សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​បង្ក្រាប​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ខុសច្បាប់​២​កន្លែង

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​បាន​ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្ដោ​ខុសច្បាប់​២​កន្លែង ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​គោក​ធ្លក ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២១ តុលា ២០១៥ ព្រមទាំង​រឹបអូស​កូន​ត្រី​ឆ្ដោ​ប្រមាណ​ជាង​២​ម៉ឺន​៥​ពាន់​កូន​យក​ទៅ​ព្រ​លែង​នៅ​ក្នុង​អាង​បារាយណ៍​ខ្លះ និង​កម្ទេច​ចោល​នៅ​នឹង​កន្លែង​ខ្លះ ។

លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ហៅ​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ខុសច្បាប់​ទាំង​២​កន្លែង​ដែល​មានឈ្មោះ យង់ លាង ភេទ​ប្រុស និង ឈ្មោះ សុខា ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ខេត្តសៀមរាប មក​ធ្វើ​កិច្ចសន្យា ព្រមទាំង​ធ្វើការ​ផាកពិន័យ ដើម្បី​ឱ្យ​ម្ចាស់​ស្រះ​ទាំង​២​នាក់​បញ្ឈប់​ការ​ចិញ្ចឹម​ត្រី​ឆ្តោ តែបើ​នៅ​តែ​បន្ត​លួច​ចិញ្ចឹម​ប្រភេទ​ត្រី​ដែល​រដ្ឋ​បាន​ហាមឃាត់​នេះ​ទៀត​ នឹង​ត្រូវ​ទទួលទោស​ទៅ​តាម​ផ្លូវច្បាប់ ។ ក្នុង​នោះ​ដែរ​កម្លាំង​ជំនាញ​ក៏​បាន​ធ្វើការ​ចាប់​ប្រមូល​ត្រី​ទាំង​២​ស្រះ​នោះ​យកទៅ​​ព្រ​លែង​នៅ​អាង​បារាយណ៍មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​ធ្វើការ​សម្លាប់​ចោល​នៅ​នឹង​កន្លែង ដែល​សរុប​ទាំងអស់​មាន​ប្រមាណ​ជាង​២​ម៉ឺន​៥​ពាន់​ក្បាល ។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បានឱ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​បទល្មើស​ក្នុង​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​នេះ គឺ​មិន​ត្រឹមតែ​ធ្វើ​នៅ​ដែន​គោក​ប៉ុណ្ណោះ​ទេ នឹង​បន្ត​ធ្វើ​នៅ​តាម​ដែនទឹក​ក្នុង​បឹង​ទន្លេសាប នៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​ឱ្យ​ដូច​ភ្លៀងរលឹម ទាំង​ការ​ចិញ្ចឹម​ត្រី​ឆ្តោ និង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើស​ខុសច្បាប់ ។

សូម​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ចូលរួម​ប្រតិបត្តិការ​នេះ​រួម​មាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​, ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​, មន្ទីរ​បរិស្ថាន​, អាជ្ញាធរ​ស្រុក​, អាជ្ញាធរ​​ឃុំ​, សមត្ថកិច្ច​ស្រុក ព្រមទាំង​ផ្នែក​សឹក​រង​ស្រុកផង​ដែរ ៕