ទាហាន​នៅ​សៀមរាប​រង​ការ​ចោទ​ថា​រំលោភ​យក​ដី​ចម្ការ​របស់​ពលរដ្ឋ

ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​កសិករ​ច្រើន​គ្រួសារ​ជាមួយ​នឹង​មន្ត្រី​យោធា​ខ្លះ​នៃ​អង្គភាព​កងពលតូច​លេខ​៤២ ក្នុង​រឿង​ជម្លោះ​ដីធ្លី កំពុង​កើត​មាន​នៅ​ឃុំ​វ៉ារិន ស្រុក​វ៉ារិន ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។

ចាប់​តាំងតែ​ពី​សប្ដាហ៍​មុន រហូត​មក​ដល់​ពេល​នេះ ទាហាន​ខ្លះ​បាន​ចូល​ទៅ​បណ្ដេញ​ប្រជា​កសិករ ព្រម​ទាំង​ប្រើ​អាវុធ​បាញ់​គំរាម​ផង ដើម្បី​ដណ្ដើម​យក​ដី​ចម្ការ​ដែល​អ្នក​ភូមិ​កំពុង​ដាំ​ដំឡូង​មី​ជាច្រើន​ហិកតារ។

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​វ៉ារិន នៃ​ស្រុក​វ៉ារិន ឱ្យ​ដឹង​ថា គេ​កំពុង​រិះរក​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ប្ដឹង​ប្រឆាំង​នឹង​ទាហាន​នៅ​ក្នុង​អង្គភាព​កងពលតូច​លេខ​៤២ ខ្លះ ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ដណ្ដើម​យក​ដី​ស្រែ និង​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជា​បន្ទាប់។

ប្រតិកម្ម​របស់​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​វ៉ារិន​នេះ កើត​មាន​ឡើង​បន្ទាប់ពី​គេ​ដឹង​ថា រយៈពេល​ជាង​១​សប្ដាហ៍​មក​ហើយ​ដែល​ក្រុម​ទាហាន​នៃ​កងពលតូច​លេខ​៤២​ខ្លះ បាន​ទៅ​បណ្ដេញ​ប្រជាកសិករ ព្រម​ទាំង​ប្រើ​អាវុធ​បាញ់​គំរាម​ផង ដើម្បី​ដណ្ដើម​យក​ដីធ្លី​ជា​ច្រើន​ហិកតារ។

មេ​ឃុំ​វ៉ារិន គឺ​លោក ឆូយ អឿន។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២១ ខែ​តុលា ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ ប្រជាពលរដ្ឋ​របស់​លោក​ប្រមាណ ១០០​គ្រួសារ បាន​ចូល​ទៅ​កាប់​គាស់​ដី​ប្រហែល​ជា ៥០០​ហិកតារ នៅ​តំបន់​ជិត​ភូមិ​តានៀល និង​ច្រាបស្វា ដើម្បី​ធ្វើ​ស្រែ​ចម្ការ ក៏ប៉ុន្តែ​កាល​ពី​មុន​ពេល​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៥ នេះ ស្រាប់​តែ​មាន​ទាហាន​នៅ​ក្នុង​អង្គភាព​នៃ​កងពលតូច​លេខ​៤២ ខ្លះ បាន​ចេញ​មុខ​ទៅ​ដណ្ដើម​យក​ដី​ទាំង​នោះ​ពី​ប្រជាពលរដ្ឋ ដោយ​គេ​អះអាង​ថា គឺ​ជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​បាន​ចែក​ឱ្យ​ទាហាន​ចូលនិវត្តន៍។

លោក​មេឃុំ​ដដែល​បញ្ជាក់​ថា លោក​បាន​ពិនិត្យ​មើល​ទៅ​លើ​ឯកសារ​មួយ​ចំនួន​ដែល​ក្រុម​ទាហាន​កាន់​មក​អះអាង​នោះ មិន​មាន​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​ទេ គឺ​មាន​តែ​ប្លង់​កាន់កាប់​ដែល​ធ្វើ​ដោយ​អាជ្ញាធរ​ឃុំ​ស្លែង​ស្ពាន​នៃ​ស្រុក​ស្រីស្នំ ប៉ុណ្ណោះ។

​លោក​មេឃុំ​វ៉ារិន បញ្ជាក់​ថា លោក​មិន​សុខចិត្ត​ចំពោះ​សកម្មភាព​ទាហាន​ដែល​កំពុង​ដណ្ដើម​យក​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នេះ៖ «សម្ដី​របស់​គេ​ថា គេ​នឹង​យក​ដី​ត្រង់​ដាំ​ដំឡូង ដី​បុះ​ដី​អី​នោះ​ឯង។គេ​ថា យក​ទាំង​អស់ ព្រំប្រទល់​គេ​នៅ​ជិត​ភូមិ​តានៀល ឯ​ណោះ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ឧត្ដមសេនីយ៍ ប៉ែន វ៉ូយ ជា​មេបញ្ជាការ​នៃ​កងពលតូច​លេខ​៤២ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​តុលា។

​ចំណែក​សមាជិក​ក្រុមប្រឹក្សា​ស្រុក​វ៉ារិន លោក ប្រង់ យ៉ុន ចាត់​ទុក​សកម្មភាព​របស់​ទាហាន​ដែល​បណ្ដេញ​ប្រជាពលរដ្ឋ​ដើម្បី​យក​ដី​នោះ​ថា គឺ​ជា​ការ​គំរាមកំហែង និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ៖ «ថ្ងៃ​នេះ​ពី​ព្រឹក​ម៉ោង ៩ និង ៣០​នាទី ទាហាន​ចុះ​ដេញ​ប្រជាពលរដ្ឋ​ទៀត ហើយ​បាញ់​សម្លុត​ប្រជាពលរដ្ឋ...»

​សមាជិក​ក្រុមប្រឹក្សា​ស្រុក​វ៉ារិន ដដែល​អំពាវនាវ​សូម​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​មន្ត្រី​ថ្នាក់​ជាតិ ជួយ​រក​ដំណោះស្រាយ ព្រមទាំង​ចាត់​វិធានការ​យ៉ាង​ណា​ទប់​ស្កាត់​កង​ទាហាន​ទាំង​នោះ​កុំ​ឱ្យ​ទៅ​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ដូច្នេះ​ទៀត ពីព្រោះ​ប្រជាពលរដ្ឋ​ទាំង​នោះ​មាន​ជីវភាព​ក្រីក្រ និង​ទីពឹង​តែ​លើ​ដីធ្លី​ធ្វើស្រែ​ចម្ការ​សម្រាប់​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។