សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​បង្កើត​សហគមន៍​កសិកម្ម​គាំទ្រ​កសិករ​ខ្នាត​តូច

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម បារម្ភ​ថា បញ្ហា​ចោទ​របស់​កសិករ​ខ្នាត​តូច នឹង​បន្ត​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​សហគមន៍​កសិកម្ម​គាំទ្រ​ដល់​កសិករ​ខ្នាត​តូច ដើម្បី​ធានា​ទីផ្សារ​ផលិតផល​កសិកម្ម និង​បង្កើន​ផលិតកម្ម​ស្បៀង​អាហារ​កម្ពុជា ឲ្យ​មាន​និរន្តរភាព។

សង្គម​ស៊ីវិល ចង់​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត គាំទ្រ​សហគមន៍​កសិកម្ម​ដែល​មាន​ស្រាប់ ពិសេស​បន្ត​បង្កើត​សហគមន៍​កសិកម្ម​ជូន​កសិករ​ខ្នាត​តូច ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដែល​ជា​សសរ​ស្ដម្ភ​ទី​មួយ និង​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​មួយ​នេះ។

ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី​ការ​ឆ្លុះ​បញ្ចាំង​លើ​យុទ្ធសាស្ត្រ​គាំទ្រ​គ្រួសារ​កសិករ ដែល​មាន​ដីធ្លី​តូចតាច រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា។ សិក្ខាសាលា​នេះ មាន​បំណង​ជជែក​ពិភាក្សា​គោល​នយោបាយ​ដែល​ទាក់ទង​ទៅ​នឹង​គោល​នយោបាយ​កសិកម្ម សម្រាប់​គ្រួសារ​កសិករ​មាន​ដីធ្លី​តូចតាច។

នាយក​ប្រតិបត្តិ​នៃ​វេទិកា​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា បាន​លើក​ឡើង​ដែរ​ថា កសិករ​ខ្នាត​តូច​នៅ​កម្ពុជា ប្រឈម​បញ្ហា​ជាច្រើន​ក្នុង​វិស័យ​កសិកម្ម ដូចជា តម្លៃ​កសិផល​កសិកម្ម​ទាប ទុន ការ​ចំណាយ​លើ​ធាតុ​ចូល​កសិកម្ម​ខ្ពស់ គោល​នយោបាយ ភាព​ខ្វះខាត​នៅ​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម កំពុង​ក្លាយ​ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​កសិករ​ខ្នាត​តូច មិន​ចង់​បន្ត​ការងារ​កសិកម្ម។ ជាង​នេះ​ទៀត លោក​បន្ត​ថា ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ ឬ​គោល​នយោបាយ​លើក​ស្ទួយ​វិស័យ​នេះ​ក្តី ក៏​គោល​នយោបាយ​នៅ​តែ​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ លោក​ថា ការ​លើក​ទឹក​ចិត្ត​តាម​រយៈ​សហគមន៍​កសិកម្ម ជា​កត្តា​សមស្រប​ជួយ​សម្រួល​ដល់​កសិករ​ក្នុង​ការ​ពង្រឹង​លទ្ធភាព​ផលិត ឈាន​ទៅ​ប្រកួត​ប្រជែង​ទីផ្សារ​អាស៊ាន៖ «ការ​កៀរគរ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​ទៅ​ដល់​សហគមន៍​ដែល​គាត់​មាន​ស្រាប់ មាន​ន័យ​ថា មាន​រចនាសម្ព័ន្ធ​ហើយ​ស្រាប់​ហ្នឹង គាត់​មាន​ធនធាន​គ្រប់គ្រាន់ មាន​លទ្ធភាព ដើម្បី​ជំរុញ​ឲ្យ​ការ​ផលិត​ធានា​បាន​ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក»

ចំណែក​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា​ដើម្បី​អភិវឌ្ឍ​កសិកម្ម និង​ប្រព័ន្ធ​ចិញ្ចឹម​ជីវិត លោក សួន សេង មាន​ប្រសាសន៍​ថា ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក កសិករ​ខ្នាត​តូច​ដែល​មាន​ដី​តិច​ជាង ៥​ហិកតារ ជួប​ប្រទះ​ភាគ​ច្រើន គឺ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ចំណេះ​ដឹង​បច្ចេកទេស​នៅ​មាន​កម្រិត ប្រព័ន្ធ​ធារាសាស្ត្រ និង​ផលិត​មិន​ត្រូវ​តម្រូវ​ការ​ទីផ្សារ។ លោក​បន្ត​ថា ការ​បង្កើត​សហគមន៍​កសិកម្ម នឹង​ចំណេញ​ច្រើន​ដល់​កសិករ​ខ្នាត​តូច៖ «ការ​ចងក្រង​សហគមន៍​ដើម្បី​ឲ្យ​គាត់​យល់ ហើយ​គាត់​យល់​ថា គាត់​ផលិត​អី​ដើម្បី​លក់​ឲ្យ​គេ ដើម្បី​កុំ​ឲ្យ​តែ​គាត់​លក់​របស់​អី​ដែល​គាត់​មាន ដឹង​តែ​ធ្វើ​ទៅ​ដឹង​ដាម​ទៅ គេ​អត់​សមស្រប​ទៅ​នឹង​អ្វី​ដែល​គេ​អត់​មាន គេ​អត់​ត្រូវ​ទិញ ចឹង​របស់​ហ្នឹង​វា​លក់​អត់​ថ្លៃ​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រសួង​កសិកម្ម ដើម្បី​ដឹង​ពី​យុទ្ធសាស្ត្រ​គាំទ្រ​កសិករ​ខ្នាត​តូច​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​តុលា។

កាល​ពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ស្ដីពី​សហគមន៍​កសិកម្ម ដើម្បី​លើក​កម្ពស់​គ្រួសារ​កសិករ​មាន​ដី​ទំហំ​តូចតាច លើ​ការ​អភិវឌ្ឍ និង​សហគមន៍​កសិករ​នៅ​ក្នុង​ប្រទេស ដើម្បី​ធានា​ដល់​ការ​នាំ​ចេញ​អង្ករ សន្តិសុខ និង​សុវត្ថិភាព​ស្បៀង​នៅ​កម្ពុជា។ ផ្ទុយ​ទៅ​វិញ អង្គការ​សង្គម​ស៊ីវិល យល់​ថា ការ​អនុវត្ត​នៅ​តែ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ ជាង​នេះ​ទៀត តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន ដែល​បាន​ចូលរួម​សិក្ខាសាលា​នេះ ទទូច​ទៅ​រដ្ឋាភិបាល ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា ដើម្បី​ឲ្យ​គោល​នយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាល​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ដែល​មាន​ទិសដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។