ពួក​អន្តោប្រវេសន៍​ច្រើន​ពាន់​នាក់​សម្រុកចូល​ស្លូ​វេ​នី

ប្រទេស​ស្លូ​វេ​នី​ជា​ប្រទេស​តូច​មួយ​ក្នុង​ចំណោម​ប្រទេស​តូច​ៗ​នៅ​អឺរ៉ុប ពេល​នេះ​ដល់​វេន​ប្រឈម​មុខ​នឹង​ការ​មក​ដល់​របស់​ពួក​អន្តោប្រវេសន៍​ជា​ច្រើន​ពាន់​នាក់ មុន​ពេល​រលក​ថ្មី​នៃ​ជនអន្តោប្រវេសន៍​មក​ដល់​ទៀត​ពី​ប្រទេស​តួ​ក​គី​។

សភា​ស្លូ​វេ​នី​បាន​អនុម័ត​ផ្តល់​អំណាច​ថ្មី​ដល់​កងទ័ព​ឱ្យ​លើក​មក​ជួយ​ប៉ូលិស ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​សម្រុក​មក​របស់​ពួក​អន្តោប្រវេសន៍​នៅ​តាម​ព្រំដែន ហើយ​ស្នើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប ក្នុង​ឱកាស​នៃ​សម័យប្រជុំ​វិសាមញ្ញ​មួយ ដែល​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២១ តុលា ។

នៅ​ចុង​ទាំង​២​នៃ​ផ្លូវថ្នល់​ឆ្ពោះទៅ​កាន់​អឺរ៉ុប​ខាងលិច សភាពការណ៍​ជិត​ដល់​លែង​គ្រប់គ្រង​បាន ។ ប្រទេស​ក្រិ​ក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ប្រឈម​នឹង​ការ​សម្រុកចូល​របស់​ពួក​អន្តោប្រវេសន៍​យ៉ាងច្រើន ចំណែក​ប្រទេស​ស្លូ​វេ​នី​និយាយ​ថា ការ​សម្រុកចូល​របស់​ពួក​អន្តោប្រវេសន៍​ឆ្លងកាត់​ព្រំដែន​មាន​ច្រើន​ខ្លាំង​ណាស់ ។

រដ្ឋាភិបាល​ស្លូ​វេ​នី ខណៈ​ជនអន្តោប្រវេសន៍​ដល់​ទៅ​ជិត​១៩.៥០០​នាក់​សម្រុកចូល​ដែនដី​ខ្លួន​ចាប់តាំងពី​ថ្ងៃ​ទី​១៧ តុលា មក បាន​អំពាវនាវ​ឱ្យ​មានការ​ជួយ​ទ្រទ្រង់​របស់​សហភាព​អឺរ៉ុប ដែល​កំពុង​ជួប​ការ​លំបាក​ស្រាប់ ដើម្បី​ប្រឈម​មុខ​នឹង​សភាពការណ៍​នេះ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។

បន្ទាប់​ពី​ប្រទេស​ហុង​គ្រី​បិទ​ព្រំដែន​ជាមួយ​ក្រូ​អាស៊ី​ពួក​អន្តោប្រវេសន៍ ពេល​នេះ​ងាក​មក​សម្រុកចូល​ស្លូ​វេ​នី ជា​ប្រទេស​តូច​មួយ​មាន​ប្រជាជន​២​លាន​នាក់ ដែល​សម្រេច​ហៅរក​ជំនួយ​របស់​កងទ័ព​ឱ្យ​ជួយ​ទប់​ការ​ហូរ​ចូល​យ៉ាង​គំហុក​បែប​នេះ ។ រដ្ឋាភិបាល​ប្រទេស​នេះ​ប្រកាស​អាសន្ន​ថា ការ​ហូរ​ចូល​របស់​ពួក​អន្តោប្រវេសន៍​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​ហួស​ពី​លទ្ធភាព​របស់​យើង​ហើយ ៕