លោកគ្រូ យ៉ែម ជ្រិន នៅតែអះអាងថា ការចាក់ថ្នាំរបស់ខ្លួន មិនចម្លងមេរោគអេដស៍ ទៅពលរដ្ឋឃុំរកា

បាត់ដំបង៖ នៅចំពោះមុខអង្គចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង លោក យ៉ែម ជ្រិន គ្រូពេទ្យ ដែល រងការចោទប្រកាន់ថា បានចាក់ថ្នាំឲ្យអ្នកឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ប្រមាណ ២៩០នាក់ ឆ្លងមេរោគអេដ ស៍ នៅតែអះអាងថា ខ្លួនបានចាក់ថ្នាំជូនប្រជាពលរដ្ឋទៅតាមវិជ្ជាជីវៈត្រឹមត្រូវ មិនបាននាំឲ្យមានការចម្លងមេរោគ  ទៅប្រជាពលរដ្ឋក្នុងភូមិនោះឡើយ។

តុលាការខេត្តបាត់ដំបង បានលើកយកសំណុំរឿងគ្រូពេទ្យចាក់ថ្នាំចម្លងមេរោគអេដស៍ទៅកាន់អ្នកឃុំរកា មកជំនុំ ជម្រះចំនួន ២ថ្ងៃហើយចាប់តាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ហើយសវនាការនេះមិនទាន់បញ្ចប់នៅឡើយទេ។

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង លោកស្រី ទៀង សំបូរ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះថា សវនាការ បានសាកសួរលើដើមបណ្តឹងបានចំនួន ៣៥នាក់ហើយ ក្នុងចំ  ណោមដើមបណ្តឹង ១២០នាក់។ លោកស្រី បានបញ្ជាក់ថា សវនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី២៨ ខែតុលា។

នៅក្នុងសវនាការ ដើមបណ្តឹង ដែលកំពុងផ្ទុកមេរោគអេដស៍ ត្រូវបានចៅក្រមហៅឡើងសាកសួរម្តងម្នាក់ៗ ទៅលើ  ដំណើរដើមទងនាំឲ្យពួកគេកើតជំងឺអេដស៍នេះ។ លោកគ្រូពេទ្យប្រចាំភូមិ យ៉ែម ជ្រិន ក៏ត្រូវបានចៅក្រមហៅឡើង បកស្រាយ និងការពារទៅលើការចោទប្រកាន់ពីដើមបណ្តឹងផងដែរ។

កញ្ញា សូរិយា អាយុ ៣០ឆ្នាំ ជាពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋ ២៩០នាក់ ដែលបានឆ្លងមេរោគអេដស៍ និង បាន  ចូលរួមក្នុងសវនាការនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ បានប្រាប់ថា កញ្ញា បានប្តឹងលោក យ៉ែម ជ្រិន ទារ សំណងជំងឺចិត្តចំនួន ៥លានរៀល និងទាមទារឲ្យដាក់ពន្ធនាគារអស់មួយជីវិត។

បើតាម សូរិយា ដើមបណ្តឹងដទៃទៀត ក៏បានប្តឹងទាមទារដូចកញ្ញាផងដែរ ដោយទាមទារឲ្យដាក់ពន្ធនាគារលោក  យ៉ែម ជ្រិន អស់មួយជីវិត ហើយអ្នកខ្លះទៀតទាមទារសំណងជំងឺចិត្ត ៨០លានរៀល ខ្លះទៀត ២ពាន់ដុល្លារ...។

សូរិយា បានបញ្ជាក់ថា នៅក្នុងសវនាការនេះ កញ្ញា ក៏ដូចជាដើមបន្តឹងដទៃទៀត ត្រូវបានចៅក្រមហៅសួរម្តងៗ ម្នាក់ ពីមូលហេតុ និងដំណើរដើមទងមុនឈានទៅដល់ការឆ្លងមេរោគអេដស៍នេះ។

សូរិយា បានបញ្ជាក់ថា កញ្ញា មិនដែលបានចេញពីភូមិ ហើយក៏មិនធ្លាប់ទៅព្យាបាលជំងឺនៅកន្លែងណាផ្សេងដែរ  ពោលក្រៅតែពីការទៅជួសឈាមពិនិត្យរកមេរោគនៅគ្លីនិកមួយកន្លែង ក្នុងទីរួមស្រុកសង្កែ គឺកញ្ញាតែងតែរកសេវា ព្យាបាលពីលោគ្រូ យ៉ែម ជ្រិន។ កញ្ញា បានឲ្យដឹងថា នៅមុនពេលពិនិត្យរកឃើញថា មានជំងឺអេដស៍នេះ គឺកញ្ញា  បានឲ្យលោកគ្រូពេទ្យ យ៉ែម ជ្រិន ទៅចាក់ថ្នាំ និងព្យួរសេរ៉ូម ពេលកញ្ញាមានជំងឺគ្រុនពោះវៀន។

