រុ​ស្ស៊ី និង​អា​​មេ​រិ​ក​ចុះ​កិច្ចព្រមព្រៀង​ចៀសវាង​ឧប្បត្តិហេតុ​យន្តហោះ​លើ​ដែនអាកាស​ស៊ី​រី ខណៈ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​ស្លាប់​370​នាក់

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ តុលា ពី​ការ​ចុះហត្ថលេខា​ដោយ​សហរដ្ឋ​អាមេ​រិ​ក និង​រុ​ស្ស៊ី​លើ​ពិធីសារ​នៃ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​សន្តិសុខ​នៃ​ប្រតិបត្តិការ​តាម​អាកាស​នៅ​ស៊ី​រី ខណៈ​ប្រទេស​ទាំង​២​ធ្វើការ​វាយប្រហារ​តាម​អាកាស​ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​ប្រទេស​នេះ ។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក PETER COOK ក្នុង​សន្និសីទ​សារព័ត៌មាន​នាទី​ក្រុង​វ៉ា​ស៊ី​ន​តោន​ថ្លែង​ថា អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ប្រទេស​អា​​មេ​រិ​ក និង​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​នៃ​កិច្ចព្រមព្រៀង​ដែល​ទាក់ទិន​នឹង​វិធានការ​នានា ដែល​ត្រូវ​អនុវត្ត​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ឧប្បត្តិហេតុ​រវាង​កង​យន្តហោះ​របស់​ក្រុមចម្រុះ និង​កង​យន្តហោះ​រុ​ស្ស៊ី​ក្នុង​ដែនអាកាស​ស៊ី​រី ។

យោង​តាម​លោក COOK ថា ពិធីសារ​សន្តិសុខ​ពិសេស​នេះ​ត្រូវ​បាន​រៀបរៀង​សម្រាប់​ក្រុម​អាកាសយានិក​របស់​ភាគី​ទាំង​២ ក្នុង​នោះ​រួម​មានការ​ប្រើ​ហ្វ្រេ​កង់​ទាក់ទង​គ្នា ពិសេស និង​បង្កើត​ការ​ទាក់ទង​គ្នា​នៅ​លើ​ដី ។ កងទ័ព​អា​មេ​រិ​ក និង​រុ​ស្ស៊ី​ក៏​នឹង​បង្កើត​ផង​ដែរ ​នូវ​ក្រុមការងារ​មួយ ដើម្បី​ពិភាក្សា​ពី​បណ្តា​បញ្ហា​ដែល​នឹង​កើត​មាន​ឡើង ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ។

ប្រទេស​ទាំង​២​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​១០​ថ្ងៃ បន្ទាប់​ពី​ឧប្បត្តិហេតុ​មួយ ដែល​បណ្តា​យន្តហោះ​អា​មេ​រិ​ក និង​យន្តហោះ​រុ​ស្ស៊ី​ស្ថិត​នៅ​កៀក​គ្នា​អាច​មើលឃើញ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ឱកាស​នៃ​បេសកកម្ម​មួយ ។

នៅ​លើ​ទីលាន​វិញ ពលរដ្ឋ​ស៊ី​រី​ជា​ច្រើន​សិប​ពាន់​នាក់​បាន​រត់​ភៀសខ្លួន​ប្រឈម​មុខ​នឹង​ការ​វាយលុក​របស់​កងទ័ព​ស៊ី​រី គាំទ្រ​ដោយ​កង​យន្តហោះ​រុ​ស្ស៊ី​ដែល​ក្នុង​ការ​វាយប្រហារ​ជិត​៦០០​លើក រយៈពេល​៣​ស​ប្តា​ហ៍​សម្លាប់​មនុស្ស​៣៧០​នាក់ ភាគច្រើន​ជា​ពួក​ឧទ្ទាម ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា មនុស្ស​១០០.០០០​នាក់​កាលពី​ថ្ងៃ​ទី​២០ តុលា បាន​រត់​ភៀសខ្លួន​ចេញពី​ការ​វាយលុក​របស់​កងទ័ព​ស៊ី​រី​នៅ​ខេត្ត​ហា​ម៉ា អា​ឡែ​ប និង LATTAQUIE ។ នៅ​ខេត្ត​អា​ឡែ​ប មនុស្ស​ប្រមាណ​៣៥.០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​មូលដ្ឋាន HADER និង ZERBE ភាគ​និរតី​ក្រុង​អា​ឡែ​ប ដោយសារ​ការ​វាយលុក​របស់​រដ្ឋាភិបាល​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។

នៅ​ខេត្ត​អា​ឡែ​ប ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ស្ទើរ​ទាំងស្រុង ដោយ​ពួក​ឧទ្ទាម​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី និង​ពួក​សម្ព័ន្ធមិត្ត​អ៊ិ​ស្លា​ម​និយម ឬ​ក៏​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​ការ​វាយលុក​របស់​កងទ័ព​រដ្ឋាភិបាល បើ​តាម OSDH ថា អាច​ដណ្តើម​យក​បាន​ភូមិ​៥ តែ​កាសែត AL WATAN ស្និទ្ធ​របប​ស៊ី​រី​អះអាង​ថា កងទ័ព​ដណ្តើម​យក​បាន​ភូមិ​១៦ និង​កូនភ្នំ​៧ ។ យោង​តាម​កាសែត​នេះ​ថា ប្រតិបត្តិការ​វាយលុក​នឹង​កែប្រែ​ស្ថានភាព​ជម្លោះ​ក្នុង​តំបន់​នេះ​ដោយ​កាត់​ផ្តាច់​ខ្សែ​បញ្ជូន​កម្លាំង​បន្ថែម​របស់​ពួក​ឧទ្ទាម​រវាង​ភាគ​ខាងត្បូង​ខេត្ត​អា​ឡែ​ប និង​ភាគ​ខាងកើត​ខេត្ត​អុ​ី​ដ​លី​ប ហើយដោយ​ដណ្តើម​កាន់កាប់​ផ្លូវថ្នល់​យុទ្ធសាស្ត្រ​អា​ឡែ​ប​- ហា​ម៉ា៕