ទស្សនកិច្ច​គួរឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​អាសាដ​នៅម៉ូស្គូ

លោកប្រធានាធិបតី​ស៊ីរី​បាន​ទៅដល់​ក្រុងម៉ូស្គូ​ជាបន្ទាន់ កាលពីយប់ថ្ងៃ​អង្គារ ២០តុលា ហើយ​តាម​វិមានក្រេមឡាំង​ នេះ​គឺ​​ជាទស្សនកិច្ច ដើម្បី​ពិភាក្សាការងារ។ វិមាន​ក្រេមឡាំង​បាន​​ឲ្យ​ដឹង​ថា រដ្ឋបុរស​ទាំងពីរ​បានពិភាក្សា អំពី​ដំណើរ​ប្រព្រឹត្តទៅ ​នៃ​ប្រតិបត្តិការរបស់​កងទ័ព​អាកាស​រុស្ស៊ី នៅ​ប្រទេស​ស៊ីរី អំពី​ការ​ប្រយុទ្ធ​ទល់នឹង​ពួក​ក្រុមភេរវជន និង​ក្រុម​ជ្រុលនិយម នៅលើ​ដែនដី​ស៊ីរី និង​ទស្សនៈវិស័យ ​នៃ​ទំនាក់ទំនង​ទ្វេភាគី។ លោក​ពូទីន​វិញ​បាន​គូសបញ្ជាក់​ថា ដំណោះស្រាយ​វិបត្តិស៊ីរី អាច​សម្រេចទៅកើត លុះណា​តែមាន​ការ​ចូលរួម នៃ​គ្រប់​កម្លាំង​នយោបាយ​ទាំងអស់។