លោក នី ចរិយា រក្សា​ជំហរ​មិន​ទៅ​បំភ្លឺ​នៅ​តុលាការ​​ក្រុង​ភ្នំពេញ

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី ចរិយា មិន​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី ថ្ងៃ​ទី​២១ ខែ​តុលា នេះ តាម​ការ​កោះ​ហៅ​នោះ​ទេ។ លោក​ពន្យល់​ថា ការ​ដែល​លោក​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​​នេះ ព្រោះ​ដីកា​​កោះ​របស់​តុលាការ​​គ្មាន​ភាព​ត្រឹមត្រូវ​នៃ​ច្បាប់។

​លោក​បន្ត​ថា ប្រសិនបើ​លោក​ចូល​បំភ្លឺ​នៅ​តុលាការ​នោះ គឺ​មាន​ន័យ​ថា លោក​នឹង​ចូល​បំភ្លឺ​ទាំង​ខុស​នីតិវិធី ដោយសារ​ដីកា​កោះ​ដែល​ប៉ូលិស​បញ្ជូន​មក​ឲ្យ​លោក​នៅ​ពេល​កន្លង​មក​នោះ លោក​មិន​បាន​ចុះ​ហត្ថលេខា​ទទួល​នៅ​ឡើយ​ទេ៖ «បើ​កាល​ណា​ខ្ញុំ​ចូល​ទៅ​បំភ្លឺ គឺ​ខ្ញុំ​ចូល​ទៅ​ទាំង​ខុស​ច្បាប់ អ៊ីចឹង​ខ្ញុំ​គ្រាន់តែ​រង់ចាំ​ដីកា​មួយ​ដែល​ត្រឹមត្រូវ​តាម​នីតិវិធី»

កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក វ៉េង ហ៊ត់  បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​លោក នី ចរិយា ចូល​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា។

​ដីកា​ដដែល​បាន​ដក​ស្រង់​សម្ដី​របស់​លោក នី ចរិយា ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ពីរ​ដង​ដើម្បី​ជា​ទុន​ក្នុង​ការ​ចោទ​ប្រកាន់​ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​បរិហារ​កេរ្តិ៍ និង​ដាក់​សម្ពាធ​លើ​យុត្តាធិការ ឬ​ដាក់​សម្ពាធ​លើ​តុលាការ។

លោក នី ចរិយា ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ណា​មួយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក វ៉េង ហ៊ត់ ជុំវិញ​ករណី​លោក នី ចរិយា មិន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​នោះ​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។