កុងតឺន័រ​ទាក់​មែក​បាក់​ដើម​ក្ងោក​១​ដើម​នៅ​ជិត​ស្តុ​ប​ទួល​ទំពូង

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បាន​អែប​ស្តាំ​បម្រុង​ឈប់​ដាក់​អីវ៉ាន់​ស្រាប់តែ​ទាក់​មែក​ក្ងោក​បណ្តាល​ឱ្យ​បាក់​ដើម​ក្ងោក​១​ដើម​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២១ តុលា ២០១៥ នៅ​ចំណុច​ហួស​ស្តុ​ប​ទួល​ទំពូង​បន្តិច តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​កុងតឺន័រ​១​គ្រឿង មាន​ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7587 បើក​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ហួស​ស្តុ​ប​ទួល​ទំពូង​បន្តិច​ក៏​អែប​ស្តាំ​បម្រុង​ឈប់​ដាក់​អីវ៉ាន់​​ ស្រាប់តែ​កន្ទុយ​កុង​តឺន័រ​បាន​ទាក់​នឹង​មែក​ក្ងោក​បណ្តាល​ឱ្យ​បាក់​ដើម​ក្ងោក​អស់​១​ដើម​​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​អធិការ​នគរបាល​ខណ្ឌចំការមន​ដើម្បី​ធ្វើការ​សាកសួរផង​ដែរ ៕