លោកអាសាដតាមមកអរគុណលោក ពូទីនដល់ម៉ូស្គូ

 ប្រធានាធិបតីស៊ីរី​លោក បាសា អាល់អាសាដ បាន​អញ្ជើញ​មកដល់​រដ្ឋធានី​ម៉ូស្គូនៅថ្ងៃ​អង្គារនេះ​ដើម្បី​មកអរគុណ​លោក វ្ល៉ាឌីមៀ ពូទីន​ ដោយផ្ទាល់​ដែល​បាន​ជួយ​ការពារ​របបដឹកនាំ​ខ្លួន​ដោយ​ប្រើ​អន្តរាគមន៍យោធា​។ លោក​បញ្ជាក់​ប្រាប់​លោក ពូទីន​ថា បើ​គ្មាន​អន្តរាគមន៍របស់​​រុស្ស៊ី មិន​ដឹង​ក្រុម​ភេរវជ​ន​ដណ្តើម​​ទឹកដី​ស៊ីរី​ស្ទើ​រអស់​ផង​ក៏មិនដឹង។ ក្រោយ​មាន​ទស្សន​កិច្ចរបស់​ប្រមុខរដ្ឋ​ស៊ីរី ប្រតិ​ភូ​រុស្ស៊ីក៏នឹង​ទៅទស្សនកិច្ច​នៅ​ស៊ីរី​នៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខផងដែរ។

ក្រោយ​ទ័ព​រុស្ស៊ី​​អន្តរាគមន៍​អស់​ជិតមួយ​ខែ​ដើម្បីជួយ​កម្ចាត់​ក្រុម​រដ្ឋឥស្លាម​នៅស៊ីរី ប្រធានាធិបតី​ស៊ីរី​ បាសា អាល់​អាសាដ សម្រេចឡើងយន្តហោះ​ទៅ​ក្រុង​ម៉ូស្គូទៅ​ អរគុណ​ប្រធានាធិបតី​ វ្ល៉ាឌីមៀ ពូទីន ដោយផ្ទាល់នៅរសៀលថ្ងៃ​អង្គារនេះ​។ កាយវិការ​ដ៏​គួរសម​បំផុត​របស់​ប្រធានាធិបតីរូបនេះចំពោះ​មេដឹកនាំរុស្ស៊ី កំពុងទាក់​ទាញ​ចំណាប់​អារម្មណ៍​ពិភពលោក​ទាំងមូល​តែម្តង ហើយ​វា​ជារឿង​គួរ​ឲ្យ​ភ្ងាក់​ផ្អើលផងដែរ​។​ មេដឹកនាំ​ស៊ីរីរូបនេះ ក៏បាន​ចំណាយពេលជជែកពិភាក្សាជាមួយ​ប្រមុខរដ្ឋរុស្ស៊ីជាលក្ខណៈ​ទ្វេ​ភាគី​ផងដែរ​ ដោយ​ផ្តោត​លើ​បញ្ហា​ប្រឆាំង​ភេរវកម្មនិង​កិច្ច​សហប្រតិបត្តិការទ្វេភាគី​ពេលអនាគត។

ជារឿងមួយគួរ​ឲ្យកត់​សម្គាល់ផងដែរ​ ដែលលោក អាសាដ ហ៊ាន​ចាកចេញ​ទៅក្រៅ​ប្រទេសនោះ។ តាំងពីសង្គ្រាម​ផ្ទុះ​ឡើង​នៅស៊ីរី មេដឹកនាំ​រូប​នេះ​កម្រ​ចាក​ចេញ​ទៅ​ក្រៅ​ណាស់ ដោយសារតែ​​ស្ថាន​ភាព​ស្រុុក​ទេស​មិនអំណោយ​ផល។​ តែ​ការ​ចាក​ចេញ​ទៅ​រុស្ស៊ី​ទាំង​ទឹក​មុខ​ស្រស់​ស្រាយ​ នេះ បញ្ជាក់​ថា លោក អាសាដ  និងរដ្ឋាភិបាល​របស់​លោកអាចពង្រឹងអំណាច​និងកម្លាំង​វិញ​បាន​ស្រួល​បួលវិញ​​ហើយ​។ 

