ឯម សុធី និង​ចាន់ សំអាត ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍​ទី​២៤ តុលា ខាង​មុខ​នេះ កីឡាករ​ឯម សុធី មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យុគ​ថង ពី​ន​ស៊ី​ន​ឆៃ ក្នុង​ប្រភេទ​ទម្ងន់​៥៣​គីឡូក្រាម និង​កីឡាករ​ចាន់ សំអាត មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ជួប ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ណា​ម​ឃេ​ត ប៉​ប្លា​សុរិន្ទ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

ឯម សុធី គឺជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ធ្លាប់​មានមុខ​ប្រកួត​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ម្ដងណា​ឡើយ ។ លើក​នេះ​ត្រូវ​បាន​លោក​ម៉ា សេរី រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ លោក​ម៉ា សេរី អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​បាន​អះអាង​ថា យុគ​ថង ពី​ន​ស៊ី​ន​ឆៃ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ ។ គេ​មាន​ផ្លែ​កែង និង​ជង្គង់​ល្អ ចិត្ត​ក៏​សឿង​ទៀត​។ ចំណែកឯ​ម សុធី មួយ​រយៈ​មកនេះ​មិនសូវ​ឃើញ​លេចមុខ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន មិនដឹង​ថា ថ្វីដៃ​ប្រកួត​នៅ​ខ្លាំង​ដូច​មុន​ឬ​យ៉ាងណា​។ ទោះជា​យ៉ាងណា អ្នកគាំទ្រ​មួយ​ចំនួន​ធំ​នៅ​តែ​មានការ​ជឿជាក់​លើ​កីឡាករ​រូប​នេះ​ថា​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ​ដោយសារ​ឯម សុធី មាន​ស្នៀតគុន​ល្អ​មិន​អន់​ជាង​ថៃ​នោះ​ទេ ។ តាម​ពិត​អ្នក​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​យុគ​ថង ពី​ន​ស៊ី​ន​ឆៃ គឺជា សែន រ៉ា​ដេ​ត ក្លិប​អប្សរា​គុន​ខ្មែរ​ឯណោះ​ទេ ប៉ុន្តែ​ក្រោយមក​បាន​ផ្លាស់​ប្ដូរ​ដាក់​ឯម សុធី ឱ្យ​ប្រកួត​ជំនួស​ដោយសារ​សែន រ៉ា​ដេ​ត មាន​បញ្ហា​ផ្នែក​សុខភាព ។

មួយគូ​អន្តរជាតិ​ទៀត កីឡាករ​ចាន់ សំអាត ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ណា​ម​ឃេ​ត ប៉​ប្លា​សុរិន្ទ ។ តាម​ពិត ចាន់ សំអាត គឺជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដោយ​គ្រាន់តែ​មួយ​រយៈ​មកនេះ​មិនឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន ។ ម្យ៉ាងវិញទៀត​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​កីឡាករ​មិន​ធ្លាប់​ស្គាល់​ប្រវត្តិ​គ្នា​ទាំង​ពីរ​ជួប​គ្នា ។ ដូច្នេះ​គូ​នេះ​បើ​ចង់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ទាល់តែ​ដល់​ថ្ងៃ​ប្រកួត​គ្នា​ទើប​អាច​ដឹង​បាន ។

ដោយឡែក​សម្រាប់​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន កីឡាករ​រិ​ទ្ធ អា​រុណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ កីឡាករ​ភុំ ផល្លែ​ត មក​ពី​ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ និង​កីឡាករ​ភិន សុទី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ កីឡាករ​គង់ វិចិត្រ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