គ្រូទាយ​ថៃ ក៏​ត្រូវ​ចាប់ខ្លួន ដោយសារ​បទចោទប្រកាន់​ជេរ​ប្រមាថ​ព្រះមហាក្សត្រ

បន្ទាប់ពី​ក្រុមអ្នកប្រឆាំង និស្សិត អ្នកនយោបាយ និង​សិល្បករ ដល់​វេន គ្រូទាយថៃ ដែល​ត្រូវ​ជាប់​ក្នុង​សំណាញ់​បង្រ្កាប​របស់​របបសឹក។ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ គ្រូទាយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ទាហាន​ចាប់​ដាក់ខ្នោះ បញ្ជូន​ទៅ​តុលាការ​យោធា ទៅតាម​បទ​ចោទប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ។ ការនិយាយ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​ត្រូវ​ចាត់ទុក​ជា​បទឧក្រិដ្ឋ តាម​មាត្រា​ទី ១១២ នៃ​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ ដែល​នៅក្នុង​នោះ ជនល្មើស​ត្រូវ​ផន្តាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ។