ស្នេហា​ជួប​ឧបសគ្គ ព្រោះតែ​ខ្ញុំ​ជា​កូន​របស់​ស្ត្រី​លក់ខ្លួន​

Sanofi

​ទំនាក់ទំនង​រវាង​យើង​ទាំងពីរ​អាចនិយាយបាន​ថា​ដូចជា​ទឹក និង ត្រី ពោលគឺ​មិនអាច​រស់នៅ​ខ្វះ​គ្នា​បានឡើយ ។ ខ្ញុំបាទ និង នាង​បាន​ជំពាក់ចិត្ត​គ្នា​តាំងពី​នៅ​ជា​និស្សិត​ឆ្នាំ​ទីមួយ​មកម្ល៉េះ ហើយ​បាន​បន្ត​មកដល់​បច្ចុប្បន្ន​ដែល​ពេលនេះ​ខ្ញុំបាទ​កំពុង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​មួយ​ទទួលបាន​ប្រាក់បៀវត្សរ៍ ច្រើន​គួរសម ។ ចំណែក​សង្សារ​របស់ខ្ញុំ​បាទ​ក៏មាន​ការងារ​ធ្វើ​ទទួលបាន​ប្រាក់ខែ​សមរម្យ​ដែរ ដែល​អាចឱ្យ​ពួកយើង​មិន​បារម្ភ​ពី​អនាគត​ក្រោយ​រៀបការ ។​

​ថ្វីដ្បិតតែ​ខ្ញុំបាទ​ជា​កូនកំព្រា​ឪពុកម្តាយ​ជ្រកកោន​ក្រោម​ដំបូល​វត្ត​យ៉ាងណា​ក៏​សង្សា​របស់ខ្ញុំ​មិន​ប្រកាន់​ពី​ស្ថានភាព​នេះឡើយ គឺ​នាង​ស្រឡាញ់​ខ្ញុំ​ដោយស្មោះ ។ ចំណែក​ឪពុកម្តាយ​រួមទាំង​សមាជិកគ្រួសារ​របស់​នា​ង​ក៏​មិន​ជំទាស់​ពី​ទំនាក់ទំនង​របស់​ពួកយើង​ដែរ ព្រោះ​ខ្ញុំ​មាន​រូបសម្បត្តិ​សមរម្យ​អ្វីដែល​សំខាន់​ខ្ញុំ​ជា​បុរស​ម្នា​ក់មាន​ចរិត​ចាស់ទុំ​ជាង​វ័យ គួរឱ្យ​ពួកគាត់​ទុកចិត្ត​ទុក​ថ្លើម​បាន ។​ សព្វថ្ងៃ​ខ្ញុំបាទ​ជួល​ផ្ទះ​នៅក្បែរ​ផ្ទះ​របស់​នាង និង តែង​ចេញចូល​ផ្ទះ​នាង​គ្រប់ពេល ។ ទំនាក់ទំនង​រវាង​ពួកយើង​ក៏​កាន់តែ​ជិតស្និទ្ធ​ឡើង ប៉ុន្តែ​ព្រំដែន​ប្រពៃណី​បាន​ខ័​ណ្ឌ​ញែក​ពួកយើង​មិនឱ្យ​ប្រព្រឹត្ត​ខុសឆ្គង​ឡើយ ជាហេតុ​ធ្វើឱ្យ​ពួកយើង​កាន់តែ​ស្រឡាញ់ និង ឱ្យ​តម្លៃ​គ្នា​កាន់តែខ្លាំង​រហូតដល់​ឪពុកម្តាយ​របស់​នាង​សម្រេច​ថា​នឹង​រៀប​ការឱ្យ​ពួកយើង​នៅក្រោយ​ចេញ​វស្សា ។

គ្មាន​អ្វីដែល​ធ្វើឱ្យ​ពួកយើង​រំភើប និង មាន​ក្តី​សុខ​នៅពេលដែល​ក្តី​ប៉ងប្រាថ្នា​របស់​យើង​បាន​លេចចេញ​ជា​រូបរាង​ទេ ពួកយើង​ញញឹម​រំភើប​ទាំង​ទឹកភ្នែក ។ ស្រាប់តែ​មួយខែ​ក្រោយមក​រឿង​ដែល​មិន​ឆ្លា​ប់​នឹកគិត​ដល់​នោះ​គឺ​ឪពុកម្តាយ​របស់​នាង​បាន​ហៅ​ខ្ញុំ​មកជួប ហើយ​ដាក់​បម្រាម​យ៉ាង​ដាច់អហង្ការ​ឱ្យ​ឈប់​ទាក់ទង​ជាមួយ​កូនស្រី​គាត់​តទៅទៀត ។ ពេលនោះ​ខ្ញុំ​ព្យាយាម​ជជីក​សួររក​មូលហេតុ​នោះ ពួកគាត់​ប្រាប់ថា​ពួកគាត់​បាន​ស៊ើប​ពី​ប្រវត្តិ​របស់ខ្ញុំ ហើយ​មិនអាច​ទទួលយក​កូនប្រសា​ដែលមាន​ម្តាយ​ជា​ស្រីលក់ខ្លួន​បានឡើយ ។​មែន​ខ្ញុំ​មាន​ម្តាយ​មាន​ប្រវត្តិ​ជា​ស្រីលក់ខ្លួន​គឺជា​ការពិត តែ​ជា​រឿង​អតីតកាល ហើយ​គាត់​បាន​ចែក​ឋាន​ផុត​ទៅហើយ​ដែរ ប៉ុន្តែ​ទឹកចិត្ត​ស្រឡាញ់​របស់ខ្ញុំ​ដែលមាន​ចំពោះ​កូនស្រី​របស់​ពួកគាត់​គឺជា​រឿង​បច្ចុប្បន្នកាល​មិនគួរ​យក​ប្រវត្តិ​សាវតា​គ្រួសារ​មក​ធ្វើជា​ឧបសគ្គ​រារាំង​មិនឱ្យ​ពួកយើង​ជួបគ្នា​ឡើយ ។

-ចំពោះ​រឿងនេះ ខ្ញុំ​មាន​សំណួរ​មួយចំនួន​សួរ​ទៅកាន់​«​ប្រជាប្រិយ​» ។​

១ – តើ​ខ្ញុំ​គួរ​នាំគ្នា​រត់តាម​ការស្នើសុំរ​បស់​សង្សារ​ដែរឬទេ ? ព្រោះ​ឪពុកម្តាយ​របស់​នាង​មាន​គម្រោង​លើក​នាង​ទៅឱ្យ​បុរស​ម្នាក់ទៀត ដែល​ត្រូវជា​បងជីដូនមួយ​រប​ស់​នាង​ដែល​នាង​គ្មាន​ចិត្ត​ស្រឡាញ់​បន្តិច​ណា​សោះ ។​

២ – តើ​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ដើម្បី​បាន​ជួប​នាង​ដោយ​មិនចាំបាច់​នាំគ្នា​រត់ ? ទោះបីជា​ខ្ញុំ​ស្រឡាញ់​នាង​យ៉ាងណា​ក៏​មិនអាច​ធ្វើតាម​នាង​បានដែរ ។​

៣ – តើ​កូន​ដែលមាន​ម្តាយ​ជា​ស្រីលក់ខ្លួន​មិនមែនជា​មនុស្ស​មាន បេះដូង មនោសញ្ចេតនា សេចក្តីស្រឡាញ់ និង ការ​រាប់រក​ក្នុងនាម​ជា​មនុស្ស​ដូចគ្នា ដូចជា​កូន​ដែលមាន​ម្តាយ​ពុំមែន​ជា​ស្រីលក់ខ្លួន​នោះ​មែន​ទេ ?

​ជូន​ចំពោះ​បុរស​មាន​វិបត្តិ​

ចំពោះ​រឿង​របស់​ប្អូន «​ប្រជាប្រិយ​» សូម​ចូលរួមចំណែក​ការយល់ឃើញ​ក៏ដូចជា​ស្រាយ​ពី​ចម្ងល់​របស់​ប្អូន ។ ជាការ​ពិតណាស់ ការ​ទុកដាក់​កូនចៅ​ឱ្យមើល​ផៅសន្តាន គឺជា​សុភាសិត​របស់​ដូនតា​ខ្មែរ​យើង​ដែល​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ ។ នារី​ដែល​ប្រកបមុខរបរ​ផ្លូវភេទ​ត្រូវបាន​សង្គម​ស្អប់ខ្ពើម និង រើសអើង​សូម្បីតែ​ទំនាក់ទំនង​ធម្មតា កុំថាឡើយ​ដល់​ភ្ជាប់​សាច់ឈាម​ជាមួយ​នោះ ។ ឪពុកម្តាយ​សង្សារ​រប​ស់​ប្អូន​បាន​យក​សាវតា​របស់​ម្តាយ​ប្អូន​ធ្វើជា​រនាំង​ផ្តាច់​មនោសញ្ចេតនា​ស្នេហា​ដ៏​ជ្រៀលជ្រៅ​រវាង​ប្អូន និង នាង​យ៉ាង​ដាច់អហង្ការ​រហូត​បណ្តា​ល​ឱ្យ​សង្សារ​របស់​ប្អូន​មានគំនិត​នាំ​ប្អូន​រត់​ដើម្បី​បាន​ជួបនឹង​ប្អូន​ជា​គូជីវិត និង ក៏​ដើម្បី​គេច​ផុតពី​បងប្រុស​ជីដូនមួយ​រប​ស់​នាង​ដែលមាន​គម្រោង​នឹង​រៀបការ​ជាមួយ​នាង ។

