នៅពេល​ឃើញ​បុរស​មួយចំនួន​នោម​តាម​ទីសាធារណៈ ធ្វើ​ឲ្យ​នារី​ពិបាក​ភ្នែក​

រាជធានី​ភ្នំពេញ : មាន​បុរស​មួយចំនួន​បាន​បន្ទោបង់​នៅតាម​ជញ្ជាំង របង សួនច្បារ បង្គោល​ភ្លើង និង​ទីសាធារណៈ​ដទៃទៀត​ដោយ​ពុំបាន​គិតដល់​ផលប៉ះពាល់​ទៅលើ​អ្នកដទៃ ក៏ដូចជា​ភាពអាម៉ាស់​របស់ខ្លួន​នោះឡើយ​។ ការ​បន្ទោបង់​នៅតាម​ទីសាធារណៈ ពិតជា​អំពើ​ពុំគប្បី​មួយ​ដែល​នាំ​ឲ្យ​បាត់បង់​ភាពថ្លៃថ្នូរ​របស់ខ្លួន​ បាត់បង់​សោភ័ណភាព គ្មាន​សណ្តាប់ធ្នាប់​ក្នុងសង្គម និង​ជា​អំពើ​អសីលធម៌​ដែល​នាំ​ឲ្យ​ជនបរទេស​វាយតម្លៃ​ពុំ​ល្អ​មកលើ​ប្រជាជន​ យើង​។ មិនតែប៉ុណ្ណោះ វា​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​ស្ត្រី​ផងដែរ ដែល​ពិបាក​នឹង​ឃើញ​រូបភាព​នោះ​។​

​ស្ថិតក្នុង​ទិដ្ឋភាព​បែបនេះ មានមតិ​ខ្លះ​បាន​លើកឡើងថា “​នោម​នៅតាម​សាធារណៈ​ជាការ​មួយ​ធ្វើ​ឲ្យ​ខូច​សណ្តាប់​ស្នាប់​សង្គម មាន​ក្លិន​មិនល្អ​នៅពេល​គេ​ដើរទៅ ជាធម្មតា​ដូច​នៅ​ទី​សួនច្បារ នាំ​ឲ្យ​មាន​ក្លិន​អាក្រក់ ខូច​បរិស្ថាន​។ ដោយហេតុថា ខ្មែរ​យើង​ជា​អ្នក​សុភាពរាបសា មាន​ប្រពៃណី ទំនៀមទម្លាប់​ល្អ តែ​នៅពេលនេះ​មាន​អ្នក​មក​នោម​ផ្តេសផ្តាស ជាការ​មួយ​ពុំ​ល្អ ម្យ៉ាង​នៅពេលដែល​នារី​បានឃើញ​ដោយ​ចៃដន្យ អ្នកខ្លះ​យល់ថា នោម​ទីសាធារណៈ​ជា​មនុស្ស​អន់​ចរិត ជា​មនុស្ស​គ្មាន​មារយាទ គ្មាន​ភាព​អៀនខ្មាស តាម​ការពិត​គ្មាន​បំណង​មើល​នោះទេ​។​

​ចំណែក​អ្នកខ្លះ​បាន​បង្ហើប​ថា “​ខ្ញុំ​ស្អប់​អ្នក​ដែល​នោម​គ្មាន​សណ្តាប់ធ្នាប់ ជា​អ្នក​ដែល​អន់​ចរិត អត់​ចេះ​រក​កន្លែង​ណា​ឲ្យ​បាន​សមរម្យ ឬ​លាក់កំបាំង​ណាមួយ​ទៅ​។ “ អ្នក​នោម​ផ្តេសផ្តាស នាំ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សង្គម ខូច​សោភ័ណភាព អត់​ល្អមើល​ទេ​។ សូម​ឲ្យ​អ្នក​ដែល​បានធ្វើ​ទង្វើ​ទាំងនោះ​គិត​ឡើងវិញ ព្រោះ​ជា​អំពើ​អសកម្ម​មួយ ដែល​នាំ​ឲ្យ​ជនបរទេស​វាយតម្លៃថា ជា​ជន​គ្មាន​សណ្តាប់ធ្នាប់​។ អ្នក​នោម​តាមផ្លូវ ជាការ​មួយ​អសីលធម៌​ខ្លាំងណាស់ អ៊ីចឹង​សូម​ឲ្យ​មានការ​កែប្រែ​ឡើងវិញ​ផង ដែល​ប្រុស​មួយចំនួន​ប្រ​ពឹ​ត្ត​រាល់ថ្ងៃ​ហ្នឹង គួរតែ​ព្យាយាម​រក​បន្ទប់ទឹក ឬ​កន្លែង​លាក់បាំង និង​កន្លែង​ណាមួយ​ដែល​យើង​គិតថា មិនអាច​មាន​អ្នក​មើលឃើញ​”​។​

​ចំពោះ​ករណីនេះ​បុរស​ដែល​បាន​បន្ទោបង់​នៅតាម​ទីសាធារណៈ​បាន​និយាយថា “ មកពី​ប្រញាប់​ពេក ឬ​មកពី​ស្រវឹង ស្រវឹង​ទើប​ដោះ​ទាល់ ដោយ​គិតថា​មិនជា​បញ្ហា​”​។​

​ចុះ​ចំពោះ​អ្នក​វិញ តើ​ធ្លាប់​ប្រព្រឹត្ត​បែបនេះ​ដែរ​ទេ​? ដកស្រង់ កំណើតថ្មី

នៅពេល​ឃើញ​បុរស​មួយចំនួន​នោម​តាម​ទីសាធារណៈ ធ្វើ​ឲ្យ​នារី​ពិបាក​ភ្នែក​