Cambodian Idol៖ មន្រ្តីបក្សប្រឆាំងរិះគន់ ខណៈ ហ៊ុន សែន សរសើរ

មន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានធ្វើការរិះគន់ លើកម្មវិធី «Cambodia's Idol» របស់​ទូរទស្សន៍​ហង្សមាស ថា​ការ​ជម្រុះ​បេក្ខជន មានភាពមិនប្រក្រតី។ តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ បានថ្លែងសរសើរ បង្ហាញ​ការ​ពេញ​ចិត្ត និង​ការ​គាំទ្រ ដោយ​ការ​បោះ​ឆ្នោត ពីក្រៅ​ប្រទេស​ថែមទៀត។
Cambodian Idol៖ មន្រ្តីបក្សប្រឆាំងរិះគន់ ខណៈ ហ៊ុន សែន សរសើរ
លោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណារាជ៖ គណៈកម្មការពីរនាក់ នៃកម្មវិធី «Cambodian Idol»។ (រូបផ្តិតពីវីដេអូ)

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា បើទោះជារវល់បំពេញការងារ នៅក្រៅ​ប្រទេស​ក៏​ដោយ ក៏លោកនៅតែ​ព្យាយាម​តាមដាន តាមប្រព័ន្ធអ៊ីនធើណែត (Internet) ដែរ នូវកម្មវិធី​កំសាន្ដ​សប្បាយៗ នៅតាមកញ្ចក់ទូរទស្សន៍ នៅក្នុងប្រទេសកម្ពុជាដែរ។ លោកបានថ្លែងឡើងថា ជាមួយនឹង​ការ​ទស្សនា ស្តាប់​នូវ​សំនៀង ដ៏ពិរោះៗទាំងនោះ លោកក៏ចូលរួមបោះឆ្នោតគាំទ្រដែរ មិនថានៅក្នុងប្រទេស ឬក្រៅ​​ប្រទេស​ឡើយ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ វេស្ទើន (Western University) នាព្រឹក​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ២០១៥ កន្លងមកនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានសរសើរទៀតថា ស្ថានីយ​​ទូរទស្សន៍​ហង្សមាស ក្រៅពីកម្មវិធី «Cambodian Idol» នៅមានកម្មវិធីប្រលងចម្រៀង លំដាប់​ពិភពលោក​ផ្សេងៗ ជា​ច្រើន​ទៀត។ លោកនិយាយថា លោកចូលចិត្ត នូវការបង្ហើសំនៀងរបស់បេក្ខជន ជាមួយ​នឹង​សមត្ថភាពរាំ ប្រពៃណី​ខ្មែរ ដូចជារាំឡាំលាវ រាំវង់ រាំសារវ៉ាន់ និងរាំញ៉ាក់ជាដើម ពិសេសការបញ្ចេញសំនៀង ដោយ​ដាក់​មនោសញ្ចេតនា លើបទសម្រៀង ពីសម័យដើម។ តែលោកមិនបានរិះគន់ លើការ​សម្រេច​ទម្លាក់ បេក្ខជន​ទាំង​នោះ ពីសំណាក់គណៈកម្មការឡើយ។

ការលើកឡើងរបស់លោក ហ៊ុន សែន បានធ្វើឡើងទន្ទឹមគ្នា នឹងការរិះគន់ របស់មន្រ្តីជាន់ខ្ពស់ នៃគណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអៀង ដែលបានធ្វើការរិះគន់ យ៉ាងចាស់ដៃ ទៅលើកម្មវិធីនោះថា មានភាព​មិន​ប្រក្រតី នាសប្តាហ៍ចុងក្រោយនេះ ដោយបេក្ខជនមួយចំនួន មានភាពខ្វះខាតតែបន្តិច បែរជាត្រូវធ្លាក់ ហើយ​ដូចជាមានការលាក់លៀម ក្នុងការដាក់ពិន្ទុ របស់សាធារណៈជនទៀតផង។

លោក ឆៃអៀង បានទទួលស្គាល់ថា កន្លងមកទាំងការសម្រេច របស់គណៈកម្មការ និងការបង្ហាញ នូវការ​ដាក់​ពិន្ទុ របស់សាធារណៈជន អាចទទួលយកបាន។ តែលោកបានធ្វើការរិះគន់ នាដំណាក់កាលចុងក្រោយ​នេះ​ថា ហាក់គ្មានតម្លាភាព។

មន្ត្រីគណបក្សប្រឆាំង និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្ដាល បានបញ្ជាក់ថា៖ «ខ្ញុំបានមើលឃើញថា បេក្ខជន​ដែលគណៈកម្មការជ្រើសរើស យកមកប្រកួតប្រជែងហើយ ឲ្យអ្នកទស្សនា ដាក់ពិន្ទុ ក្នុងរយៈពេល​៧​សប្តាហ៍ កន្លងមកនេះ សុទ្ធតែមានសក្តានុពល ក្នុងវិស័យសិល្បៈចម្រៀង។ តែបីសប្តាហ៍កន្លងមកនេះ ខ្ញុំបាន​កត់សម្គាល់ឃើញថា បេក្ខជន ដែលបានជម្រុះចេញ ពីការប្រកួត ហាក់មានភាពមិនប្រក្រតី។ ពោល គឺបេក្ខជន​រូបណា ដែលគណៈកម្មការរិះគន់ ចំណុចខ្វះខាតបន្តិចបន្តួច ដល់ពេលប្រកាសលទ្ធផល បេក្ខជនរូបនោះ​ត្រូវ​ធ្លាក់ ដែលធ្វើឲ្យអ្នកទស្សនាមិនអស់ចិត្ត ព្រោះពិន្ទុ ដែលអ្នកទស្សនា​ដាក់ឲ្យបេក្ខជនមួយរូបៗ មិនត្រូវបាន​បង្ហាញ ជាសាធារណៈ។»

សូមរំលឹកថា ការប្រលងជម្រុះអ្នកសំនៀងឯក ក្នុងកម្មវិធី «Cambodian Idol» ទូទាំងប្រទេស ដែលមាន​បេក្ខជន​រាប់ម៉ឺននាក់ មកនៅត្រឹមបេក្ខជន៤រូបប៉ុណ្ណោះ ដែលនឹងត្រូវជម្រុះបន្ត ក្នុងសប្តាហ៍ក្រោយនេះ។ បេក្ខជន​ទាំង​បួន​រូបនោះ រួមមានស្រ្តីម្នាក់ និងបុរសបីនាក់ ដូចជាកញ្ញា សុវត្ថឌី ធារីកា, លោក សៅ ឧត្តម, លោក នី រតនា និង​លោក ម៉ៅ ហាជី៕