មន្ត្រី​សិទ្ធិ​មនុស្ស​បង្ហាញ​យុទ្ធសាស្ត្រ​ដែល​អាច​យក​ជនជាតិ​វៀតណាម​ឡើង​គោក

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​មិន​ទាន់​រក​ឃើញ​ចំណុច​រួម​មួយ​នៃ​ការ​កំណត់​ទីតាំង​រស់នៅ​អចិន្ត្រៃយ៍​របស់​អ្នក​ភូមិ​បណ្ដែត​ទឹក ក្នុង​ក្រុង​កំពង់ឆ្នាំង ជិត ១​ពាន់​គ្រួសារ (៩៩៦​គ្រួសារ) នៅ​ឡើយ​ទេ។ មន្ត្រី​សិទ្ធិ​មនុស្ស​ខ្លះ​អះអាង​ថា រដ្ឋាភិបាល​អាច​ផ្លាស់​ទី​អ្នក​រស់នៅ​លើ​ទឹក​ឡើង​គោក​បាន បើ​គិត​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​បរិស្ថាន​ទឹក និង​គ្មាន​ហេតុផល​ពី​បក្ស​នយោបាយ​ណា​មួយ​នោះ។

ក្រុម​អ្នក​យក​ព័ត៌មាន​អន្តរជាតិ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ប្រដាប់​ដោយ​អាវ​ពោង និង​ម៉ាស៊ីន​ថត បាន​ធ្វើ​ដំណើរ​តាម​ទូក​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​បណ្ដែត​ទឹក​ជិត ១.៥០០​ខ្នង ដែល​ភាគ​ច្រើន​ជា​ផ្ទះ​របស់​ជនជាតិ​វៀតណាម។ ផ្ទះ​ទាំង​នេះ ទើប​ប្ដូរ​ទីតាំង​ពី​កន្លែង​ចាស់​ក្បែរ​កំពង់ផែ​ផ្សារ​ក្រោម ទៅ​កាន់​តំបន់​ខាង​លិច​ស្ថានីយ​ទឹក​ស្អាត​អានកូ (Anco) មាន​ចម្ងាយ​ពី​ទីតាំង​ចាស់​ប្រមាណ ៣​គីឡូ​ម៉ែត្រ។

ការ​ប្ដូរ​ទីតាំង​ទៅ​រស់នៅ​លើ​ផ្ទៃ​ទឹក​ដដែល​នេះ ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល រិះគន់​ថា ធ្វើ​ឡើង​គ្រាន់​តែ​ល្អ​មើល ប៉ុន្តែ​ការ​បំពុល​បរិស្ថាន និង​សុខភាព​មនុស្ស នៅ​តែ​បន្ត​កើត​មាន។ ស្រប​ពេល​គ្នា​នេះ អាជ្ញាធរ​បញ្ជាក់​ថា សកម្មភាព​រស់នៅ​លើ​ទឹក ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អនាគត ហើយ​រយៈពេល ៥​ឆ្នាំ​នៃ​ការ​អភិវឌ្ឍ​ច្រាំង​ទន្លេ ពលរដ្ឋ​ត្រូវ​រក​ទិញ​ដី​សង់​ផ្ទះ​រស់នៅ​លើ​គោក​ខ្លួន​ឯង​បណ្ដើរៗ។

