អៀង វុត្ថា តស៊ូ​ច្រៀង​តាំងពី​គ្មាន​បាន​អ្វី​មួយ​សេន រហូត​ត្រៀម​ខ្លួន​ចូល​ផលិតកម្ម


អៀង វុត្ថា តស៊ូ​ច្រៀង​តាំងពី​គ្មាន​បាន​អ្វី​មួយ​សេន រហូត​ត្រៀម​ខ្លួន​ចូល​ផលិតកម្ម

តារា​ចម្រៀង​ពន្លក​ថ្មី អៀង វុត្ថា និយាយ​ថា ​រូប​លោក​ចូលចិត្ត និង​ ចេះ​ច្រៀង​តាំងពី​មិន​ទាន់​ដឹង​ក្ដី។ ម៉្លោះ​ហើយ​ទើប​ធ្វើឲ្យ​លោក​ចេះ​តែ​សុំ​គេ​ឡើង​ច្រៀងស្ទើរ​​គ្រប់​កម្មវិធី​ដែល​មាន​ក្នុង​ភូមិ ដោយ​គ្មាន​លុយ​សូម្បី​តែ ១០០ រៀល។ ឥឡូវ​ព្រោះ​តែ​ការ​ខិតខំ​ប្រឹងប្រែង​នេះ​ហើយ ធ្វើឲ្យ​រូប​លោក​អាច​មាន​ឱកាស​​ត្រៀម​ខ្លួន​ចូល​ផលិតកម្ម​ក្រុង​ស្រុក​មួយ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

 

អៀង វុត្ថា តស៊ូ​ច្រៀង​តាំងពី​គ្មាន​បាន​អ្វី​មួយ​សេន រហូត​ត្រៀម​ខ្លួន​ចូល​ផលិតកម្ម

 

វុត្ថា បាន​រៀបរាប់​​ថា ​កាលពី​ក្មេង​លោក​ជា​ក្មេង​ដែល​ចូលចិត្ត​ច្រៀង​ណាស់ ហើយ​អ្នក​ស្រុក​អ្នក​ភូមិ​ឲ្យ​តែ​មាន​កម្មវិធី​មង្គលការ ឬ​ជប់លៀង​អី​ផ្សេង​ៗ គឺ​គេ​តែង​សំណូមពរ​ឲ្យ​លោក​ឡើង​ច្រៀង​ជានិច្ច។ ពេល​ធំ​ពេញ​វ័យ​ឃើញ​ថា ​ខ្លួន​ឯង​មាន​សមត្ថភាព​បែប​នេះ តារា​ប្រុស​វ័យ ២៣ ឆ្នាំ​រូប​នេះ​ ក៏​សម្រេចចិត្ត​មក​ភ្នំពេញ​ដើម្បី​ប្រឡង​ក្នុង​កម្មវិធី​​សំនៀង​ឯក​ ក្លឹប​សិល្បៈ​ឌីភី  និង​ទទួល​បាន​ជយលាភី​លេខ ៤ កាលពី​ឆ្នាំ ២០១៣។ បន្ទាប់​មក​លោក កុយ ស៊ីដឿន ម្ចាស់​ក្លិប​សិល្បៈ ​ឌីភី ​បាន​ឲ្យ​លោក​ចូលរួម​ក្នុង​វង់​តន្ត្រី​នេះ​រយៈពេល ២ ឆ្នាំ។

 

តារា​មាន​ស្រុក​កំណើត​លើ​ទឹកដី​កំពង់ចាម​បាន​បន្ត​ថា៖ “ខ្ញុំ​បាទ​បាន​ត្រៀម​ខ្លួន​ចូល​ក្នុង​ផលិតកម្ម មេហ្គា ស្ទួឌីយោ ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។ តែ​ឥឡូវ​ខ្ញុំ​បាន​សម្ដែង​ក្នុង​ចម្រៀង​មួយ​បទ​ឲ្យ​ទី​នោះ​រួច​ហើយ គ្រាន់តែ​មិន​ទាន់​បាន​ថត​ចម្រៀង​ប៉ុណ្ណោះ។”

 

អៀង វុត្ថា តស៊ូ​ច្រៀង​តាំងពី​គ្មាន​បាន​អ្វី​មួយ​សេន រហូត​ត្រៀម​ខ្លួន​ចូល​ផលិតកម្ម

 

ថ្វីត្បិត​តែ​មាន​អាជីព​ជា​តារា​ចម្រៀង​ក៏​ពិត​មែន តែ វុត្ថា លើកឡើងថា​ មិន​បាន​បោះបង់​ការ​សិក្សា​ចោល​ទេ ដោយ​បច្ចុប្បន្ន​លោក​ គឺជា​ និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​ធនាគារ​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

 

លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ ពោធិ៍ ឃុំ​សំពងជ័យ ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម។ ឪពុក​ម្ដាយ ​គឺជា ​អាជីវក​ និង​ មាន​បងប្អូន​បួន​នាក់​លោក​ជា​កូន​ទីពីរ ហើយ​ក្ដី​សុបិន​​​​​របស់​លោក គឺ​ចង់​បើក​ជំនួញ​ផ្ទាល់​ខ្លួន​មួយ និង​ ចង់​ក្លាយ​ជា​តារា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ៕

 

អៀង វុត្ថា តស៊ូ​ច្រៀង​តាំងពី​គ្មាន​បាន​អ្វី​មួយ​សេន រហូត​ត្រៀម​ខ្លួន​ចូល​ផលិតកម្ម

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ផ្ដល់ឲ្យ