លោកពូ​ទី​ន មាន​មោទនភាព​ចំពោះ​សកម្មភាព​លោក​នៅ​ស៊ី​រី

នា​ថ្ងៃ​ទី​២០ តុលា នៃ​អន្តរាគមន៍​យោធា​រុ​ស្ស៊ី នៅ​ស៊ី​រី លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អះអាង​ថា ត្រៀម​ឆ្លើយ​តប​ដោយ​សម​ស្រប និង​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ការ​គំរាមកំហែង​ភេរវកម្ម ព្រមទាំង​រាល់​ការ​គំរាមកំហែង​ណា​ក៏​ដោយ​ប្រឆាំង​ប្រទេស​យើង ។

លោកពូ​ទី​ន ថ្លែង​បែប​នេះ​កាលពី​ថ្ងៃ​ទី​២០ តុលា នៅ​មុខ​បណ្តា​អ្នក​ទទួលខុសត្រូវ​យោធា ប៉ូលិស តុលាការ និង​បណ្តា​ភ្នាក់ងារ​សម្ងាត់​នៅ​វិមាន​ក្រឹម​ឡាំង ។ ការ​អះអាង​បែប​នេះ​មាន​ន័យ​ថា រុ​ស្ស៊ី​សម្រេច​គោលដៅ​របស់​ខ្លួន​បង្ហាញ​ថា រុ​ស្ស៊ី​ជា​មហាអំណាច​ពិភពលោក​មួយ ដែល​តំបន់​ធ្វើ​សកម្មភាព​ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រប​ខណ្ឌ​តំបន់ ។

អន្តរាគមន៍​យោធា​រុ​ស្ស៊ី​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០ កញ្ញា មក ។ ក្នុង​បណ្តា​ថ្ងៃ​ដំបូង កង​យន្តហោះ​រុ​ស្ស៊ី​ចេញ​វាយប្រហារ​គិត​ជា​មធ្យម​១​ថ្ងៃ​១០​លើក រួច​ពេល​នេះ​ការ​វាយប្រហារ​បង្កើន​ពេល​ខ្លះ​ដល់​៦០​លើក ឬ​៨០​លើក ។ យោង​តាម​ប្រភព​ព័ត៌មាន​រុ​ស្ស៊ី​ថា​សរុប​កង​យន្តហោះ​រុ​ស្ស៊ី​បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​ជិត​៧០០​លើក​នៅ​ស៊ី​រី ដោយ​ធ្វើការ​វាយប្រហារ​៥០០​លើក ប្រឆាំង​បណ្តា​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។ ចំណែក​កង​ម៉ា​រី​ន​រុ​ស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​បណ្តែត​ចេញពី​បណ្តា​នាវាចម្បាំង​របស់​ខ្លួន​ពី​សមុទ្រ​កា​ស្ពី​យែ​ន​មក ។ កង​យន្តហោះ​រុ​ស្ស៊ី​ធ្វើការ​វាយប្រហារ​ដោយ​មានការ​សម្របសម្រួល​គ្នា​ជាមួយ​របប​លោក​បា​ចា អាល់​អាសា​ដ ។

ចំណែក​ប្រភព​ព័ត៌មាន​យោធា​ស្និទ្ធ​រដ្ឋាភិបាល​ស៊ី​រី​មួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ តុលា ថា ជនជាតិ​រុ​ស្ស៊ី​យ៉ាងតិច​៣​នាក់ ដែល​រួម​ដៃ​ប្រយុទ្ធ​ជាមួយ​កងទ័ព​ស៊ី​រី បាន​ត្រូវ​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស​កាលពី​យប់​ថ្ងៃ​ទី​១៩  តុលា ដោយសារ​គ្រាប់​ផ្លោង​១​គ្រាប់​ធ្លាក់​ចំ​ទីតាំង​ពួក​គេ​នៅ​ស៊ី​រី​ក្នុង​ខេត្ត​ឆ្នេរសមុទ្រ LATTAQUIE ។

នៅ​ក្រុង​មូ​ស្គូ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បាន​បដិសេធ​ព័ត៌មាន​នេះ ក្នុង​សេចក្តី​ប្រកាស​មួយ​ដោយ​អះអាង​ថា ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ក្នុង​ចំណោម​កង​ទាហាន​រុ​ស្ស៊ី​នៅ​រុ​ស្ស៊ី​ឡើយ​។

នៅ​ក្រុង​ដា​ម៉ាស់ ស្ថានទូត​រុ​ស្ស៊ី​និយាយ​ថា ពុំ​ទទួល​ព័ត៌មាន​អំពី​ការ​ស្លាប់​ទាហាន​ស៊ី​រី ដែល​ជួយ​ប្រយុទ្ធ​ខាង​កងទ័ព​រដ្ឋាភិបាល​ឡើយ ។ ស្ថានទូត​នេះ​ថ្លែង​ថា យើង​ពុំ​មាន​ព័ត៌មាន​អំពី​ការ​ស្លាប់​ជនជាតិ​រុ​ស្ស៊ី ឬ​យោធា​រុ​ស្ស៊ី​៣​នាក់​នៅ​ស៊ី​រី​ដូច​សេចក្តីរាយការណ៍​របស់​រ៉​យ​ទ័​រ​ឡើយ ៕