អាជ្ញាធរ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ថា ជម្រើស​នាំ​យក​អ្នក​រស់នៅ​លើ​ទឹក​ទៅ​រស់នៅ​លើ​គោក គឺ​មាន​ផល​ចំណេញ​ជាង​នៅ​ក្នុង​ទឹក ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​ទីតាំង​លើ​គោក​សមស្រប ឬ​គោល​នយោបាយ​ជាក់លាក់​ចំពោះ​អ្នក​ទាំង​នោះ​នៅ​ឡើយ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច (Miro) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ទត គឹមស្រូយ ថ្លែង​ថា បើ​ទោះ​បី​អាជ្ញាធរ​ចលនា​ឲ្យ​ជនជាតិ​វៀតណាម រក​ទិញ​ដី​សង់​ផ្ទះ​រស់នៅ​លើ​គោក​ដោយ​ខ្លួន​ឯង​រយៈពេល ១០ ទៅ ២០​ឆ្នាំ​ទៀត ក៏​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​ពួក​គាត់​មិន​ទាន់​មាន​សញ្ជាតិ​កម្ពុជា ដែល​អាច​រក​ទិញ​ដី​បាន។ លោក​ថា រដ្ឋាភិបាល​ជៀស​មិន​ផុត​ពី​ការ​រិះគន់​របស់​ពលរដ្ឋ​ខ្មែរ ឬ​បក្ស​ប្រឆាំង​ឡើយ ប៉ុន្តែ​គប្បី​គិត​ពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ម្នាក់ៗ ហើយ​ត្រូវ​រក​ទីតាំង​សមស្រប​ណា​មួយ រៀបចំ​ដី​ជួល​ឲ្យ​ពួក​គាត់​សង់​ផ្ទះ​រស់នៅ​លើ​គោក ដើម្បី​បញ្ចៀស​ការ​បំពុល​ទឹក៖ «ខ្ញុំ​គិត​ថា គួរ​យក​ជម្រើស​រក​ដី​ណា​ធ្វើ​ជា​កន្លែង​ជួល​ឲ្យ​គាត់​ក្នុង​រយៈពេល​មួយ​កំណត់។ ឧទាហរណ៍ រយៈពេល ៧​ឆ្នាំ ដែល​គាត់​អាច​ចូល​សញ្ជាតិ​បាន អា​ហ្នឹង​គួរ​តែ​ធ្វើ​អ៊ីចឹង​ល្អ​ដែរ។ បើ​និយាយ​តាម​អាជ្ញាធរ​ថា ពួក​គាត់​មាន​ដី ខ្ញុំ​សូម​បដិសេធ​ថា ពួក​គាត់​ពុំ​មាន​ទេ។ ជាក់ស្ដែង អ្នក​ដែល​មាន​ដី គឺ​ពួក​គាត់​ដែល​នៅ​សេសសល់​ភូមិ​កណ្ដាល​បួន​ប្រាំ​គ្រួសារ​ហ្នឹង ប៉ុន្តែ​ដី​ដែល​គាត់​មាន​ហ្នឹង ដោយសារ​គាត់​ដាក់​ឈ្មោះ​គេ ឬ​មួយ​ពឹង​ចិត្ត​ភក្ដី​ឲ្យ​ទិញ​ឲ្យ​គាត់»

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​ជំនាញ​បរិស្ថាន បញ្ជាក់​ជា​ញយ​ដង​ថា អ្នក​រស់នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ខេត្ត មាន​លិខិត​ស្នាម​ស្នាក់នៅ​ត្រឹមត្រូវ ហើយ​អ្នក​ទាំង​នោះ ភាគ​ច្រើន​មាន​ដី​នៅ​លើ​គោក។ អាជ្ញាធរ​តម្រូវ​ឲ្យ​ជនជាតិ​វៀតណាម ចាម និង​ខ្មែរ​សរុប​ជិត ១​ពាន់​គ្រួសារ​នៅ​សង្កាត់​ផ្សារឆ្នាំង ត្រូវ​រក្សា​ទុក​បែរ​ត្រី​នៅ​ក្នុង​ទឹក ហើយ​រុះ​ផ្ទះ​ទៅ​រស់នៅ​លើ​គោក ដោយ​មិន​ដាក់​អវសានវាទ​នៃ​ការ​ចាក​ចេញ​នោះ​ទេ។

អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​មាត់​ទន្លេ លោក ស៊ុន សុវណ្ណារិទ្ធិ មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ទី​អ្នក​រស់នៅ​លើ​ទឹក មិន​បាន​រើសអើង​ជាតិ​សាសន៍ ឬ​នយោបាយ​ឡើយ ព្រោះ​អ្នក​រស់នៅ​លើ​ទឹក​មាន​ចម្រុះ​ជាតិ​សាសន៍។ លោក​ថា ក្នុង​ករណី​ដែល​ពលរដ្ឋ​ពុំ​មាន​លទ្ធភាព​ទិញ​ដី​នៅ​លើ​គោក អាជ្ញាធរ​នឹង​មាន​គោលការណ៍​ពិសេស​មួយ៖ «ការ​បម្លាស់ទី​នេះ​ជា​ជំហាន​ទី​២ ហើយ​គោលការណ៍​របស់​យើង​មាន ៧​ជំហាន​ក្នុង​រយៈពេល​ផែនការ​ប្រាំ​ឆ្នាំ ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩។ អ៊ីចឹង​ការ​ផ្លាស់​ទី​នេះ គ្រាន់​តែ​បណ្ដោះ​អាសន្ន​ទេ មិន​មែន​នៅ​ជា​អចិន្ត្រៃយ៍​ទេ នៅ​ពេល​ដល់​ជំហាន​ទី​៣ ឬ​ទី​៤ បាន​ជោគជ័យ យើង​បម្លាស់ទី​ឲ្យ​គាត់​ឡើង​គោក​ដោយ​ខ្លួន​ឯង»

