សមត្ថកិច្ចខេត្ត កំពង់ស្ពឺ ឃាត់ខ្លួន ថ្នាក់ដឹកនាំ សហជីពកម្មករ អាស៊ាន២រូប ប្រចាំរោងចក្រ អេនជេលស្វីតធើ

ភ្នំពេញ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ បានធ្វើការ ឃាត់ខ្លួន ថ្នាក់ដឹកនាំសហជីពកម្មករ អាស៊ាន២រូប ប្រចាំរោងចក្រអេនជេលស្វីតធើ ដែលមានទីតាំងស្ថិត នៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន។

ថ្នាក់ដឹកនាំទាំងពីររូបដែលឃាត់ខ្លួននោះរួមមាន លោក ផួង ផារី និងលោក អ៊ី ថារី ដែលបានរងការចាប់ខ្លួនពី សំណាកសមត្ថកិច្ចខេត្ត តាមបណ្តឹងរបស់ លោក សុខ រ៉ាវុធ អតីតមេកើយរបស់ខ្លួនពីបទក្លែង បន្លំឯកសារក្រោយពួកគេបានលាឈប់ពីថ្នាក់ដឹកនាំសហជីពសេរីពលករខ្មែរ មកចូលរួមជាមួយសហជីពកម្មករអាស៊ាន ។

លោក មាស សំណាង អនុប្រធានសហព័ន្ធសហជីពកម្មករអាស៊ាន បានចាត់ទុកការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពរបស់លោក ជាការរៀបចំឆាកល្ខោន ចោទប្រកាន់ទំលាក់កំហុស ក្នុងគោលបំណងបំបិទសិទ្ឋសេរីភាពសហជីព ដែលសហជីពរបស់លោក កំពុងទាមទារលក្ខខណ្ឌការងារមួយចំនួនឲ្យថៅកែរោងចក្រនេះគោរពតាមច្បាប់ស្តីពីការងារ។

លោកក៏បានសំណូមពរ ឲ្យសមត្ថកិច្ចពាក់ព័ន្ឋ ដោះលែងថ្នាក់ដឹកនាំសហជីពខាងលើឲ្យមានសេរីភាពវិញ ព្រោះពួកគេពុំបានប្រព្រឹត្តកហុសដូចការចោទប្រកាន់ឡើយ៕