អនុប្រធានា​ធិបតី​អាមេរិក​ Joe Biden​ និយាយថា​លោក​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិតី​ទេ

អនុប្រធានា​ធិបតី​អាមេរិក​ Joe Biden​ និយាយថា​លោក​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិតី​ទេ

អនុប្រធានាធិតីអាមេរិក Joe Biden ដែល​អម​ដោយ​ភរិយារបស់​លោក និង​លោក​ប្រធានាធិតី បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ថា​លោក​នឹង​មិន​ស្វែង​រក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិតបតី​ទេ ដែល​ការ​ប្រកាស​នេះ​ធ្វើឡើង​កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។

លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​Joe Biden​ បាន​សម្រេច​មិនស្វះស្វែងរក​ការតែងតាំង​ជា​បេក្ខជនប្រធានា​ធិបតី​សម្រាប់​គណបក្ស​ប្រ​ជាធិបតេយ្យនៅ​ឆ្នាំ​២០១៦ ​ដែល​ការ​សម្រេច​នេះ​បាន​បញ្ចប់​ការ​ប៉ាន់ស្មានអស់​រយៈ​ពេល​ជា​ច្រើន​ខែ​ អំពី​សំណួរ​ថា​តើ​លោក​នឹង​ឈរ​ឈ្មោះ​ដែរ​ឬ​ទេ។

ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នៅ​សួន​កុលាបក្នុង​សេតវិមាន ​លោក​អនុប្រធានាធិបតី ​Biden​ បាន​មាន​ប្រសាសន៍​ថា ​ដំណើរ​ការដ៏​ទុកព្រួយ​បន្ទាប់ពី​កូន​របស់​លោកឈ្មោះ ​Beau​ បាន​ទទួល​មរណៈភាព​ដោយសារ​ជំងឺ​មហារីក​ខួក្បាល​កាល​ពី​ខែ​ឧសភា ​បាន​ធ្វើឲ្យ​លោក​មិន​អាច​យក​ចិត្ត​ទុកដាក់​បាន​ហ្មត់ចត់អំពី​បញ្ហា​នានា​ដូចជា​ពេល​កំណត់​ឬការ​ជជែក​ពិភាក្សា​ពី​បញ្ហា​នេះ។

លោក​អនុប្រ​ធានាធិបតី ​Biden​ បាន​មាន​ប្រសាសន៍​ដូច្នេះ​ ​ដោយ​មាន​ភរិយា​របស់​លោក​គឺ​លោកស្រី ​Jill​ និង​លោក​ប្រធានា​ធិបតី​ បារ៉ាក់ ​អូបាម៉ា ​ឈរនៅ​ជាប់​លោក។លោក​អនុប្រធានា​ធិបតី ​Biden​ មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ​យើង​លែង​មាន​ពេល​វេលា​ទៀត​ហើយ​ ពេលវេលា​ជាការ​សំខាន់ដើម្បី​បង្កើន​យុទ្ធនាការ​ឃោស​នា​ឲ្យ​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានា​ធិបតី»។

លោក​អនុប្រធានា​ធិបតី ​Biden ដែល​មាន​អាយុ​៧២​ឆ្នាំ ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ខណៈ​ដែល​លោក​មិន​មែន​ជា​បេក្ខជន ​លោក​នឹង​និយាយ​ឲ្យ​បាន​ច្បាស់​លាស់​អំពីទិស​ដៅ​ដែល​លោក​នឹងទៅ​ ថា​តើទៅ​ក្នុង​នាម​ជា​ប្រទេស​ជាតិ​មួយ​ ឬ​ទៅ​ក្នុង​នាម​ជា​បក្ស​នយោបាយ​មួយ។

លោក​អនុប្រធានា​ធិបតី ​ក៏​បាន​សរសើរ​លោក​ប្រធានា​ធិបតី​ បារ៉ាក់ ​អូបាម៉ា ​ដោយ​មាន​ប្រសាសន៍​ថា៖ «​លោក​ប្រធានាធិបតី ​បាន​ដឹក​នាំ​ប្រទេស​ចេញ​ពី​វិបត្តិសេដ្ឋ​កិច្ច​ឆ្ពោះ​ទៅ​កាន់​ការ​ងើប​ឡើង​វិញ‍»។ លោក​អនុប្រធានា​ធិបតី ​បាន​បន្ថែម​ទៀត​ថា «គណបក្ស​នេះ​និង​ប្រទេស​យើង​ទាំង​មូល ​នឹង​ធ្វើ​កំហុស​ដ៏​ធ្ងន់​ធ្ងរមួយ ​ប្រសិនបើ​យើង​ដើរ​ចេញ​ឬ​ប៉ុនប៉ង​មិន​អនុវត្ត​កេរ​ដំណែល​ត្រឹម​ត្រូវ​តាម​ច្បាប់​របស់​លោក​ប្រធានា​ធិបតី​អូបាម៉ា​នោះ​ទេ‍»។

លោក​អនុប្រធានា​ធិបតី​ Biden​ បាន​ចំណាយ​ពេល​ជាង​៣​ទសវត្សរ៍​នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកដែល​តំណាង​ឲ្យ​រដ្ឋ Delaware។ លោក​បាន​ធ្វើ​យុទ្ធ​នាការឈរ​ឈ្មោះ​ប្រធានា​ធិបតី​២លើក​កាល​ពី​ពេល​មុន​ តែ​មិន​បាន​ទទួល​ជោគ​ជ័យ៕