វៀតណាម កំពង់ឆ្នាំង ៦២០
ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ចាម និង​ខ្មែរ នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥ RFA/Chin Chetha

យ៉ាង​ណា លោក​មិន​អាច​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​ចុង​ក្រោយ​របស់​អាជ្ញាធរ ក្នុង​ការ​នាំ​យក​ជនជាតិ​ចាម ជនជាតិ​វៀតណាម និង​ខ្មែរ ដែល​គ្មាន​លទ្ធភាព​ទិញ​ដី​រស់នៅ​លើ​គោក​ដោយ​ខ្លួន​ឯង​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​ថា ពលរដ្ឋ​ទាំង​នេះ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ និង​គាំពារ​លើ​គ្រប់​វិស័យ​កាន់​តែ​ប្រសើរ ដូច​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​បណ្ដា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ដែរ ចាប់​ពី​ឆ្នាំ​២០១៥ ត​ទៅ។

ជនជាតិ​វៀតណាម ម្នាក់​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ គឺ​លោក តាំង ហោរិទ្ធ ឲ្យ​ដឹង​ថា គ្រួសារ​លោក និង​អ្នក​ភូមិ​ភាគ​ច្រើន ពុំ​មាន​លទ្ធភាព​ទិញ​ដី​រស់នៅ​លើ​គោក​ដោយ​ខ្លួន​ឯង​ឡើយ ដោយសារ​ចំណូល​ពី​ការ​នេសាទ​កាន់​តែ​ទាប។ លោក​ថា ក្នុង​កាលៈទេសៈ​ដែល​អាជ្ញាធរ​បង្ខំ​ឲ្យ​អ្នក​រស់នៅ​លើ​ទឹក​ឡើង​គោក ក្រុម​ពលរដ្ឋ​នឹង​ធ្វើ​សំណើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល ឬ​ស្ថាប័ន​ជាតិ​នានា​របស់​កម្ពុជា៖ «បើ​សិន​ជា​ឲ្យ​យើង​រៀបចំ​ក្នុង​នាម​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម ជួល​ដី​នៅ មិន​មែន​ជា​លក្ខណៈ​រៀបចំ​សណ្ដាប់ធ្នាប់​នៃ​អាជ្ញាធរ​ទន្លេ​មេគង្គ​ទេ មិន​អាច​មាន​លទ្ធភាព​ជួល​ដី​នៅ​ទេ ព្រោះ​អី​ថា សេដ្ឋកិច្ច​រាល់​ថ្ងៃ​ដុនដាប​ទៅៗ»

ក្រុម​ជនជាតិ​វៀតណាម អះអាង​ថា ពួក​គាត់​មាន​ដើម​កំណើត និង​រស់នៅ​ប្រទេស​កម្ពុជា តាំង​ពី​មុន​របប​ខ្មែរ​ក្រហម ឬ​កម្ពុជា​ប្រជាធិបតេយ្យ។ នៅ​ក្នុង​របប​នោះ ពួក​គាត់​បាន​គេច​ទៅ​ប្រទេស​វៀតណាម មួយ​រយៈ ហើយ​បាន​ត្រឡប់​មក​រស់នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ប្រទេស​កម្ពុជា វិញ នៅ​ក្រោយ​ឆ្នាំ​១៩៧៩។

បញ្ហា​ជនជាតិ​វៀតណាម រស់នៅ​កម្ពុជា បាន​ក្លាយ​ជា​មុខ​ព្រួញ​នៃ​ការ​រិះគន់​របស់​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ ឬ​រដ្ឋាភិបាល ញញើតញញើម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជនជាតិ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។