កងទ័ព​កូរ៉េ​ខាងត្បូង​នឹង​កាត់​បន្ថយ​ទាហាន​មក​នៅ​ត្រឹម​5​សែន​នាក់​រហូត​ដល់​ឆ្នាំ​2030​វិញ

យោង​តាម YONHAP ថា ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​២០ តុលា ក្រោម​អធិបតីភាព​របស់​នាយក​រដ្ឋមន្ត្រី លោក HWANG KYO AHN រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​អនុម័ត​លើ​ការ​កែទម្រង់​ច្បាប់​ទាក់ទិន​នឹង​ផែនការ​កាត់​បន្ថយ​ចំនួន​កង​ទាហាន​អចិន្ត្រៃយ៍​មក​នៅ​៥០០.០០០​នាក់ ត្រឹម​ឆ្នាំ​២០២០ ដោយ​ពន្យារពេល​កាត់​បន្ថយ​នេះ​រហូត​ដល់​ឆ្នាំ​២០៣០​វិញ ។

ដោយ​គិត​ទៅ​ដល់​ការ​គំរាមកំហែង​ជាប់​ជា​ប្រចាំ​របស់​កូរ៉េ​ខាងជើង និង​ការ​បង្កហេតុ​នានា​ផែនការ​កាត់​បន្ថយ​ចំនួន​ទាហាន​ត្រូវ​ពន្យារពេល​១០​ឆ្នាំ បើ​ប្រៀបធៀប​ទៅ​នឹង​កាលបរិច្ឆេទ​កំណត់​ដំបូង​ត្រឹម​ឆ្នាំ​២០២០ ។ ផែនការ​កាត់​បន្ថយ​ចំនួន​ទាហាន​កូរ៉េ​ខាងត្បូង​មក​នៅ​ត្រឹម​៥០០.០០០​នាក់ ត្រូវ​បាន​អនុម័ត​សម័យកាល​នៃ​ការ​កាន់​អំណាច​របស់​ប្រធានាធិបតី លោក ROH MOO HYUN (២០០៣-២០០៨)  ក្រោម​រូបភាព​នៃ​ផែនការ​មួយ​ហៅ​ការ​កែទម្រង់​ខាង​កិច្ច​ការពារ​ជាតិ ។

ទោះបី​យ៉ាងណា ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង បន្ទាប់​មក​រាយការណ៍​ពី​ផែនការ​កាត់​បន្ថយ​ចំនួន​កង​ទាហាន​មក​នៅ​ត្រឹម​៥២២.០០០​នាក់ រហូត​ដល់​ឆ្នាំ​២០២២ ។ បច្ចុប្បន្ន​កង​ទាហាន​កូរ៉េ​ខាងត្បូង​មាន​ដល់​៦៣០.០០០​នាក់ ៕