Jack Ma ត្រូវបានតែងតាំង ជាទីប្រឹក្សាសេដ្ឋកិច្ច ផ្ទាល់របស់នាយករដ្ឋមន្ត្រី នៃប្រទេសអង់គ្លេស

អង់គ្លេស៖ វាជារឿងដ៏គួរឲ្យ ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីអ្នកជំនួញ និងមហាសេដ្ឋីជនជាតិចិន ដ៏ល្បីគឺលោក Jack Ma ត្រូវបានលោកនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស សម្រេចតែងតាំងជា ទីប្រឹក្សាសេដ្ឋកិច្ច នាពេលថ្មីៗនេះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា សេចក្តីសម្រេចនេះ ត្រូវបានប្រកាសក្រោយពីលោក Xi Jinping ប្រធានាធិបតីរបស់ប្រទេស ចិន បានបញ្ចប់ដំណើរទស្សនកិច្ច ជាផ្លូវការក្នុងរយៈពេល ៤ថ្ងៃ នៅឯប្រទេស អង់គ្លេស រួចមក ដោយក្នុងនោះ លោកនាយករដ្ឋមន្ត្រី David Cameron បានប្រកាសតែងតាំង លោក Jack Ma អគ្គនាយកនៃក្រុមហ៊ុន Alibaba  និងជាអ្នកជំនួញ ដ៏ឆ្នើមប្រចាំប្រទេសចិន មកធ្វើជាទីប្រឹក្សាផ្ទាល់ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច។

ស្ត្រីអ្នកនាំពាក្យ ឲ្យលោកនាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស បានប្រាប់អ្នកកាសែតថា លោក David Cameron និងលោក Jack ma នឹងមានជំនួបរវាងគ្នា ក្នុងពេលឆាប់ៗនេះ មុននឹងការជួបប្រជុំ ជាមួយនឹងក្រុមប្រឹក្សាយោបល់ ផ្នែកសេដ្ឋកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីរូបនេះ ឈានមកដល់។

Jack Ma ត្រូវបានតែងតាំង ជាទីប្រឹក្សាសេដ្ឋកិច្ច ផ្ទាល់របស់នាយករដ្ឋមន្ត្រី នៃប្រទេសអង់គ្លេស
Jack Ma អគ្គនាយកក្រុមហ៊ុន Alibaba និងជាមហាសេដ្ឋី ដ៏ល្បីរបស់ប្រទេស ចិន

ក្នុងនោះដែរ គេក៏នឹងរំពឹងទុកថា លោក Jack Ma មហាសេដ្ឋីជនជាតិចិន រូបនេះនឹងអាច ជួយផ្តល់យោបល់ អំពីរបៀបក្នុងការ បង្កើតនូវមុខជំនួញ ខ្នាតតូច និងមធ្យម របស់អង់គ្លេស ដើម្បីអាចជំរុញ ផលិតផលនាំចេញ ក្រៅស្រុកឲ្យកាន់តែខ្លាំង និងអាចជ្រៀតចូលក្នុងទីផ្សារ របស់ប្រទេសចិន តាមរយៈវិធីផ្សេងៗ ជាច្រើនទៀត ដូចទៅនឹងអ្វីដែលក្រុមហ៊ុន Alibaba ធ្លាប់ធ្វើរួច ទៅហើយនោះ។

ក៏គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី នៃប្រទេសចិន គឺលោក Xi Jinping មកកាន់ប្រទេស អង់គ្លេស នេះគឺមានគោលបំណង ក្នុងការបង្កើននូវ ចំណងសេដ្ឋកិច្ច រវាងប្រទេស ទាំង២ ឲ្យកាន់តែខ្លាំងថែមទៀត។ ស្របពេលដែល លោក David Cameron និងរដ្ឋមន្ត្រីផ្នែក ហិរញ្ញវត្ថុ គឺលោក Geroge Osborne ជឿជាក់ថា ការរឹតចំណងកាន់តែខ្លាំង ជាមួយនឹងប្រទេសចិន ដែលជាប្រទេស មានសក្តានុពលផ្នែកសេដ្ឋកិច្ច ធំបំផុតលំដាប់ទី២ ក្នុងពិភពលោក គឺនឹងអាច ជួយជំរុញឲ្យវិស័យសេដ្ឋកិច្ច របស់ប្រទេសអង់គ្លេស មានការកើនឡើង ជាលំដាប់នាពេល អនាគត៕

Jack Ma ត្រូវបានតែងតាំង ជាទីប្រឹក្សាសេដ្ឋកិច្ច ផ្ទាល់របស់នាយករដ្ឋមន្ត្រី នៃប្រទេសអង់គ្លេស
លោក David Cameron នាយករដ្ឋមន្ត្រី នៃប្រទេស អង់គ្លេស

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត