តោះ​ទាយ! បឹងកេត ឬ ​ភ្នំពេញក្រោន ​តំណាង​កម្ពុជា​ទៅ​លេង​ពាន Toyota Mekong Cup?


តោះ​ទាយ! បឹងកេត ឬ ​ភ្នំពេញក្រោន ​តំណាង​កម្ពុជា​ទៅ​លេង​ពាន Toyota Mekong Cup?

ក្រុម​បឹងកេតអង្គរ​នឹង​ត្រូវ​ជួប​ប្រកួត​សន្សំ​ពិន្ទុ​លើក​ចុង​ក្រោយ ជាមួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោន នៅ​វេលា​ម៉ោង ៣:៣០​រសៀល លើ​ទីលាន​កីឡដ្ឋាន​ស្មៅ​ធម្មជាតិ​កងយោធពល​ខេមរភូមិន្ទ​(ស្តាត​ចាស់)។ តើ​ក្រុម​ណា​នឹង​បាន​ឈរ​លើ​កំពូល​តារាង តំណាង​កម្ពុជា​ទៅ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Cup Championship នៅ​ប្រទេស​ឡាវ?

 

តោះ​ទាយ! បឹងកេត ឬ ​ភ្នំពេញក្រោន ​តំណាង​កម្ពុជា​ទៅ​លេង​ពាន Toyota Mekong Cup?
ក្រុម​បឹង​កេត​អង្គរ

 

ក្រុម​បឹងកេតអង្គរ ពុំ​មាន​បញ្ហា​របួស​កីឡាករ​ឡើយ ដោយសារ​ពេល​ប៉ះ​វេស្ទើន​កាល​ពី​ថ្ងៃ​អាទិត្យ អ្នក​ចាត់ការ​បាន​រក្សា​ទុក​ជើង​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន។ ក្រុម​បឹង​កេត​កំពុង​ឈរ​លើ​កំពូល​តារាង​បណ្ដោះ​អាសន្ន មាន៥៤​ពិន្ទុ លើស​ក្រុម​ភ្នំពេញ​ក្រោន៣​ពិន្ទុ បន្ទាប់​ពី​ឈ្នះ​វេស្ទើន​ក្នុង​សប្ដាហ៍​ទី២១។

 

កាល​ប៉ះ​គ្នា​​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​​ក្នុង​លីក​កំពូល​កម្ពុជា​​ឆ្នាំ​២០១៤ ជើង​ទី​១​ បឹងកេត​​បាន​យក​ឈ្នះ៣-១ ប៉ុន្តែ​នៅ​ជើង​ទី​២ ភ្នំពេញ​ក្រោន​បាន​​យក​ឈ្នះ​បឹងកេត​វិញ​ដោយ​លទ្ធផល ២-១។ ឯ​ក្នុង​ឆ្នាំ​២០១៥ ជើង​ទី១ ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ឡើយ និង​បញ្ចប់​ដោយ​លទ្ធផល ០-០។

 

​​បឹង​កេត​ថ្ងៃ​នេះ នឹង​ប្រកួត​ដោយ​គ្មាន​វត្តមាន​គ្រូ​ធំ ប្រាក់ សុវណ្ណារ៉ា ដោយសារ​​ជាប់​ភារៈ​ទៅ​បញ្ចប់​ការ​សិក្សា​វគ្គ​គ្រូ​បង្វឹក​អាជីព​កម្រិត​ខ្ពស់​បំផុត Pro License នៅ​ទីក្រុង Zurich ប្រទេស​ស្វីស។ លោក បែ មករា អ្នក​ចាត់ការ​ទូទៅ​ដែល​ដឹក​នាំ​បឹង​កេត​ឈ្នះ​វេស្ទើន ៥-២ នឹង​បន្ត​តួនាទី​បញ្ជា​កូន​ក្រុម​លើ​ទីលាន​ក្នុង​ជំនួប​រសៀល​នេះ។

 

អ្នក​ចាត់​ការ​ទូទៅ​ខាង​លើ​​បាន​បញ្ជាក់​ថា សមាជិក​ក្រុម​កំពុង​ត្រៀម​ខ្លួន​​យ៉ាង​ល្អ ហើយ​ការ​ប្រកួត​ជើង​ទី​២ នេះ ធ្វើ​ឡើង​លើ​ទីលាន​ស្តាតចាស់ ដែល​លោក​អះ​អាង​ថា​ ស្គាល់​ច្បាស់​ជាង​ក្រុម​ភ្នំពេញ​ក្រោន ហើយ​លោក​ជឿជាក់​ថា​ប្រាកដ​ជា​មិន​ចាញ់​ការ​ប្រកួ​ត​នេះ​ឡើយ។

