គយចាប់ផ្តើម យុទ្ធនាការ ចាប់រថយន្ត អត់ពន្ធហើយ, រថយន្តអត់ពន្ធ ស៊េរីទំនើបៗ ភាគច្រើនជ្រក ក្រោមស្លាក លេខ រដ្ឋ, ខ.ម, ន.ប

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នេះជាច្រើនគ្រឿង យ៉ាងហោចណាស់ ក៏មានរថយន្តអត់ពន្ធ ស៊េរី ទំនើបៗចាប់ពី កាមរីហាយ ប្រ៊ីដ រហូតដល់ឡង់គ្រីស័រ ៥៧០ ត្រូវបានកម្លាំងគយចល័ត សហការជាមួយសមត្ថ កិច្ចផ្សេងៗទៀត ធ្វើការស្ទាក់ចាប់នៅតាមដងផ្លូវ ខណៈដែលម្ចាស់កំពុងជិះ ឬចតចោលជាដើម ។ ក្នុងនោះរថយន្ត ដែលសមត្ថកិច្ចគយ ស្ទាក់ចាប់ដោយអះអាងថា ជារថយន្តអត់មានពន្ធនាំចូលនេះ គឺសុទ្ធតែមានពាក់ស្លាកលេខ ទាំងអស់ ដែលធ្វើឲ្យពលរដ្ឋ និងមន្រ្តីសមត្ថកិច្ចដែលមិនមានជំនាញពិតប្រាកដមើលមិនដឹងថា រថយន្តខាងលើ នេះ ពាក់ស្លាកលេខក្លែងក្លាយ និងបិទលតាបត្រក្លែងក្លាយនោះទេ ។

ពាក់ព័ន្ធទៅនឹងសកម្មភាព កម្លាំងសមត្ថកិច្ចគយចល័ត ដោយមានកម្លាំងអន្តរាគមន៍ របស់កងរាជអាវុធហត្ថអមជា មួយ ចុះបង្រ្កាបរថយន្តអត់ពន្ធខាងលើនេះ ត្រូវបានមន្រ្តីគយនៅទីចាត់ការគយ និងរដ្ឋាករមួយរូបដែលសុំមិនឲ្យ បញ្ចេញឈ្មោះ ធ្វើការអះអាងថា តាមពិតការចាប់រថយន្តគេចពន្ធនាំចូលគឺកម្លាំងគយមិនមែនទើបនឹងធ្វើនៅថ្ងៃ នេះនោះទេ គឺធ្វើជាហូរហែរហូតមក ដោយគ្រាន់តែកន្លងមក មិនបានផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងជាបន្ត បន្ទាប់ សូមឲ្យអ្នកដែលមានរថយន្តទាំងចង្កូតឆ្វេង ទាំងចង្កូតស្តាំ រួមទាំងទោចក្រយានយន្តជាដើម ដែលមិនបាន បង់ពន្ធនាំចូល សូមឲ្យរូតរះទៅធ្វើការបង់ពន្ធ នៅតាមអង្គភាពគយនានា ដោយក្នុងនោះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថែមទាំងប្រកាសមិនធ្វើការផាកពិន័យថែមទៀតផង ហើយប្រសិនក្រោយការជូនដំណឹងរហូតដល់ថ្ងៃ ឱសានវាទមកដល់ អតិថិជនជាម្ចាស់យានយន្តមិនបានបង់ពន្ធនាំចូល នៅតែមិនព្រមបង់ពន្ធទៀតនោះ ស្ថាប័ន គយនឹងមានចំណាត់ការទៅតាមផ្លូវច្បាប់ ដោយចាប់ធ្វើការបង់ពន្ធ និងពិន័យ នឹងឈានទៅដល់ការដាក់ទោស ទណ្ឌចំពោះអ្នកល្មើសច្បាប់ថែមទៀតផង ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រថយន្តដែលត្រូវបានគេឃុបឃិតគ្នានាំចូល ដោយមិនបង់ពន្ធគឺមានគ្រប់ប្រភេទ ដោយ ក្នុងនោះសម្រាប់រថយន្ត ស៊េរីថ្លៃៗភាគច្រើនជាប្រភេទរថយន្តថ្មី ហើយគេឃុបឃិតគ្នានាំចូលយកមកលក់ចែកគ្នា ជិះ សម្រាប់មន្រ្តីដែលមានឋានន្តរស័ក្តិ ឬឋានៈធំៗ និងសម្រាប់ឈ្មួញ ប្រជាពលរដ្ឋដែលជាសាច់ញាតិដែលហ៊ាន ទិញជិះ ។ ក្នុងនោះរថយន្តថ្មីៗស៊េរីទំនើបៗ ដែលឈ្មួញនាំគេចពន្ធយកមកលក់ឲ្យអ្នកប្រើប្រាស់នៅក្នុងស្រុក នោះ ភាគច្រើនអ្នកទិញជិះដោយសារតែគេមានលទ្ធភាពស្នើសុំស្លាកលេខតាមស្ថាប័ន អង្គនីតិបញ្ញត្តិ អង្គនីតិ ប្រតិបត្តិសុំស្លាកលេខរដ្ឋ ស្លាកលេខខេមរភូមិន្ទ និងស្លាកលេខនគរបាល យកមកបំពាក់លើរថយន្តជាដើម ហើយ ពេល ជិះនៅលើដងផ្លូវ មន្រ្តីមានសមត្ថកិច្ចដូចជានគរបាលចរាចរ អាវុធហត្ថ ឬមន្រ្តីគយជាដើម ពេលឃើញរថយន្តខាងលើនេះ គឺមិនហ៊ានទៅជិតនោះឡើយ ព្រោះអ្នកជិះនៅក្នុងរថយន្តភាគច្រើនជាអ្នកធំ មានបុណ្យស័ក្តិ តួនាទី ឬ យ៉ាងហោចណាស់ក៏ជាសាច់ញាតិរបស់មន្រ្តីធំៗទាំងអស់នោះដែរ ។ ក្រៅពីនេះ រថយន្តអត់ពន្ធមួយ ចំនួនត្រូវបាន គេទិញយកទៅជិះ រួចហើយយកស្លាកលេខស៊ីវិលមកបំពាក់បន្លំសមត្ថកិច្ចក៏មានដែរ ដែលប្រភេទ រថយន្តបែបនេះ គឺមានទាំងរថយន្តដែលនាំចូលទាំងមូល (ជជុះ និងថ្មី ) និងរថយន្តដែលកាត់ត ដែលគេនាំចូល មកក្នុងនាមជា គ្រឿងបន្លាស់ ហើយផ្សារតដំឡើងនៅក្នុងស្រុក លក់ទៅឲ្យអតិថិជន ដោយអតិថិជន ដែលទិញ យកទៅប្រើប្រាស់ ភាគច្រើនគឺ ទិញស្លាកលេខដែលបន្សល់ដោយរថយន្តចាស់ៗ ដូចជារថយន្តកើតគ្រោះថ្នាក់ចរា ចរណ៍ ខូចខាតទាំងស្រុងមិន អាចប្រើប្រាស់បានតទៅទៀត ឬក៏ស្លាកលេខរថយន្តដែលគេលក់បន្តទៅប្រទេស ផ្សេង ហើយដោះយកស្លាកលេខ មកលក់ឲ្យអតិថិជនផ្សេងៗទៀត ដើម្បីបំពាក់ទៅលើរថយន្តអត់ពន្ធ ដោយតម្លៃ គិតទៅតាមស៊េរីស្លាកលេខខ្ពស់ ឬទាប ។

