គ.ជ.ប ត្រៀម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ភូមិ​ចំនួន​ពីរ​នៅ​រតនគិរី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ជ្រើសរើស​ភូមិ​ចំនួន​ពីរ​នៅ​ខេត្ត​រតនគិរី សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​បច្ចេកវិទ្យា​ទំនើប។ ការ​ជ្រើសរើស​នេះ បន្ទាប់​ពី គ.ជ.ប ប្រកាស​ថា​នឹង​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

មន្ត្រី​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) រំពឹង​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​មាន​ភាព​រលូន ចៀសវាង​បាតុភាព​ប្តឹងផ្តល់​គ្នា​នៅ​ថ្ងៃ​បោះ​ឆ្នោត។

មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ថា បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ដល់​មន្ត្រី​អាជ្ញាធរ និង​ពលរដ្ឋ​ភូមិ​ចំនួន​ពីរ ក្នុង​សង្កាត់​កាចាញ ក្រុង​បានលុង ឲ្យ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត លោក ប៉ែន ឈុនឌី មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​ទំនើប គឺ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​ទាំងអស់ ព្រម​ទាំង​ឧបករណ៍​ស្កេន (Scan) មេដៃ និង​ម៉ាស៊ីន​ថត​រូប ជាដើម។ លោក​បន្ត​ថា នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត នឹង​ចូលរួម​វគ្គ​សិក្សា​ស្ដីពី​ការ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​នៅ​ថ្នាក់​ជាតិ និង​ទទួល​យក​ឧបករណ៍​សម្ភារៈ​បែប​ទំនើប​នេះ មក​ចាត់​ចែង​ចុះ​ឈ្មោះ​សាកល្បង​នៅ​ភូមិ​ទាំង​ពីរ តាម​ការ​កំណត់​របស់ គ.ជ.ប៖ «អ្នក​ទើប​គ្រប់​អាយុ​ថ្មី​ក៏​យើង​ចុះ អ្នក​ដែល​បាន​ចុះ​ហើយ ក៏​យើង​ចុះ អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក៏​យើង​ចុះ ទាល់​ទៅ​រៀន​បាន​យើង​បាន​សម្ភារៈ​កុំព្យូទ័រ បាន​យើង​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ»

ស្ថិតិ​របស់​ក្រុម​ប្រឹក្សា​សង្កាត់​កាចាញ ភូមិ​ចំនួន​ពីរ​ដែល​នឹង​ត្រូវ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង រួម​មាន ភូមិ​មួយ និង​ភូមិ​បី មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ចំនួន​ជាង ១​ពាន់​នាក់។

មេ​ឃុំ​កាចាញ លោក ទន់ ពៅ ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​ភូមិ-ឃុំ បាន​ប្រជុំ​ផ្សព្វផ្សាយ និង​ជូន​ដំណឹង​ដល់​ពលរដ្ឋ​តាម​គ្រួសារ​ពី​កម្មវិធី​ចុះ​ឈ្មោះ​នេះ​រួច​ហើយ ក៏ប៉ុន្តែ​លោក​បារម្ភ​ចំពោះ​ក្រុម​គ្រួសារ​អ្នក​ភូមិ​ខ្លះ ចេញ​ទៅ​ប្រកប​របរ​នៅ​ទី​ឆ្ងាយ អាច​មិន​បាន​ទទួល​ដំណឹង​នេះ។ លោក​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទាំង​ពីរ ដែល​មាន​សមាជិក​គ្រួសារ​គ្រប់​អាយុ​បោះ​ឆ្នោត សូម​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ទំនើប​កុំ​បី​អាក់​ខាន៖ «ប្រហែល​ជា​មិន​បាន​គ្រប់ ព្រោះ​មួយ​ចំនួន​គាត់​ទៅ​ធ្វើ​ការ​ឆ្ងាយ យើង​ផ្តល់​ព័ត៌មាន​តាម​ក្រុម​គ្រួសារ​គាត់ ពេលវេលា​ចុះ​ឈ្មោះ​មាន​រយៈពេល ១៥​ថ្ងៃ។ ឥឡូវ​យើង​ផ្សព្វផ្សាយ​តាម​រយៈ​ប្រធាន​ភូមិ មេ​១០​ខ្នង ឲ្យ​គាត់​មក ហើយ​យើង​ដាក់​កាលវិភាគ​តាម​ភូមិ​នីមួយៗ»

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​ដែរ​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ នឹង​ធ្វើ​ឡើង​ចាប់​ពី​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ​២០១៦។ ចំណែក​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ផ្លូវ​ការ អាច​នឹង​ធ្វើ​ចប់​សព្វគ្រប់​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១៦។

លេខា​អង្គការ​ខុមហ្វ្រែល ខេត្ត​រតនគិរី លោក ជួន ភិនដារ៉ា កត់​សម្គាល់​ថា កាល​ពី​ដើម​ឆ្នាំ​២០១៥ នេះ អង្គការ​ខុមហ្វែ្រល បាន​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​នៅ​ភូមិ​ចំនួន​បី ក្នុង​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ និង​ទទួល​បាន​នូវ​បទពិសោធន៍​បង្ហាញ​ថា ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​ទំនើប បង្ក​ភាព​ងាយ​ស្រួល និង​អាច​លុប​បំបាត់​ភាព​មិន​ប្រក្រតី ដូចជា​ខុស​ឈ្មោះ ខុស​អាយុ ឬ​ច្រឡំ​ថ្ងៃ​កំណើត ជាដើម។ លើស​ពី​នេះ​ទៀត ខុមហ្វ្រែល បាន​ចែក​រំលែក​បទពិសោធន៍​នេះ​ជូន គ.ជ.ប ដើម្បី​រៀបចំ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​អាណត្តិ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧៖ «ចៀសវាង​ជជែក​គ្នា​ក្រោយ​បោះ​ឆ្នោត​ម្តងៗ ប្រជាពលរដ្ឋ​រក​ឈ្មោះ​មិន​ឃើញ ប្រជាពលរដ្ឋ​មក​ហើយ​អត់​បាន​បោះ​ឆ្នោត ខុស​អាយុ ខុស​ភេទ ឬ​ទីកន្លែង​កំណើត​អ៊ីចឹង»

គ.ជ.ប បាន​ជ្រើស​រើស​ឃុំ-សង្កាត់​ចំនួន​២៥ ក្នុង​នោះ​មាន​ភូមិ​ចំនួន​៤៣ សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង។ គ.ជ.ប ក៏​គ្រោង​ចំណាយ​ប្រមាណ ៧០​ម៉ឺន​ដុល្លារ ដែល​ជា​ថវិកា​របស់​រដ្ឋាភិបាល​សម្រាប់​គម្រោង​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​ទំនើប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។