យីឌុបបុក​ម៉ូតូ​ស្លាប់​២​នាក់​នៅ​មុខ​ផែស្ងួត សូ ងួត ផ្លូវ​វេងស្រេង

រាជធានី​ភ្នំពេញ ៖ រថយន្ត​យី​ឌុ​ប​១​គ្រឿង​បាន​បើក​ឡើង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ឆ្លង​ទៅ​បុក​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​បន្ត​ទៅ​បុក​របង​ផែស្ងួត​សូ​ងួ​ន​បាក់​អស់​មួយ​ផ្ទាំង​ធំ​ទៀត​ផង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ តុលា ២០១៥ នៅ​ចំណុច​មុខ​ផែស្ងួត​ សូ ​ងួ​ន តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​យី​ឌុ​ប​ម៉ាក​ហ៊ី​ណូ​មាន​ក្បាល​ពណ៌​ស​ឆ្នូត​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2287 បើកបរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​រេ​ចង្កូត​ឡើង​របាំង​​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ដែល​កំពុង​ជិះ​នៅ​ផ្លូវ​ម្ខាង​ទៀត​ក្នុង​ទិស​ដៅ​​ពី​កើត​ទៅ​លិច បណ្តាល​ឱ្យ​បុរស​អ្នក​ជិះ​ម៉ូតូ​២​នាក់ ម្នាក់​បាន​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ ឯ​ម្នាក់​ទៀត​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ចំណែក​ម៉ូតូ​ខូចខាតខ្ទេច​ខ្ទី​ទាំង​ស្រុង ។ ប៉ុន្នឹង​ហើយ​អំណាច​នៃ​​ល្បឿន​មិន​ទាន់​អស់​នៅឡើយ​រថយន្ត​យី​ឌុ​ប​នោះ​​បាន​បន្ត​ទៅ​បុក​របង​ផែស្ងួត​ សូ ងួ​ន បាក់​អស់​មួយ​ផ្ទាំង​ធំ​ទៀត​ទើប​ឈប់ ។ ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត​បង្ក​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ៕