 

តោះ​ទាយ! បឹងកេត ឬ ​ភ្នំពេញក្រោន ​តំណាង​កម្ពុជា​ទៅ​លេង​ពាន Toyota Mekong Cup?
ក្រុម​ភ្នំពេញ​ក្រោន

 

​​​ងាក​ទៅ​មើល​ក្រុម​ភ្នំពេញ​ក្រោន​វិញ ក៏​ពុំ​មាន​បញ្ហា​កីឡាករ​ដែរ ខណៈ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ទាំង​បី​រូប​គឺ កែវ សុខផេង, Shane Booysen, George Bisan សុទ្ធតែ​កំពុង​ឡើង​ជើង។ ក្រុម​ភ្នំពេញ​ក្រោន​ត្រូវ​ការ​ឈ្នះ​ក្រុម​បឹងកេត​ដាច់​ខាត​នៅ​ថ្ងៃ​នេះ ទើប​អាច​ឈរ​លើ​កំពូល​តារាង​តំណាង​កម្ពុជា​ទៅ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Cup។

 

លោក Sam Schweingruber បាន​បញ្ជាក់​ថា នឹង​ប្រឹង​​ប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​នេះ។ ចំពោះ​​ការ​ប្រកួត​លើ​ទីលាន​ស្តាត​ចាស់ គ្រូ​បង្វឹក​សញ្ជាតិ​ស្វីស​រូប​នេះ​បាន​និយាយ​ប្រាប់ Sabay ថា៖ «បើ​សិន​ជា​យើង​បាន​លេង​លើ​ទីលាន​ខ្លួន​ឯង ប្រហែល​បាន​ល្អ​មើល ព្រោះ​យើង​ដឹង​ថា​ទីលាន​យើង​ស្មៅ​ល្អ… ស្តាត​ចាស់​ពិបាក​បន្តិច ប៉ុន្តែ​សមត្ថភាព​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា អ៊ីចឹង​យើង​នឹង​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​​លេង​ឲ្យ​អស់​ពី​សមត្ថភាព»។

​ 

៥​ប្រកួត​ចុង​ក្រោយ​របស់​ភ្នំពេញ​ក្រោន ឈ្នះ​ប៉ូលិស ២-១, ឈ្នះ​បៀលប្រាយ ៤-០, ឈ្នះ​វេស្ទើន ១០-០, ចាញ់​គីរីវង់ ១-២ និង​ឈ្នះ​ស៊ីម៉ាក់ ១០-១។ ​ចំណែក ៥ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​បឹង​កេត ឈ្នះ​វេស្ទើន ៥-២, ឈ្នះ​ការពារ​ជាតិ ១-០, ឈ្នះ​ស៊ីម៉ាក់ ៣-០ ឈ្នះ​អាស៊ី​អឺរ៉ុប ៥-២ និង​ស្មើ​ក្រុម​ស្វាយរៀង ២-២។

 

យ៉ាង​ណា​ក្ដី ការ​ប្រកួត​ថ្ងៃ​នេះ គឺ​ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​កំពូល​តារាង​តំណាង​កម្ពុជា​ទៅ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Cup ប៉ុណ្ណោះ។ ចំណែក​​ការ​លើក​ពាន​ជើង​ឯក ត្រូវ​រង់​ចាំ Play Off ក្រុម​កំពូល​តារាង​ទាំង​៤​ទៀត៕

 

កម្មវិធី​ប្រកួត​គ្រប់​គូ​ថ្ងៃ​នេះ

កាល​បរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោង

ទីលាន

២២​/១០/១៥​

ស្វាយរៀង

Vs

ណាហ្គាវើល

:០០

កីឡដ្ឋាន​ស្វាយរៀង

បឹងកេត​អង្គរ

Vs

ភ្នំពេញក្រោន

:៣០

ស្តាត​ចាស់

គីរីវង់

Vs

ស៊ីម៉ាក់

:០០

ពហុកីឡដ្ឋានជាតិ

 

 

អត្ថបទ៖ គង់ វិសាល