ក្នុង​ជំនួប​ទ្វេភាគីនេះ ក្រៅពី​មាន​វត្តមាន​លោក ពូទីន គេឃើញមាន​វត្តមានរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិរុស្ស៊ីផងដែរ។ គ្រាន់​តែ​ផ្តើមកិច្ចសន្ទនាភ្លាម លោក អាសាដ បាន​ថ្លែងអំណរគុណ​លោក ពូទីន និងកោតសរសើររដ្ឋាភិបាល​រុស្ស៊ីពេញៗមាត់​ដែល​បានជួយស្រោចស្រង់​ប្រទេស​ជាតិ​លោក ឲ្យ​ផុត​ពី​កណ្តាប់​ដៃ​ក្រុមភេរវជនជាពិសេសក្រុម​រដ្ឋ​ឥស្លាម​។ លោកថា បើ​កុំ​តែ រុស្ស៊ី​បញ្ជូនទ័ព​ទៅ​អន្តរាគមន៍​ ម្ល៉េះ​មិនដឹង​ក្រុម​ភេរវជន​ដណ្តើម​កាន់​កាប់​ទឹកដី​ស៊ីរី​ទាំងមូល​ផង​​ក៏​មិនដឹង​។  ក្រោយ​មាន​ការទស្សនកិច្ចរបស់​លោក អាសាដ មករុស្ស៊ី គេ​ក៏​លេច​លឺព័ត៌មាន​ថា រដ្ឋាភិបាល​ក្រុមឡាំង​ក៏នឹង​បញ្ជូន​ប្រតិភូ​ខ្លួន​មួយក្រុ​ម​ទៅ​កាន់​ប្រទេសស៊ីរី វិញផង​ដែរ​នៅ​ថ្ងៃព្រហស្បតិ៍ខាងមុខនេះ។

កងទ័ពជើង​អាកាសរុស្ស៊ីបាន​ចាប់​ផ្តើម​វាយប្រហារ​ក្រុមរដ្ឋឥស្លាមនៅក្នុងទឹកដី​ស៊ីរី​ដំបូង​បំផុត​កាលពីចុងខែកញ្ញា​ ពោលគឺប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​លោក ពូទីន ជួប​ជាមួយលោក បារ៉ាក់ អូបាម៉ា​នៅទីក្រុងញូវយ៉ក។ ការអន្តរាគមន៍កម្ចាត់​ក្រុមភេរវជន​របស់​ក្រុងម៉ូស្គូ​នេះ ទទួល​បាន​ការស្វាគមន៍យ៉ាងកក់​ក្តៅ​ពីសំណាក់​រដ្ឋាភិបាលក្រុងដាម៉ាស ហើយក៏ត្រូវ​បានគេ​សរសើរ​ថា​មាន​ប្រសិទ្ធភាព​ផងដែរ។ គ្រាន់​តែរយៈពេល​ជាង​២០​ថ្ងៃ​ កងកម្លាំងរុស្ស៊ី រួមជាមួយទ័ព​អ៊ីរ៉ង់ និងកងកម្លាំងរដ្ឋាភិបាលស៊ីរី​បានកម្ទេច​ទីតាំង​និងសម្ភារៈរបស់​ក្រុមរដ្ឋឥស្លាម​នេះ​អស់​ច្រើន​កន្លែងនិងយ៉ាងដំណំ។  ប៉ុន្តែ​សហរដ្ឋអាមេរិក​និងសម្ព័ន្ធមិត្ត​ឯទៀត​​បង្ហាញ​ក្តី​បារម្ភខ្លាំង និងចោទរុស្ស៊ី​ថា កំពុងយកលែស​វាយក្រុម​រដ្ឋឥស្លាម ទៅសំពោង​ក្រុម​ឧទ្ទា​ម​ប្រឆាំង​រដ្ឋាភិបាល​​ស៊ីរី​ដែល​ខ្លួន​ខំចំណាយ​លុយ​រាប់​ពាន់​លាន​បង្វឹក​នោះ។ ​​

ទោះជាមាន​ការ​រិះគន់​និងមានការ​ចោទ​ប្រកាន់​រុស្ស៊ី​យ៉ាងណាក៏ដោយ រុស្ស៊ី​នៅ​បន្ត​អះអាងថា​ខ្លួន​មានកាតព្វកិច្ច​តាមកម្ចាត់​ក្រុមភេរវជន​ប៉ុណ្ណោះ។ ចំណែករដ្ឋាភិបាល​ក្រុ​ងដាម៉ា​ឯណោះវិញ​បាន​ថ្លែង​ការពារ​អន្តរាគមន៍​របស់​រុស្សី​នៅក្នុងទឹកដី​របស់​ខ្លួន​ផងដែរ​ ដោយ​របបនេះ​អះអាងថា ខ្លួន​ដែល​ជារដ្ឋាភិបាល​ស្របច្បាប់​នេះជាអ្នក​អញ្ជើញ​រុស្ស៊ី​ឲ្យ​មកជួយដោយផ្ទាល់។ វាជាការពិត​ការអន្តរាគមន៍​របស់រុស្ស៊ី កើតឡើងក្រោយមានការស្នើសុំពីសំណាក់​រដ្ឋាភិបាល​ម្ចាស់ផ្ទះ ដែលខុសពីអន្តរាគមន៍របស់​ក្រុងវ៉ាស៊ីន​តោន​និង​រដ្ឋអារ៉ាប់​មួយចំនួន​ដែល​បើកការ​វាយ​ប្រហារ​នៅស៊ីរី​ដោយ​មិនមាន​ការស្នើសុំនិងមិនមានការអនុញ្ញាត​ជាមុន​​៕  


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?