ស្ពាន​ជ្រោយចង្វារ ផ្អាក​ការធ្វើ​ចរាចរណ៍ ចាប់ពី​ម៉ោង ៤ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២២​តុលា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ បានប្រកាស​ជូនដំណឹង​ពី​ការផ្អាក​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ( ស្ពាន​ជ្រោយចង្វារ ) និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ( ស្ពាន​ជ្រោយចង្វារ​ទី​២ ) នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ចាប់ពី​វេលា​ម៉ោង ៤ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ ជា​បណ្តោះអាសន្ន​។ ការផ្អាក​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​នោះ គឺ​ដើម្បី​ប្រារព្ធ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ ក្រោម​អធិបតីភាព​សម្តេច​ហ៊ុនសែន និង​សម្តេច​ភរិយា​។​

​សេចក្តីជូនដំណឹង​រប​ស់​សាលា​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់ថា ការធ្វើ​ចរាចរណ៍​ចេញចូល​រាជធានី​ភ្នំពេញ ត្រូវបាន​បង្វែ​ទិស​តាមតម្រាយ​ផ្លូវ​ដូចខាងក្រោម​៖ ចេញចូល​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៦ ត្រូវធ្វើ​ចរាចរណ៍​កាត់​តាម​ស្ពាន​ឧកញ៉ា លី​យ៉ុង​ផាត់ ឡើងមក​ផ្លូវជាតិ​លេខ​៥ ផ្លូវ​ទំនប់​កប់​ស្រូវ វិថី​ហាណូយ​។ ចរាចរណ៍​ពី​ទិស​ខាងលិច ទៅ​កើត ឆ្លងស្ពាន​ជ្រោយចង្វារ ត្រូវ​បង្វែ​ទិស​ទៅតាម​ផ្លូវជាតិ​លេខ​៥ ឡើង​ស្ពាន​ឧកញ៉ា លី​យ៉ុង​ផាត់​។ ក្នុងករណី មានការ​កកស្ទះ​ចរាចរណ៍ នៅលើ​ផ្លូវជាតិ​លេខ​៥ ចរាចរណ៍​ពី​ទិស​ខាងជើង ចូល​រាជធានី​ភ្នំពេញ ត្រូវ​បង្វែ​ទិសដៅ​តាមផ្លូវ​ទំ​បន់​កប់​ស្រូវ វិថី​ហាណូយ​វិញ​។​

​សាលា​រាជធានី​ភ្នំពេញ ក៏បាន​​គូសបញ្ជាក់ថា ការធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ឧកញ៉ា លី​យ៉ុង​ផាត់ ក្នុងឱកាស​ខាងលើ ( នៅ​ព្រឹក​ថ្ងៃទី​២២​តុលា ) មិនមាន​ការបង់ប្រាក់​ឡើយ​។

​សូមបញ្ជាក់ថា ស្ពាន​ជ្រោយចង្វារ​ទី​២ ឬ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​ភរិយា​។

ស្ពាន​ជ្រោយចង្វា​ទី​ពីរ មាន​ប្រវែង ៧១៩​ម៉ែត្រ និង​ទទឹង ១៣,៥​ម៉ែត្រ បាន​ដំណើរការ​សាងសង់ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១១ តាម​គម្រោង​ត្រូវ​ចំណាយ​ថវិកា​អស់ ២៧,៥ លាន​ដុល្លារ ដែលជា​ឥណទាន​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​។ ឯ​ការសាងសង់ គឺ​ក្រុមហ៊ុន​សាជីវកម្ម ស្ពាន​ថ្នល់ របស់​ប្រទេស​ចិន​។ ការសាងសង់​ស្ពាន​នេះ មាន​ទាំង​អ្នកបច្ចេកទេស​ចិន និង​កម្ពុជា រួមគ្នា​ដោយ​អ្នកបច្ចេកទេស​ចិន បាន​ផ្ទេរ​បច្ចេកវិជ្ជា ឱ្យ​វិស្វករ​កម្ពុជា​មានបទពិសោធន៍ ក្នុងការ​សាងសង់​សម្រាប់​អនាគត​ផងដែរ​។​

​ស្ពាន​ជ្រោយចង្វារ​ទី​ពីរ បាន​សាងសង់​រយៈពេល ៣៦​ខែ បាន​ត្រូវ​បញ្ចប់ កាលពី​ចុងឆ្នាំ​២០១៤ រួច​ដាក់ឱ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។​

​ពិធីសម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ជ្រោយចង្វា​រទី​ពីរ នាព្រឹកថ្ងៃទី២២តុលា ក៏នឹង​មាន​​ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ​​រង្វង់​មូល​ត្រើយ​ខាងកើត និង​រង្វង់​មូល​ត្រើយ​ខាងលិច ផងដែរ​៕

ស្ពាន​ជ្រោយចង្វារ ផ្អាក​ការធ្វើ​ចរាចរណ៍ ចាប់ពី​ម៉ោង ៤ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២២​តុលា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​

ស្ពាន​ជ្រោយចង្វារ ផ្អាក​ការធ្វើ​ចរាចរណ៍ ចាប់ពី​ម៉ោង ៤ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២២​តុលា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​

ស្ពាន​ជ្រោយចង្វារ ផ្អាក​ការធ្វើ​ចរាចរណ៍ ចាប់ពី​ម៉ោង ៤ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២២​តុលា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​