មេដឹកនាំ​អ៊ីរ៉ាក់ពិភាក្សា​គ្នា​អំពី​តម្រូវការ​មេបញ្ជាការម្នាក់​ដើម្បី​សម្របសម្រួល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម

មេដឹកនាំ​អ៊ីរ៉ាក់ពិភាក្សា​គ្នា​អំពី​តម្រូវការ​មេបញ្ជាការម្នាក់​ដើម្បី​សម្របសម្រួល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម

កង​ទ័ព​អ៊ីរ៉ាក់​លើក​ដៃ​ជា​សញ្ញា​ជោគ​ជ័យ​ បន្ទាប់​ពី​បាន​គ្រប់​គ្រង​ទៅ​លើ​ពហុកីឡាដ្ឋាន​ Ramadi និង​តំបន់ al-Bugleeb ដែល​​នៅ​ក្បែរ​នោះ​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៥។​

នៅ​ថ្ងៃ​ពុធ​នេះ​ ក្រុម​មេដឹកនាំ​អ៊ីរ៉ាក់​នឹង​ចាប់ផ្ដើម​ដំណើរការជ្រើសរើស​មេបញ្ជាការ​មួយ​ ដែល​អាច​ធ្វើ​ជា​មេដឹកនាំ​កណ្ដាល​ ដើម្បី​រៀបចំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​កង​កម្លាំង​ផ្សេងៗ​គ្នា​ ដែល​កំពុង​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។

​អគ្គ​មេបញ្ជាការ​យោធា​អាមេរិក​ លោក​ឧត្ដមសេនីយ៍​ Joseph Dunford បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ថា​ ក្រុម​សម្ព័ន្ធ​មិត្ត​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ត្រូវ​ការ​មនុស្ស​ម្នាក់​ ដែល​អាច​បញ្ជា​ប្រតិបត្តិការ​នៅ​លើ​សមរភូមិ​ផ្ទាល់​បាន​ ដើម្បី​ផ្ដល់​ការ​គាំ​ទ្រ​កាន់​តែ​ល្អ​ប្រសើរ​ជាង​នេះ។

ខណៈ​ដែល​ក្រុម​សម្ព័ន្ធ​មិត្ត កំពុង​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស បណ្ដុំ​នៃអ្នក​ប្រយុទ្ធ​ផ្សេងៗ​គ្នា មក​ពី​កងទ័ព​អ៊ីរ៉ាក់​ ក្រុម​សកម្ម​ប្រយុទ្ធ​និកាយ​ស៊ីអ៊ីត​ ក្រុម​កុល​សម្ព័ន្ធ​និកាយ​ស៊ុននី​ និង​កងកម្លាំង​ឧទ្ទាម​ឃឺដ​ សុទ្ធ​តែ​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ នៅ​ផ្នែក​ផ្សេងៗ​គ្នា​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដោយ​ទទួលបាន​ជោគជ័យ​ខុសៗ​គ្នា។​ ជា​ទូទៅ​ ក្រុម​រដ្ឋ​ឥស្លាម​ បាន​កាន់កាប់​ទឹកដី​ភាគច្រើន​ ដែល​ពួកគេ​វាយ​យក​បាន​ កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។

លោក Dunford បាន​ថ្លែង​ថា​លោក នឹង​មិន​ចាត់​ទុក​ស្ថានការណ៍​នៅ​អ៊ីរ៉ាក់​ថា​នៅ​ទ្រឹង​នោះ​ទេ ហើយ​លោក ក៏​នឹង​មិន​និយាយ​អំពី​ថេរវេលា​ជាក់លាក់​ណាមួយ​សម្រាប់​ប្រតិបត្តិ​នោះ​ដែរ។

ជោគជ័យ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ក្រុង​ Beiji ដែល​ជា​កន្លែង​ចម្រាញ់​ប្រេង​ដ៏​សំខាន់​មួយ​ នៅ​ភាគ​ខាង​ជើង​ទីក្រុង​ Baghdad ដែល​នៅ​ទីនោះ មន្ត្រី​យោធា​អ៊ីរ៉ាក់​និង​អាមេរិក​និយាយ​ថា កង​កម្លាំង​អ៊ីរ៉ាក់ បាន​កាន់​កាប់​ឡើងវិញ​ទាំង​ស្រុង ក្រោយ​ពី​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក៕