MCL-2015៖ ប៉ូលិស និងទ័ព ធ្លាក់ ដោយសារកីឡាករ Marie Privat នៃក្រុម Cam-Tiger

ភ្នំពេញ៖ ខ្សែប្រយុទ្ធ Marie Privat បានជួយក្រុម Cambodian Tiger ឲ្យដណ្ដើមបានកៅអីវគ្គ ៤ក្រុមចុងក្រោយជាលើកដំបូង បន្ទាប់ពីរកបានគ្រាប់បាល់ជ័យជម្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ដោយលទ្ធផល ២-១ នៅក្នុងជំនួបបញ្ចប់ជុំទី២ នៃពាន MCL-2015 កាលពីថ្ងៃទី២១ ខែតុលាម្សិលមិញ ។ ជ័យជម្នះនេះដែរ ក៏សមល្មមនឹងបញ្ចប់ក្ដីសង្ឃឹមក្រុមប៉ូលិស និងក្រុមក្រសួងការពារជាតិ(ទ័ព) ដែលរំពឹងឡើងទៅវគ្គបន្ដផងដែរ ។

សម្រាប់ជំនួបរវាងក្រុមប៉ូលិស និងក្រុម Cambodian Tiger នៅលើវាលស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិកាលពីម្សិលមិញតង់ទី១ កីឡាករ សួង វិរៈ បានរកគ្រាប់បាល់នាំមុខ ១គ្រាប់ឲ្យក្រុម Cambodian Tiger នៅនាទី៣៦ ប៉ុន្ដែនៅដើមតង់ទី២ កីឡាករ ទិត ឌីណា បានធ្វើការវាយបកជួយក្រុមប៉ូលិស តាមស្មើ ១-១ វិញនៅនាទី៤៩ ។ ក្រោយមកកីឡាករខ្សែបម្រើ-ការពាររបស់ក្រុមប៉ូលិស អៀង ទីន ត្រូវបានលោកអជ្ញាកណ្ដាល ថោង ច័ន្ទកិត្យា ពិន័យកាតក្រហម ដោយសារការបង្កកំហុសធ្ងន់ធ្ងរលើកីឡាករ តាំង សុភ័ក្រ្ដ របស់ក្រុម Cambodian Tiger ។

ដោយមើលឃើញឱកាសល្អបែបនេះ ក្រុម Cambodian Tiger បានព្យាយាមដាក់សម្ពាធជាខ្លាំងក្រុមប៉ូលិស រហូតដល់នាទីទី៨៨ ទើបកីឡាករ Marie Privat តែតបាល់ទម្លុះសំណាញ់ទីក្រុមប៉ូលិស ១គ្រាប់ទៀត ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Cambodian Tiger មាន ៤០ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៣ជាបណ្ដោះអាសន្ន ហើយទម្លាក់ក្រុមប៉ូលិសឲ្យនៅរក្សា ៣៥ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៦ដដែល ។

ប៉ុន្ដែអ្វីដែលជាការសោកស្ដាយនោះ គឺក្រុមក្រសួងការពារជាតិ ដែលប្រឹងប្រែងលេងជាខ្លាំង ទម្រាំយកឈ្នះក្រុមវេស្ទើន ដោយលទ្ធផលបច្ចេកទេស ៣-២ កាលពីម្សិលមិញ ដើម្បីប្រជែងយកកៅអី Top-4 បែរជាឥតប្រយោជន៍ទៅវិញ ដោយសារតែកីឡាករ Marie Privat តែម្ដង ព្រោះក្នុងការប្រកួតរវាងក្រុម Cambodian Tiger និងក្រុមប៉ូលិស ប្រសិនបើប៉ូលិសឈ្នះវិញ នោះក្រុមក្រសួងការពារជាតិ អាចនឹងមានសង្ឃឹមច្រើនក្នុងការបន្ដទៅវគ្គ Play-Off ។

ជ័យជម្នះរបស់ក្រុមក្រសួងការពារជាតិ លើក្រុមវេស្ទើន គឺបានធ្វើឲ្យក្រុមនេះមាន ៣៨ពិន្ទុក្នុងដៃស្មើក្រុមណាហ្គាវើល ប៉ុន្ដែក្រុមណាហ្គាវើល នៅសល់ ១ប្រកួតទៀត ។ ទោះជាយ៉ាងក្រសួងការពារជាតិ បានធ្លាក់បាត់ទៅហើយ ដោយសារពិន្ទុស្មើគ្នាមែន តែបើគិតតាមរូបមន្ដ Head to Head គឺទ័ព ចាញ់ប្រៀបក្រុមណាហ្គា ត្រង់ថា ជំនួបជុំទី១ និងជុំទី២ គឺទ័ព ចាញ់ណាហ្គាវើលរហូតតែម្ដង ។ ដូច្នេះមានន័យថា ក្រុម Cambodian Tiger គឺបានដឹកនាំក្រុមណាហ្គាវើល ឡើងទៅវគ្គខ្វែង ៤ក្រុមចុងក្រោយជាមួយក្រុមជើងខ្លាំងបឹងកេតអង្គរ និងក្រុមភ្នំពេញក្រោនហើយពេលនេះ ៕

MCL-2015៖ ប៉ូលិស និងទ័ព ធ្លាក់ ដោយសារកីឡាករ Marie Privat នៃក្រុម Cam-Tiger

MCL-2015៖ ប៉ូលិស និងទ័ព ធ្លាក់ ដោយសារកីឡាករ Marie Privat នៃក្រុម Cam-Tiger