ករណីមួយទៀត ត្រូវបានគេបង្ហើបឲ្យដឹងថា មានការឃុបឃិតគ្នារវាងមន្រ្តីសាធារណការ ខាងចេញស្លាកលេខ ដោយគេហ៊ានចេញស្លាកលេខ កាតគ្រី ឲ្យទៅអតិថិជនទិញយកទៅបំពាក់នៅលើរថយន្តអត់ពន្ធនាំចូលតែម្តង ក្នុង  តម្លៃ១គ្រឿងរាប់ពាន់ដុល្លារ ហើយស្លាកលេខដែលគេបញ្ចេញលក់ឲ្យ យកទៅពាក់នៅលើរថយន្តអត់ពន្ធនេះ គេ នឹងមិនចេញឲ្យទៅរថយន្តផ្សេងទៀតនោះឡើយ គឺទុកចន្លោះចោល ហើយពេលរថយន្តប្រភេទនេះ បើកបរនៅលើ ដងផ្លូវ ពេលសមត្ថកិច្ចពិនិត្យមើលគឺជាស្លាកលេខត្រឹមត្រូវ តែស្លាកលេខប្រភេទនេះ គឺមិនមានគល់បញ្ជីនៅកន្លែង ចេញស្លាកលេខនោះឡើយ ។

ដូចនេះប្រសិនបើស្ថាប័នគយពិតជាមានផែនការ ធ្វើការបង្រ្កាប និងចាប់រថយន្តអត់ពន្ធ បង្ខំឲ្យបង់ពន្ធជូនរដ្ឋ ប្រាកដមែននោះ គឺវាមិនពិបាកនោះទេ អង្គភាពគយមានឧបករណ៍សម្រាប់ធ្វើការត្រួតពិនិត្យ ទៅលើ លតាបត្រ បង់ពន្ធនាំចូលដែលបិទនៅលើកញ្ចក់រថយន្ត ដើម្បីបញ្ជាក់ថា ជាលតាបត្រក្លែងក្លាយ ឬត្រឹមត្រូវ ដោយមិនអាច ក្លែងបន្លំបានឡើយ ។ ហើយចំពោះរថយន្តគេចពន្ធ ដែលជ្រកក្រោមស្លាកលេខស្ថាប័នរដ្ឋ ដូចជា ព្រឹទ្ធសភា រដ្ឋ សភា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃជាដើមនោះ ក៏វា មិនពិបាកនោះដែរ ប្រសិនបើប្រធាន ស្ថាប័នទាំងអស់នោះ មានឆន្ទៈក្នុងការចូលរួមកៀរគរប្រមូលចំណូលពន្ធតាម រយៈការលុបបំបាត់ ការជិះរថយន្ត អត់ពន្ធ គឺប្រធានស្ថាប័នទាំងអស់សហការជាមួយអង្គភាពគយ និងរដ្ឋាករ ចាប់ បង្ខំឲ្យបង់ពន្ធ គឺវាគ្រប់គ្រាន់ ណាស់ទៅហើយ ។

