ព្យុះ​ទី​ហ្វុ​ង KOPPU នៅ​ហ្វ៊ី​លី​ពី​ន​អ្នក​ស្លាប់​ឡើង​47​នាក់

សភាពការណ៍​មានការ​កែ​លម្អ​វិញ ក៏​ប៉ុន្តែ​តុល្យការ​នៃ​ការ​បាត់បង់​ជីវិត​មនុស្ស​ឡើង​ខ្ពស់ ក្រោយ​ការ​បោកបក់​របស់​ព្យុះ​ទី​ហ្វុ​ង KOPPU លើ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

យោង​តាម​តុល្យការ​ថ្មី​ថា ព្យុះ KOPPU ដែល​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ញ៉ាំង​ឱ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ និង​ការ​បាក់​ដី​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៤៧​នាក់ ហើយ គិត​មក​ដល់​ថ្ងៃ​ទី​២១ តុលា នៅ​ភាគ​ខាងជើង​ហ្វ៊ី​លី​ពី​ន ។ មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់​នៅ​តែ​ភៀសខ្លួន​ទៅ​កាន់​បណ្តា​ជំរំ​បណ្តោះអាសន្ន ។ ព្យុះ​នេះ​ដែល​នា​ថ្ងៃ​ទី​១៨ តុលា វាយប្រហារ​លើ​តំបន់ឆ្នេរ​សមុទ្រ​ខាងកើត​នៃ​កោះ​លូ​ហ្សុ​ង​ជា​កោះ​សំខាន់​របស់​ប្រទេស អម​ដោយ​កម្លាំង​ខ្យល់​ក្នុង​ល្បឿន​២១០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង ។ វា​បង្ក​ឱ្យ​មាន​ទឹកជំនន់​ក្នុង​តំបន់​វាលរាប​កសិកម្ម​ដ៏​ធំ​ល្វឹងល្វើយ ស្ថិត​នៅ​ភាគ​ខាងជើង​ក្រុង​ម៉ានីល ដែល​នៅ​តំបន់​នេះ​ភោគផល​ដំណាំ​រង​ការ​បំផ្លាញ ឬ​ត្រូវ​ទឹក​លិច ។

ព្យុះ​នេះ​ដែល​ប្រែ​ក្លាយជា​ព្យុះ​ត្រូ​ពី​កាល់​បាន​ចាក​ចេញពី​កោះ​លូ​ហ្សុ​ង ហើយ​កាលពី​ថ្ងៃ​ទី​២១ តុលា ។ មនុស្ស​១៧​នាក់​ស្លាប់ ក្នុង​តំបន់កសិកម្ម​កោះ​លូ​ហ្សុ​ង ។ ភូមិ​ជាង​៣០០​ត្រូវ​ទឹក​ជន់​លិច ។ មនុស្ស​១៦​នាក់​ស្លាប់ ក្នុង​តំបន់​ភ្នំ​ដែល​មានការ​បាក់​ដី ហើយ​មនុស្ស​១៤​នាក់​ទៀត​ស្លាប់​ក្នុង​តំបន់​ឯទៀត​ៗ ៕