ចាប់ខ្លួន​កម្មករ​នេសាទ​ម្នាក់​ពី​បទ​ប៉ុនប៉ង​ចាប់រំលោភ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្មករ​នេសាទ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាប់​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២១ តុលា ២០១៥ ដោយ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ចាប់រំលោភ​នារី​ម្នាក់​មិន​បាន​សម្រេច ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ភូ ប្រុស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​នេសាទ មាន​ទីលំនៅ​ភូមិ​ស្រែ​ចាម​លើ ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​នារី​រង​គ្រោះ អាយុ​២១​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​ជាមួយ​គ្នា ។ ជនសង្ស័យ​បាន​ហែក​ជញ្ជាំង​ផ្ទះ​ចូល​ទៅ​ប៉ុន​ប៉ុង​ចាប់រំលោភ​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ តុលា ២០១៥ ខណៈ​នារី​រង​គ្រោះ​កំពុង​ដេក​លក់​ក្នុង​បន្ទប់​តែ​ម្នាក់ ប៉ុន្តែ​ត្រូវ​នាង​ភ្ញាក់​ដឹងខ្លួន​ទាន់ ហើយ​រើបម្រះ និង​ស្រែក​ឆោឡោ ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់​ស្លោរ​ក៏​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា លុះ​ភ្លឺ​ឡើង​នារី​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង ហើយ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ​បញ្ជូន​មក​កាន់​​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​កាត់ទោស​តាម​នីតិវិធី​ច្បាប់ ៕