក្នុង​តំបន់​ និង​ពិភពលោក ។

ទាក់ទង​នឹង​សំណួរ​ដែល​សួរ​ថា កន្លង​មក​មានការ​ចុះ​ផ្សាយ​ថា លោក ហ៊ុន ម៉ា​ណែ​ត ឡើង​ឋានៈ​លឿន​ដោយសារ​តែ​លោក​ជា​កូន​សម្តេច​នាយក​រដ្ឋមន្ត្រី​នោះ លោក ហ៊ុន ម៉ា​ណែ​ត បកស្រាយ​ថា ការ​លើក​ឡើង​បែប​នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ព្រោះថា កាលពី​លោក​រៀន​នៅ​បឋម​សិក្សា​ ឬ​វិទ្យាល័យ​គឺ​លោក​រៀនបាន​និទ្ទេស​ល្អជា​បន្តបន្ទាប់ ហើយ​ក៏​មាន​គេ​និយាយ​ថា លោក​មិន​ចាំបាច់​រៀន​ក៏​បាន​ដែរ ព្រោះ​ឪពុក​ជា​នាយក​រដ្ឋមន្ត្រី ។

ចំពោះ​បញ្ហា​នេះ​លោក ហ៊ុន ម៉ា​ណែ​ត ​ស្នើ​សុំ​ឲ្យ​គេ​ទាំងអស់​គ្នា​ចាប់អារម្មណ៍​ថា លើ​ពិភពលោក​សព្វថ្ងៃ​នេះ ការ​ប្រគល់​ភារកិច្ច​ឲ្យ​អ្នក​វ័យក្មេង​ទាំង​យោធា ស៊ី​វិល​រួម​ទាំង​វិស័យ​ឯកជន​នោះ​ គឺ​មិន​មាន​អ្វី​ដែល​ជា​ភាព​មិន​ប្រក្រតី​នោះ​ទេ សំខាន់​នៅ​កម្ពុជា​យើង មេដឹកនាំ​កងទ័ព​ដែល​មាន​វ័យ​ចំណាស់​ គឺ​គាត់​បាន​ដឹកនាំ​រយៈ​ពេល​ជាង​២០​ឆ្នាំមក​ហើយ ហើយ​មាន​អ្នកខ្លះ​កាន់​តួនាទី​តាំងពី​អាយុ​ជាង​២០​ឆ្នាំ​មក​ម្ល៉េះ ។

​ដូច្នេះ​ការ​វាយតម្លៃ​ថា លោក​ឡើង​ឋានៈ​លឿន​ដោយសារ​តែ​កូន​នាយក​រដ្ឋមន្ត្រី​នោះ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ហើយ​សូម​ដក​កត្តា​នេះ​ចេញពី​ការ​វាយតម្លៃ ។ លោក ហ៊ុន ម៉ា​ណែ​ត សុំ​ឲ្យ​គ្រប់​គ្នា​ចាត់​ទុក​លោក​ជា​បុគ្គល​ម្នាក់ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ដំឡើង​ឋានៈ​តួនាទី៕