សូមបញ្ជាក់ថា អ្នកខ្លះគេយោងថា មន្រ្តីជាន់ខ្ពស់ភាគច្រើនគឺរដ្ឋបានផ្តល់ការអនុគ្រោះឲ្យគាត់ជិះរថយន្តពាក់ស្លាក លេខតាមស្ថាប័ន ដែលពន្ធជាបន្ទុករបស់រដ្ឋ ដើម្បីបម្រើការងារជូនអង្គភាព ។ ប៉ុន្តែ សូមកុំភ្លេចថា ពេលខ្លះរដ្ឋបាន ទិញរថយន្ត ១គ្រឿង ឲ្យមន្រ្តីជាន់ខ្ពស់ជិះដែលរដ្ឋជាអ្នកមានកាតព្វកិច្ចបង់ពន្ធជូន ហើយពាក់ស្លាកលេខតាមស្ថា ប័ននោះ តែក្រោយគាត់ទទួលបានស្លាកលេខហើយ សាច់ញាតិរបស់គាត់បានទិញរថយន្តអត់ពន្ធ១គ្រឿង យកមកជិះហើយក៏ប្រគល់រថយន្តអត់ពន្ធខាងលើនេះ ទៅប្តី ឬប្រពន្ធជិះ ពាក់ស្លាកលេខតាមស្ថាប័ននោះវិញ ហើយរថយន្តដែលគាត់ទទួលបានរបបពីរដ្ឋ យកមកជិះនោះ គឺប្រគល់ទៅឲ្យប្រពន្ធ ឬសាច់ញាតិជិះវិញម្តង ។ ដូច្នេះ នៅពេលដែលសមត្ថកិច្ចឃើញរថយន្តអត់ពន្ធ តែមានពាក់ស្លាកលេខ តាមស្ថាប័នធំៗ ហើយភាគច្រើន ស្គាល់មុខ ស្គាល់ឈ្មោះមន្រ្តីធំៗទៀតនោះ គឺគ្មានសមត្ថកិច្ចណាហ៊ានប៉ះនោះឡើយ និងអ្នកខ្លះទិញរថយន្តអត់ ពន្ធ ហើយយកមកពាក់ស្លាកលេខក្លែងក្លាយដូចគ្នា ជាមួយនឹងលេខរថយន្តប្តីជិះក៏មានដែរ ៕

គយចាប់ផ្តើម យុទ្ធនាការ ចាប់រថយន្ត អត់ពន្ធហើយ, រថយន្តអត់ពន្ធ ស៊េរីទំនើបៗ ភាគច្រើនជ្រក ក្រោមស្លាក លេខ រដ្ឋ, ខ.ម, ន.ប
គយចាប់ផ្តើម យុទ្ធនាការ ចាប់រថយន្ត អត់ពន្ធហើយ, រថយន្តអត់ពន្ធ ស៊េរីទំនើបៗ ភាគច្រើនជ្រក ក្រោមស្លាក លេខ រដ្ឋ, ខ.ម, ន.ប
គយចាប់ផ្តើម យុទ្ធនាការ ចាប់រថយន្ត អត់ពន្ធហើយ, រថយន្តអត់ពន្ធ ស៊េរីទំនើបៗ ភាគច្រើនជ្រក ក្រោមស្លាក លេខ រដ្ឋ, ខ.ម, ន.ប
គយចាប់ផ្តើម យុទ្ធនាការ ចាប់រថយន្ត អត់ពន្ធហើយ, រថយន្តអត់ពន្ធ ស៊េរីទំនើបៗ ភាគច្រើនជ្រក ក្រោមស្លាក លេខ រដ្ឋ, ខ.ម, ន.ប
គយចាប់ផ្តើម យុទ្ធនាការ ចាប់រថយន្ត អត់ពន្ធហើយ, រថយន្តអត់ពន្ធ ស៊េរីទំនើបៗ ភាគច្រើនជ្រក ក្រោមស្លាក លេខ រដ្ឋ, ខ.ម, ន.ប
គយចាប់ផ្តើម យុទ្ធនាការ ចាប់រថយន្ត អត់ពន្ធហើយ, រថយន្តអត់ពន្ធ ស៊េរីទំនើបៗ ភាគច្រើនជ្រក ក្រោមស្លាក លេខ រដ្ឋ, ខ.ម, ន.ប

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត