ក្មេង​ប្រុស​​​អាយុ៩ឆ្នាំរត់​​ឆ្លង​ផ្លូវ​​ត្រូវ​រថយន្ត​បុក​សន្លប់​ធ្ងន់​​

​ខេត្ត​បន្ទាយមានជ័យ ៖ ​ក្មេង​ប្រុស​ម្នាក់​​​រង​របួស​ធ្ងន់​ ​ខណៈ​ពេល​​រត់​ឆ្លង​​ថ្ន​ល់​ត្រូវ​រថយន្ត​បុក​កាល​ពី​​វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​​ តុលា​​ ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​បង្គោល​ភ្លើង​០២៩៣ ស្ថិត​ក្នុងភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ​។

​មន្ត្រី​នគរបាល​ស្រុ​កព្រះនេត្រព្រះ ​បាន​ឲ្យ​ដឹង​ថា​ ​ក្មេង​​ប្រុស​រង​គ្រោះ​ឈ្មោះ​ ប៉ូ ​ជា​សិញ ​​អាយុ​៩​ឆ្នាំ ​រស់នៅ​​ក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ។ ​ចំណែក​អ្នកបើកបរ​រថយន្ត ​ឈ្មោះ រី វី ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ ​រស់នៅ​​ក្នុង​ភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ​​ក្រុង​ឧត្តរមានជ័យ ខេត្ត​ឧត្តរមានជ័យ ​​ជា​អ្នក​បើក​​រថយន្ត​ម៉ាក​កា​ម​រី​ឆ្លាម ពណ៌ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ2U-0171 ។

​​ប្រភព​ដដែល​ បាន​បញ្ជាក់​ថា​ ​តាម​សាក្សី​ឃើញ​ហេតុការណ៍​​និយាយ​ថា ​​​មុន​កើតហេតុ ​គេ​ឃើញ​រថយន្ត​​បើក​​​ពី​លិចទៅ​កើត ​លុះ​​មក​​ដល់​ចំណុច​កើតហេតុ​​ក៏បុក​ក្មេង​ប្រុស​​​ខាង​លើ​ដែល​រត់​ឆ្លងថ្នល់​​​បណ្តាល​ឲ្យ​រង​របួសធ្ងន់​តែម្តង ។​

​​ក្រោយ​កើតហេតុ ​​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ចំណែក​អ្នកបើកបរ និង​រថយន្ត​បង្ក​​ត្រូវ​បាន​​សមត្ថកិច្ច​នាំ​​មក​អធិការដ្ឋាន​នគរបាល​ស្រុ​ក​ព្រះនេត្រព្រះ ​ដើម្បី​​រង់​ចាំ​ការ​ដោះស្រាយ​​​តាម​ច្បាប់ ​៕