ការសម្រេចចិត្ត​របស់​ប្អូន​ដែល​មិន​ព្រម​នាំគ្នា​រត់តាម​គំនិត​សង្សារ​ជាការ​យល់ឃើញ​ត្រូវ និង ជា​អំពើ​ដែលមាន​គុណធម៌​ខ្លាំងណាស់ ព្រោះ​ទង្វើ​នេះ​ស្តែង​ឱ្យឃើញ​ពីស​មានចិត្ត​របស់​ប្អូន​មិនអាច​ព្រោះតែ​ភាព​សមបំណង​ផ្ទាល់ខ្លួន​ត្រូវ​ប្រព្រឹត្ត​រឿង​អកុសល​ដែល​តម្រូវឱ្យ​មនុស្ស​ជាច្រើន​ត្រូវរ​ស់រង​ទុក្ខ​ដោយសារ​ប្អូន ជាពិសេស​ឪពុកម្តាយ​សង្សារ​ប្អូន ។ ជំនួស​មកវិញ​ពី​ការមិន​ប្រព្រឹត្ត​មិនគួរ​នឹងធ្វើ​នេះ គឺ​មានតែ​ប្អូន​ព្យាយាម​ចូលទៅ​ជិត​ឪពុកម្តាយ​របស់​នាង ហើយ​ព្យាយាម​ធ្វើអំពើ​ល្អជា​មួយ​គាត់​រួមទាំង​ក្រុមគ្រួសារ ដូចជា​ការជូន​នំចំណី ផ្លែឈើ ប្រាក់កាស ជាពិសេស​ចេញមុខ​ដោះស្រាយ​បញ្ហា​ដែល​គ្រួសារ​នាង​បាន​ជួបប្រទះ ។ការព្យាយាម​ធ្វើអំពើ​ល្អ រួមទាំង​ពាក្យ​អង្វរករ​របស់​ប្អូន​យូរ ឬ ឆាប់​អាច​នឹង​បន្ទន់ចិត្ត​របស់​ពួកគាត់​ឱ្យ​ពេញចិត្ត​ប្អូន​លើស​មុន​ក៏​ថា​បាន ។ សម្តី​ដែលមាន​ឥទ្ធិពល​បំផុត​នោះ ប្អូន និង សង្សារ​ត្រូវ​បញ្ជាក់ប្រាប់​ពួកគាត់​ថា ពួក​ប្អូន​មិនអាច​រស់នៅ​ដោយ​ខ្វះ​គ្នា​បានឡើយ គឺ​សុខចិត្ត​នៅ​ចាស់​ព្រៅ​រៀងខ្លួន​អស់​មួយជីវិត ។

សម្តី​នេះ​បើ​ពួកគាត់​យកទៅ​ពិចារណា មុខជា​អាចធ្វើឱ្យ​ពួកគាត់​លុបចេញ​នូវ​គំនិត​ស្អប់ខ្ពើម​ប្អូន​ដែលមាន​ប្រវត្តិ​ម្តាយ​ជា​ស្រីលក់ខ្លួន​នោះ​ទៀតផង ព្រោះ​ស្រីលក់ខ្លួន ឬ កូន​របស់​ស្រីលក់ខ្លួន​ក៏​ជា​មនុ​ស្សមាន​បេះដូង​មាន​មនោសញ្ចេតនា ត្រូវការ​សេចក្តីស្រឡាញ់ និង ការ​រាប់រក​ក្នុងនាម​ជា​មនុស្ស​ដូចគ្នា​ដែរ ព្រោះ​ការជ្រើសរើស​យកមុខរ​បរ​នេះ​វា​អាច​បណ្តាលមកពី​មូលហេតុ​ច្រើនយ៉ាង​ដែល​អាច​និយាយបានថា វា​ពុំមែន​ជា​ជម្រើស​ក្នុង​ឆន្ទៈ​របស់​បុគ្គល​ឡើយ ដែល​ទាមទារ​ឱ្យ​យើង​លុបចោល​នូវ​គំនិត​ស្អប់ខ្ពើម និង រើសអើង ជំនួស​មកវិញ​នូវ​ចិត្ត​សង្វេគ អាណិតអាសូរ និង សន្តោស​ប្រណី​ចំពោះ​គ្នា​ផង ។

«​ប្រជាប្រិយ​» សូម​ជូនពរ​ឱ្យ​ប្អូន និង សង្សារ​បាន​ជួបគ្នា​ជា​គូ​សា្វ​មី​ភរិយា​រហូតដល់​ចាស់ព្រឹទ្ធចាស់ព្រេង ៕

Related