បារាំង​សង្ឃឹម​លក់​អាវុធ​មាន​ទឹកប្រាក់​2,5​ពាន់​លាន​អឺ​រ៉ូ​ឱ្យ​គុយ​វ៉ែត

បណ្តា​មជ្ឈដ្ឋាន​ការពារ​និយាយ​ថា ប្រទេស​បារាំង និង​គុយ​វ៉ែត​ត្រូវ​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​២១ តុលា លើ​កិច្ចព្រមព្រៀង​មួយ ព្រមទាំង​ឯកសារ​ឯទៀត​ៗ​ស្តី​ពី​កុងត្រា​នៃ​ការ​ទិញ​អាវុធ​សម្រាប់​កងទ័ពជើងគោក ជើង​អាកាស និង​ជើង​ទឹក​គុយ​វ៉ែត មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា​២,៥​ពាន់​លាន​អឺ​រ៉ូ ។

រាជាណាចក្រ​ប្រេងកាត​តូច​នេះ​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ដែល​នាយក​រដ្ឋមន្ត្រី​លោក JABER AL MOUBARAK AL AHMAD AL SABAH អម​ដោយ​គណៈប្រតិភូ​សំខាន់​មួយ​ស្ថិត​នៅ​ក្រុងប៉ារីស​សម្រាប់​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២០ និង​២១ តុលា នោះ ធ្លាប់​គូសបញ្ជាក់​កាលពី​ខែមិថុនា ពី​បំណង​របស់​ខ្លួន​ឱ្យ​ទទួល​បាន​ឧទ្ធម្ភាគចក្រ​ធុន​ធ្ងន់​ប្រភេទ CARACAL ២៤​គ្រឿង​មាន​ទឹកប្រាក់​១​ពាន់​លាន​អឺ​រ៉ូ ។

ឧទ្ធម្ភាគចក្រ​ធុន CARACAL ផលិត​ដោយ​ក្រុមហ៊ុន AIRBUS HELICOPTERS ជា​សាខា​របស់​ក្រុមហ៊ុន AIRBUS ផលិត​ជា​ពិសេស​សម្រាប់​បំពេញបេសកកម្ម​ជួយ​សង្គ្រោះ ពេល​មានការ​ប្រយុទ្ធ​គ្នា ព្រមទាំង​ដឹក​ជញ្ជូន​កងទ័ព​ទៅ​កាន់​ទី​ឆ្ងាយ​ៗ ។ ឧទ្ធម្ភាគចក្រ​ធុន​នេះ​មាន​ប្រព័ន្ធ​ពាស​ដែក និង​ប្រព័ន្ធ​ស្វ័យការពារ ដែល​រួម​មាន​រ៉ា​ដា​ចាប់​គ្រាប់​មី​ស៊ី​ល ។ កងទ័ព​បារាំង​មាន​ឧទ្ធម្ភាគចក្រ​ធុន​នេះ​១៩​គ្រឿង​ប្រើ​ជា​ពិសេស​ដោយ​កងកម្លាំង​ពិសេស ។

ក្រសួង​ការពារ​ប្រទេស​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២០ តុលា ថា ការ​ចរចា​គ្នា​ប្រព្រឹត្តទៅ​ដោយ​រលូន ។ ទស្សនកិច្ច​របស់​គណៈប្រតិភូ​គុយ​វ៉ែត​ជា​ឱកាស​ដែល​ជំរុញ​រឿង​នេះ​ដោយ​សង្ឃឹម​ចេញ​រួច​ក្នុង​បណ្តា​ស​ប្តា​ហ៍​ខាង​មុខ ។

ចំណែក​កុងត្រា​២​ទៀត​មាន​ទឹកប្រាក់​១,៥​ពាន់​លាន​អឺ​រ៉ូ ជា​កម្មវត្ថុ​នៃ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ទទួល​នានា​រវាង​បារាំង និង​គុយ​វ៉ែត នឹង​ត្រូវ​ចុះហត្ថលេខា​ក្នុង​ឱកាស​នៃ​ការ​ជួប​គ្នា​រវាង​នាយក​រដ្ឋមន្ត្រី​បារាំង លោក MANUEL VALL និង​សម​ភាគី​គុយ​វ៉ែត​នា​ថ្ងៃ​ទី​២១ តុលា ផ្តោត​លើ​ការ​ទិញ​បណ្តា​រថពាសដែក RENAULT TRACKS DEFENSE ព្រមទាំង​យន្តហោះ​ល្បាត P37 ៕