គណបក្ស​សមាជជាតិ​អាហ្រ្វិក​ចង់​ឲ្យ​អាហ្វ្រិក​ខាង​ត្បូង​ចាកចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ

គណបក្ស​សមាជជាតិ​អាហ្រ្វិក​ចង់​ឲ្យ​អាហ្វ្រិក​ខាង​ត្បូង​ចាកចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ

រូបភាព​ឯកសារ ៖ លោក Jacob Zuma ប្រធានាធិបតី​​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ ប្រុង​​ប្រៀប​ថត​រូប​នៅ​ឯ​ជំនួប​កំពូល​​របស់​សហភាព​អាហ្រ្វិក​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៥។​ ​រដ្ឋធានី​វ៉ាស៊ីនតោន—

គណបក្ស​សមាជជាតិ​អាហ្រ្វិក ​ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា គណបក្ស​របស់​ខ្លួន​បាន​ប្រាប់​រដ្ឋាភិបាលរបស់​លោក​ប្រធានាធិបតី Jacob Zuma ឲ្យ​ដក​សមាជិកភាព​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។

ប្រទេស​អាហ្វ្រិក​ខាងត្បូង​និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ មាន​ភាព​ចម្រូងចម្រាស់​នឹង​គ្នា​ ចាប់​តាំង​ពី​ប្រទេស​នេះ​មិន​បាន​ចាប់​ខ្លួន​ប្រធានាធិបតី​ស៊ូដង់​ គឺ​លោកOmar al-Bashir ក្នុង​អំឡុង​ពេល​នៃ​ជំនួប​កំពូលរបស់​សហភាព​អាហ្រ្វិក​ នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​។ ទើប​តែ​សប្តាហ៍​មុន​នេះ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​ស្នើ​ឲ្យ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ផ្តល់​ការ​បកស្រាយ​អំពី​មូលហេតុ​ដែល​មិន​ព្រម​ចាប់​ខ្លួន​លោក Bashir ។​

ប្រធាន​អនុគណៈកម្មាធិការ​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិជាតិ​របស់​គណបក្ស​សមាជជាតិ​អាហ្រ្វិក​ គឺ​លោក​ស្រី Edna Molewa ថ្លែង​ថា​ គណបក្ស​សមាជជាតិ​អាហ្រ្វិក​យល់​ឃើញ​ថា​ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ មិន​បាន​បម្រើការ​ឲ្យ​ទ្វីបអាហ្វ្រិក​ដូច​ដែល​តុលាការ​នេះ​បម្រើ​ឲ្យ​ប្រទេស​នានា​នោះ​ទេ។ លោក​ស្រី Molewa ក៏​បាន​និយាយ​ផង​ដែរ​ថា សេចក្ដី​សម្រេចរបស់​គណបក្ស​សមាជជាតិ​អាហ្រ្វិក​ គឺ​ស្រប​គ្នា​ជាមួយ​នឹង​ការយល់​ឃើញ​របស់​សហភាព​អាហ្វ្រិក ទៅ​លើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។

លោក​ស្រី Molewa ថ្លែង​ថា ​«ដូច​ដែល​អ្នក​ដឹង​ស្រាប់​ហើយ​ថា ​មាន​ការ​វាយតម្លៃ​បន្ត​បន្ទាប់​ទៅ​លើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដោយ​សហភាព​អាហ្រ្វិក​ទាំងមូល ដូច្នេះ​ថ្ងៃ​នេះ ​គណបក្ស​សមាជជាតិ​អាហ្វ្រិក​បាន​លើកឡើង​ពី​អ្វី ​ដែល​សហភាព​អាហ្រ្វិក​ បាន​សម្រេច​នៅ​ក្នុង​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៅ​ថ្ងៃ​នេះ ដើម្បី​ថ្លែង​ទៅ​កាន់​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​ថា​ យើង​ផ្តល់​ដល់​អ្នក​នូវ​អាណត្តិ​មួយ​ សូម​ទៅ​ពិនិត្យ​ឡើងវិញ​នូវ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ហេតុអ្វី? ពីព្រោះ​យើង​មាន​ជំនឿ​ថា​ ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ តាម​ពិត​មិនមែន​បម្រើ​ឲ្យ​ទ្វីប​អាហ្រ្វិក ដូច​ប្រទេស​ដ៏ទៃ​ទៀត​នោះ​ទេ»។ ​

