កម្ពុជា​គ្រោង​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា​ទៅ​វៀតណាម​វិញ​ឲ្យ​អស់​នៅ​ដើម​ឆ្នាំ​២០១៦

រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​នឹង​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ទៅ​ប្រទេស​វៀតណាម វិញ​ទាំងអស់​នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ​នេះ។ ទាក់ទិន​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នា​ពេល​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​យល់​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​កាតព្វកិច្ច​អន្តរជាតិ ស្តី​អំពី​ការ​ទទួល​បាន​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន។

ជនជាតិ​ចារ៉ាយ-វៀតណាម ឬ​ម៉ុងតាញ៉ា ដែល​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​កម្ពុជា នោះ នឹង​អាច​គ្មាន​ជោគ​វាសនា​រស់នៅ​កម្ពុជា ទៀត​នោះ​ទេ ចាប់​ពី​ដើម​ឆ្នាំ​២០១៦ ត​ទៅ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា រក​ឃើញ​ថា ពួក​គេ​មិន​មែន​ជា​ជន​ភៀស​ខ្លួន​ពិត​ប្រាកដ​នោះ។

តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា បាន​ទុក​ពេល​ឲ្យ ៣​ខែ​ទៀត សម្រាប់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) ដើម្បី​បន្ត​ស្វែងរក​ប្រទេស​ទី​៣ សម្រាប់​ការ​តាំង​ទី​លំនៅ​ដល់​ជន​ភៀស​ខ្លួន​ចំនួន ១៣​នាក់។ ការ​កំណត់​ពេល​នេះ បន្ទាប់​ពី​កម្ពុជា បាន​ទុក​ពេល ៦​ខែ​កន្លង​ផុត​ទៅ​ហើយ ប៉ុន្តែ យូ.អិន.អេច្ឆ.ស៊ី.អ នៅ​តែ​ពុំ​ទាន់​អាច​រក​ប្រទេស​ទី​៣ សម្រាប់​ក្រុម​ម៉ុងតាញ៉ា ជ្រក​កោន​បាន​នៅ​ឡើយ។ ដូច្នេះ ក្រុម​ម៉ុងតាញ៉ា ទាំង ១៣​នាក់​នេះ អាច​បន្ត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥។

ចំណែក​ម៉ុងតាញ៉ា ជាង ២០០​នាក់​ផ្សេង​ទៀត រដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ យូ.អិន.អេច្ឆ.ស៊ី.អ បញ្ជូន​ទៅ​វៀតណាម វិញ​ជា​បន្តបន្ទាប់​រហូត​ដល់​អស់​ត្រឹម​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ទាក់ទិន​រឿង​ម៉ុងតាញ៉ា នេះ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ យល់​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ឆ្លង​កាត់​នីតិវិធី​វាយ​តម្លៃ​ចំពោះ​ការ​ស្នើសុំ​សិទ្ធិ​ជ្រក​កោន ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នេះ គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​កាតព្វកិច្ច​អន្តរជាតិ ស្តី​អំពី​សិទ្ធិ​ទទួល​បាន​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន៖ «»។

សេចក្តី​ជូន​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ការ​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា នេះ គឺ​អនុវត្ត​ទៅ​តាម​អនុស្សរណៈ​យោគយល់​គ្នា អឹម.អូ.យូ (MOU) ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០០៥ រវាង​កម្ពុជា-វៀតណាម និង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន។ តាម​ស្មារតី អឹម.អូ.យូ គឺ យូ.អិន.អេច្ឆ.ស៊ី.អ ត្រូវ​បាន​រក​ប្រទេស​ទី​៣ សម្រាប់​តាំង​ទី​លំនៅ​ដល់​ជន​ភៀស​ខ្លួន​ចំនួន ១៣​នាក់ ក្នុង​រយៈពេល ៦​ខែ។

លោក សួន ប៊ុនស័ក្តិ បន្ថែម​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​ទទួល​យក​ជន​ភៀស​ខ្លួន​ក្រុម​ម៉ុងតាញ៉ា នោះ គឺ​ដើម្បី​ជួយ​បិទ​បាំង​ភាព​អាម៉ាស់​របស់​ប្រទេស​វៀតណាម ព្រោះ​ការ​រត់​ភៀស​ខ្លួន​របស់​ជនជាតិ​ម៉ុងតាញ៉ា គឺ​ក្រោម​ហេតុផល​នយោបាយ៖ «»។

ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា អះអាង​ថា មូលហេតុ​ដែល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​កំណើត ផ្សង​ព្រេង​តាម​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ចូល​ក្នុង​ប្រទេស​កម្ពុជា នោះ គឺ​ដោយសារ​រដ្ឋាភិបាល​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ​ពួក​គេ​គ្មាន​ពេល​ល្ហែ ទាំង​ការ​ចូលរួម​ផ្នែក​នយោបាយ ការ​រស់នៅ និង​ជំនឿ​សាសនា ជាដើម។ ក្រុម​ម៉ុងតាញ៉ា ដែល​ភៀស​ខ្លួន​មក​នោះ សុំ​អង្វរ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អង្គការ​អន្តរជាតិ ជួយ​សង្គ្រោះ​ជីវិត​ពួក​គេ ដោយ​កុំ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។