តុលាការកាត់ទោស អ្នកបើករថយន្តដឹកដី បុកក្បួនរថយន្ត សម្តេចព្រះនរោត្តម រណឫទ្ធិ ដាក់ ពន្ធនាគារ៣ឆ្នាំ និងបង្គាប់ឲ្យផ្តល់សំណង៥១០លានរៀល

កំពង់ចាម ៖ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម លោក ស៊ន មុន្នី បានប្រាប់ មជ្ឈលមណ្ឌលព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ តុលាការបានសម្រេចផ្តន្ទាទោស ឈ្មោះ ឈឿន វ៉ុន ដាក់ពន្ធនាគារចំនួន៣ឆ្នាំ ក្រោមបទចោទប្រកាន់ នៅក្នុងសំណុំរឿងបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តទៅបុកក្បួនរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និង អ្នកម្នាង ព្រមទាំងសហការី របស់ព្រះអង្គកាលពីអំឡុងខែមេសា ឆ្នាំ២០១៥កន្លងទៅ។

បើតាមលោកព្រះរាជអាជ្ញារង ក្រៅពីការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ដែលធ្វើឡើងកាលពីម្សិលមិញនោះ ម្ចាស់រថយន្ត និងអ្នកបើករថយន្ត ក៏ត្រូវបានតុលាការសម្រេចបង្គាប់ឲ្យផ្តល់សំណងចំនួន ១០លានរៀលជូនរដ្ឋ ផ្តល់សំណង ១០០លានរៀល ជូនជនរងគ្រោះឈ្មោះ លឹម សុផាត និងផ្តល់សំណងចំនួន ៤០០លានរៀលជូន សម្តេចព្រះនរោត្តម រណឫទ្ធិ និងអ្នកម្នាង ព្រមទាំងសហការី ដែលរងគ្រោះថ្នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នាពេលនោះ សរុបជាទឹកប្រាក់ដុល្លារប្រមាណ ១២ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា នៅម៉ោង ១២៖៥០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ មានរថយន្តដឹកដីមួយគ្រឿង បានបើកបុកក្បួនរថយន្តរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅលើផ្លូវជាតិលេខ៧ ភូមិខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បណ្តាលឱ្យរបួសធ្ងន់ស្រាល ៦នាក់ ក្នុងនោះអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់ រហូតបញ្ជូនទៅព្យាបាលនៅប្រទេសថៃទៀតផង៕