ក្រុម​អាជីវករ​ផ្សារ​លើ​ខេត្ត​កំពង់ឆ្នាំង​ជំទាស់​មិន​យក​ទំហំ​តូប​លក់​ដូរ​ដែល​អាជ្ញាធរ​បែង​ចែក

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៥០​នាក់ ដាក់​ពង្រាយ​ការពារ​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​ខេត្ត ដែល​ចុះ​វាស់វែង​បែង​ចែក​កន្លែង​លក់​ដូរ​សេរី​នៅ​ផ្សារ​លើ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​តុលា។

អាជីវករ​លក់​សាច់​ជ្រូក​ម្នាក់ អ្នកស្រី សាយ សុឃីម មាន​ប្រសាសន៍​ថា អាជ្ញាធរ​ដាក់​ពង្រាយ​ទាហាន និង​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់ ដើម្បី​គំរាម​អាជីវករ​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ នៅ​ពេល​ចុះ​វាស់វែង​កន្លែង​លក់​ដូរ។ អ្នកស្រី​ថា អាជ្ញាធរ​បាន​វាស់​ទំហំ​ដី​ធ្វើ​តូប​ជាង ១​ម៉ែត្រ​ការ៉េ ដែល​ទំហំ​នេះ​តូច​ពេក និង​អង្គុយ​លក់​ដូរ​ស្ទើរ​ងាក​ខ្លួន​មិន​រួច។ ក្រុម​អាជីវករ​ភាគ​ច្រើន មិន​ពេញ​ចិត្ដ​នឹង​ការ​បែង​ចែក​នេះ​ទេ៖ «តើ​ខ្ញុំ​ដាក់​សាច់​ជ្រូក​របស់​ខ្ញុំ​យ៉ាង​ម៉េច​កើត? ខ្ញុំ​ដាក់​តែ​ជ្រញ់​ខ្ញុំ​ក៏​មិន​កើត​ដែរ! ពួក​គាត់​ធ្វើ​នេះ​អយុត្តិធម៌​ហួស​ហេតុ​ពេក​ហើយ ជាន់​ឈ្លាន​បំពាន។ អ្វី​ដែល​ជា​សំណូមពរ គឺ​ពួក​ខ្ញុំ​ទាំងអស់​គ្នា សូម​ពីរ​ម៉ែត្រ​បួន​ជ្រុង​វិញ សុខ​ចិត្ត​កាត់​បន្ថយ​កន្លែង​ម្នាក់ ១​ម៉ែត្រ​ឲ្យ។ ចំពោះ​អាជីវករ​ថ្មី សំណូមពរ​ចែក​ឲ្យ​យើង​ជា​អាជីវករ​ចាស់​គ្រប់​គ្នា​ម្នាក់ ២​ម៉ែត្រ​បួន​ជ្រុង ហើយ​លក់​កន្លែង​ដដែល រួច​សល់​ប៉ុន្មាន ចាំ​រៀបចំ​អាជីវករ​ថ្មី​ទៅ​ចុះ គ្មាន​នរណា​ទៅ​តវ៉ា​ប្រឆាំង​អី​ទេ»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ផ្សារ​លើ លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា ការ​ដាក់​កម្លាំង​ការពារ​ច្រើន​បែប​នេះ គឺ​ដោយសារ​អាជីវករ​ឈ្លោះ​ប្រកែក​គ្នា និង​រំខាន​ដល់​ការ​អនុវត្ត​ការងារ​ចុះ​វាស់វែង។ លោក​ថា នៅ​ក្នុង​សប្ដាហ៍​ទី​៥ នៃ​ខែ​តុលា គណៈកម្មការ​នឹង​អញ្ជើញ​អាជីវករ​ទាំងអស់​ឲ្យ​ចូលរួម​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​រួម​គ្នា​ទាំងអស់។

ក្រុម​អាជីវករ​លក់​ដូរ​សេរី​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​ផ្សារ​លើ​ជាង ៤០០​តូប បាន​ផ្អាក​លក់​ដូរ​របស់​ខ្លួន​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​គម្រោង​ចៃកា (JICA) នៃ​ប្រទេស​ជប៉ុន ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹក និង​ក្រាល​ការ៉ូឡា។ រយៈពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ស្ថាបនា​រួច ក្រុម​អាជីវករ​នាំ​គ្នា​លួច​ចូល​លក់​ដូរ​របៀប​ឆក់​កណ្ដៀត និង​ប្រជ្រៀត​គ្នា ដោយ​អាជ្ញាធរ​ដេញ​មិន​ឲ្យ​លក់ និង​រង់ចាំ​ការ​បែង​ចែក​កន្លែង​ជា​ថ្មី​រួច​រាល់​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។