ជី​ប្រ៊ី​ល ស៊ី​ស​សេ ប្រកាស​ចូល​និវត្តន៍​ទាំង​ទឹកភ្នែក

ជី​ប្រ៊ី​ល ស៊ី​ស​សេ អតីត​ខ្សែប្រយុទ្ធ​ក្លិប Liverpool បាន​ប្រកាស​ចូល​និវត្តន៍​ក្នុង​អាយុ​៣៤​ឆ្នាំ​ទាំង​ទឹកភ្នែក​រលីងរលោង​តាម​រយៈ​ស្ថានីយទូរទស្សន៍ និង​ត្រូវ​បាន​លោក​ហ្គី រុក អតីត​គ្រូបង្វឹក​Auxerre កោតសរសើរ​ថា តាំងពី​ក្មេង​រូបគេ​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​លើ​បាល់ទាត់ និង​លេង​បាន​ល្អ ។ សេចក្ដី​ប្រកាស​របស់​កីឡាករ​រូប​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​សាមីខ្លួន​នៅ​មិន​ទាន់់​មាន​ក្លិប​ថ្មី​ចាប់តាំងពី​ក្លិប Bastia ក្នុង​លី​ក​កំពូល​របស់​បារាំង​បណ្ដោយ​ឱ្យ​ចាកចេញ​កាលពី​រដូវ​កាល​កន្លង​មក ។

តាម​ជីវប្រវត្តិ​របស់​កីឡាករ​ស៊ី​ស​សេ បាន​បង្ហាញ​ថា ធ្លាប់​ឆ្លងកាត់​លេង​ឱ្យ​ក្លិប​ចំនួន​១២ រួម​ទាំង​ក្លិប​Marseille ចំនួន​២​រដូវ​កាល ប៉ុន្តែ​កីឡាករ​រូប​នេះ ទទួល​ជោគជ័យ​នៅ​ក្នុង​អាជីព​នៅ​ពេល​លេង​ឱ្យ​ក្លិប​Liverpool ក្នុង​រវាង​ពី​ឆ្នាំ​២០០៤ ដល់​២០០៧ ដោយ​ជួយ​ក្លិប​ឱ្យ​ដណ្ដើម​បាន​ជើងឯក FA Cup, UEFA CHAMPIONS LEAGUE  និង UEFA SUPER CUP និង​ស៊ុត​បញ្ចូល​ទី​សរុប​ចំនួន​២៤​គ្រាប់​នៅ​គ្រប់​កម្មវិធី ។

ជា​អកុសល​ក្នុង​រដូវ​កាល​២០១៤-២០១៥ ជា​អំឡុង​ពេល​លេង​ឱ្យ​ក្លិប​Bastia ស៊ី​ស​សេ​បែរជា​មិន​អាច​ស៊ុត​បញ្ចូល​ទី​សូ​ម្បី​តែ​មួយ​គ្រាប់​ទើប​គេ​ឈប់​ប្រឡូក​ក្នុង​អាជីព ៕