បើទោះបីដើមបណ្តឹងសុទ្ធតែអះអាងថា ជំងឺអេដស៍នៅក្នុងខ្លួនពួកគេ សុទ្ធតែឆ្លងតាមរយៈការចាក់ថ្នាំរបស់លោកគ្រូ  ពេទ្យ យ៉ែម ជ្រិន យ៉ាងណាក្តី។ តែនៅចំពោះមុខអង្គចៅក្រម លោក យ៉ែម ជ្រិន នៅតែឆ្លើយច្រានចោលរាល់ការ ចោទប្រកាន់ ដោយអះអាងថា រូបលោក បានចាក់ថ្នាំទៅតាមវិជ្ជាជីវៈត្រឹមត្រូវ មានអនាម័យ មិនបានចាក់ថ្នាំ ដោយ ប្រើម្ជុលរួមសម្រាប់អ្នកជំងឺនោះឡើយ។ នេះបើតាមការបញ្ជាក់ របស់ សូរិយា ដែលបានចូលរួមក្នុងសវនាការ។

លោក យ៉ែម ជ្រិន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ចំនួន ៣បទល្មើសរួម  មាន៖ ទី១- បទឃាតកម្មអំពើឃោរឃៅ (មាត្រា ២០៥) នៃក្រមព្រហ្មទណ្ឌ ទី២- ការប្រព្រឹត្តចម្លងមេរោគដេស៍ទៅ  អ្នកដទៃ (មាត្រា១៨ និងមាត្រា៥០) នៃច្បាប់ស្តីពីការបង្ការ និង ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដ  ស៍/ជំងឺអេដស៍ និង បទល្មើស ទី៣- បទធ្វើអាជីវកម្មពេទ្យ ដោយគ្មានការអនុញ្ញាត។

អ្នកឃុំរកាប្រមាណ ២៩០នាក់ ត្រូវបានធ្វើតេស្តឈាមរកឃើញថា ផ្ទុកមេរោគអេដស៍កាលពីខែធ្នូ ឆ្នាំ២០១៤។  មកដល់បច្ចុប្បន្ននេះ អ្នកផ្ទុកមេរោគអេដស៍ ក្នុងឃុំរកា ១០នាក់ហើយ បានទទួលមរណភាព។ អ្នកស្លាប់ទាំង ១០  នាក់នេះ មានប្រុស ៦នាក់ ស្រី ៤នាក់។

អ្នកស្រី សឹម ពៅ មេឃុំរកា បានអះអាងថា ប្រជាពលរដ្ឋ ដែលបានឆ្លងមេរោគអេដស៍ ហាក់មានអារម្មណ៍ល្អ ប្រ  សើរជាងមុន ពោលមិនតក់ស្លុតដូចកាលពិនិត្យឈាមរកឃើញមេរោគភ្លាមៗនោះទេ បន្ទាប់ពីទទួលបានការអប់រំ ផ្លូវចិត្ត។ អ្នកស្រី សឹម ពៅ ក៏បានអះអាងផងដែរថា សុខភាពរបស់អ្នកផ្ទុកមេរោគអេដស៍ ក៏បានល្អប្រសើរដែរ  បន្ទាប់ពីពួកគេបានទទួលថ្នាំពន្យារជីវិតទៀងទាត់។

បើទោះបីបានទទួលថ្នាំលេបទៀងទាត់យ៉ាងណាក្តី តែសម្រាប់ សូរិយា វិញ នៅតែមានសុខភាពទ្រុឌទ្រោម និង តែងតែកើតជំងឺផ្សេងៗដូចជាក្តៅខ្លួន ផ្តាសាយ ឡើងកូនកណ្តុរ ជាញឹកញាប់ ហើយកម្លាំង ក៏ល្អិតល្ហីផងដែរ៕

លោកគ្រូ យ៉ែម ជ្រិន នៅតែអះអាងថា ការចាក់ថ្នាំរបស់ខ្លួន មិនចម្លងមេរោគអេដស៍ ទៅពលរដ្ឋឃុំរកា

លោកគ្រូ យ៉ែម ជ្រិន នៅតែអះអាងថា ការចាក់ថ្នាំរបស់ខ្លួន មិនចម្លងមេរោគអេដស៍ ទៅពលរដ្ឋឃុំរកា