លោក​ស្រី Molewa បាន​និយាយ​ថា​ ក្រុមប្រឹក្សា​ប្រតិបត្តិ​ជាតិ​របស់​គណបក្ស​សមាជជាតិ​អាហ្រ្វិក បាន​ធ្វើ​សេចក្ដី​សម្រេច​តាំង​ពី​មុន​ពេល​ដែល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាហ្រ្វិក​ខាង​ត្បូង បកស្រាយ​អំពី​មូលហេតុ ​ដែល​ខ្លួន​មិន​បាន​ចាប់​ខ្លួន​លោក​ប្រធានាធិបតី Bashir។

លោក​ស្រី​បន្ត​ថា គណបក្ស​សមាជជាតិ​អាហ្វ្រិក បាន​ពិចារណា​ទៅ​លើ​សេចក្ដី​សម្រេច​នេះ តាំង​ពី​យូរ​ណាស់​មក​ហើយ។ លោក​ស្រី Molewa បាន​និយាយ​ថា​ «វា​គឺ​ជា​បញ្ហា​មួយ​ ដែល​ត្រូវ​បាន​វែកញែក ​អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ​មក​ហើយ នៅ​ពេល​ដែល​គណបក្ស​សមាជជាតិ​អាហ្វ្រិក បាន​ធ្វើ​សេចក្ដី​សម្រេច​នេះ គឺ​គ្រាន់​តែ​គណបក្ស​សមាជជាតិ​អាហ្វ្រិក​ទើប​តែ​អនុវត្ត​នៅ​ពេល​នេះ​តែ​ប៉ុណ្ណោះ»។

លោក​ស្រី​ Molewa បាន​បន្តថា គណបក្ស​សមាជជាតិ​អាហ្វ្រិក នៅ​តែ​មាន​ជំនឿ​ទៅ​លើគោលការណ៍​ជា​មូលដ្ឋាន​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដូចជា​ការទប់ស្កាត់​របប​ប្រល័យ​ពូជសាសន៍ ​និង​ការ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ​លោក​ស្រី​បាន​បន្ថែម​ថា ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ បញ្ហា​ទាំង​នោះ អាច​ទុក​ឲ្យ​តុលាការ​សិទ្ធិមនុស្ស​អាហ្វ្រិក​ជា​អ្នក​ដោះស្រាយ​បាន។ ​

លោក​ស្រី Molewa បាន​លើក​ឡើង​ថា គណបក្ស​សមាជជាតិ​អាហ្វ្រិក មាន​ការ​ព្រួយបារម្ភ​អំពី​ប្រទេស​មាន​អំណាច​មួយ​ចំនួន ដែល​បដិសេធ​មិន​ព្រម​ធ្វើ​ជា​សមាជិក​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ​ខណៈ​ដែល​ប្រទេស​ទាំងនោះមាន​អំណាច​ក្នុង​ការ​ណែនាំ​ប្រទេស​ផ្សេងៗ​ទៀត​ឲ្យ​ចូល​ជា​សមាជិក​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ លោក​ស្រី Molewa បាន​ថ្លែង​ថា «ដូច្នេះ​ ប្រសិន​បើ​ប្រទេសអាហ្រ្វិក​ខាងត្បូង​ក៏​ប្រកាស​អំពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​ឯង​ថា នឹង​ដក​ខ្លួន​ចេញ​ពី​សមាជិកភាព​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ យើង​មាន​ជំនឿ​ថា​សេចក្ដី​សម្រេច​នេះ​ត្រូវ​តែ​គោរព​តាម»។

មន្រ្តី​របស់​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​បាន​និយាយ​ថា ពួកគេ​មិន​អាច​ចាប់​ខ្លួន​លោក​ប្រធានាធិបតី​ Bashir បាន​ទេ ព្រោះ​ថា​មេដឹកនាំ​ស៊ូដង់​រូបនេះ​ មាន​អភ័យឯកសិទ្ធិ ជា​មេដឹកនាំ​របស់​អាហ្វ្រិក​ នៅ​ពេល​ដែល​លោក​បាន​ចូល​រួម​ នៅ​ក្នុង​ជំនួប​កំពូល​របស់​សហភាព​អាហ្រ្វិក​ នៅ​ប្រទេស​អាហ្រ្វិក​ខាងត្បូង​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​៕

ប្រែសម្រួលដោយ ហុង ចិន្តា