ក្រសួង​មហាផ្ទៃ​បញ្ឈរ​ជើង​លោក ផែង វណ្ណៈ ដើម្បី​ស៊ើប​អង្កេត​ករណី​មួយ​ចំនួន

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​សម្រេច​បញ្ឈរ​ជើង លោក ផែង វណ្ណៈ តាម​រយៈ​ផ្ទេរ​ការងារ​ពី​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង មក​នាយកដ្ឋាន​បុគ្គលិក ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស៊ើប​អង្កេត​លើ​រូប​លោក ពាក់ព័ន្ធ​នឹង​ការ​គំរាម​សម្លាប់ លោក កឹម សុខា អនុប្រធាន​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ថា លោក ផែង វណ្ណៈ មាន​ជាប់​ពាក់ព័ន្ធ ៣​ករណី ដែល​ក្រសួង​មហាផ្ទៃ ត្រូវ​ស៊ើប​អង្កេត គឺ​ករណី​គំរាម​សម្លាប់ លោក កឹម សុខា ករណី​បរិហារ​កេរ្តិ៍ អ្នកស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង លោក សៀក សុជាតិ នាយ​រង​សេនាធិការ​ចម្រុះ និង​នាយក​ទីចាត់ការ​ព្រំដែន​នៃ​កង​យោធពល​ខេមរភូមិន្ទ តាម​ហ្វេសប៊ុក និង​ករណី​មួយ​ទៀត ជា​រឿង​ខ្លួន​របស់ លោក ផែង វណ្ណៈ ប៉ុន្តែ លោក ខៀវ សុភ័គ មិន​ទាន់​អាច​បញ្ជាក់​ថា ជា​ករណី​អ្វី​នោះ​ទេ។

លោក​បន្ត​ថា សព្វថ្ងៃ​នេះ ក្រសួង​មហាផ្ទៃ បាន​បង្កើត​គណៈកម្មការ​មួយ​ដែល​មាន​មន្ត្រី​ជំនាញ និង​ដឹក​នាំ​ដោយ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ មួយ​រូប ដើម្បី​ស៊ើប​អង្កេត​ករណី លោក ផែង វណ្ណៈ៖ «ធម្មតា​ទេ មន្ត្រី​រាជការ​ដែល​មាន​តួនាទី ប្រសិន​ជា​គាត់​ប៉ះពាល់​ការងារ​ស៊ើប​អង្កេត យើង​ត្រូវ​ផ្ទេរ​ការងារ ពាក្យ​សាមញ្ញ​បញ្ឈរ​ជើង បើ​សិន​ជា​គាត់​ស្ថិត​នៅ​ក្នុង​តួនាទី ឬ​សិទ្ធិ​អំណាច អាច​ប៉ះពាល់​ដល់​ការងារ​ស៊ើប​អង្កេត»

លោក ផែង វណ្ណៈ មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ។ ខណៈ​ដែល​ក្រសួង​បញ្ឈរ​ជើង​ដូច​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​បន្ថែម​ថា លោក ផែង វណ្ណៈ មិន​តម្រូវ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​លោក​ទៀត​ទេ។ ការ​ធ្វើ​ដូចនេះ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​គណៈកម្មការ ស្រាវជ្រាវ​ករណី​ដែល​គេ​សង្ស័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។