ចេះ​តែ​ហូរ​ទឹកភ្នែក​មែន​ទេ យើង​មាន​វិធី​ដោះស្រាយ​ដោយ​មិនបាច់​ប្រើ​ថ្នាំ​

ចេះ​តែ​ហូរ​ទឹកភ្នែក​មែន​ទេ យើង​មាន​វិធី​ដោះស្រាយ​ដោយ​មិនបាច់​ប្រើ​ថ្នាំ​

​ការហូរ​ទឹកភ្នែក​ជា​ទូទៅ​មិន​មាន​អ្វី​គ្រោះថ្នាក់​ឡើយ​។ វា​គឺជា​បញ្ហា​មួយ​ដែល​អាច​ដោះស្រាយបាន​យ៉ាង​ងាយ​តាមរយៈ​ការប្រើ​ថ្នាំ​ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា ព្រមទាំង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន​ផងដែរ​។

​ទឹកភ្នែក​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​ជា​អ្នកផ្តល់​ជីវជាតិ និង​រំអិល​ដល់​ភ្នែក​។ គ្រប់​ពេល​អ្នក​ធ្មេចភ្នែក អ្នក​នឹង​ទទួលបាន​ភ្នែក​ដែល​ស្អាត​ឡើងវិញ និង​ផ្តល់​ជា​ជាតិ​ទឹក​ដល់​ភ្នែក​ជាមួយនឹង​ទឹកភ្នែក​បន្តិចបន្តួច​។ ទឹកភ្នែក​នឹង​ហូរ​ចេញ​មក​នៅ​ពេល​ដែល​មាន​អ្វីមួយ​ស្ទះ ឬ​រំខាន់​នៅក្នុង​ភ្នែក​។ មាន​ប្រព័ន្ធ​បង្ហូរ​មួយ​ដែល​ស្ថិតនៅ​ជ្រុង​មួយ​នៃ​ភ្នែក អាច​បង្ហូរទឹកភ្នែក​ចូលទៅ​ក្នុង​ច្រមុះ ។ ភ្នែក​ដែល​ហូរ​ទឹកភ្នែក​ជាប់​អាច​នឹង​ធ្វើឱ្យ​អ្នក​មើល​ទៅ​ដូចជា​កំពុងតែ​យំ​គ្រប់ពេល​អីចឹង​។

​ការហូរ​ទឹកភ្នែក​ភាគច្រើន​កើតឡើង​ដោយសារ​តែ​ការផលិត​ទឹកភ្នែក​ច្រើនពេក​។ វា​អាច​កើតឡើង​ដោយសារតែ​ជំងឺ​មួយ​ឈ្មោះថា Dry-eye Syndrome ដែល​ស្តាប់​មើល​ទៅ​ដូច​ជា​ចម្លែក​ណាស់ ប៉ុន្តែ​វា​អាច​ធ្វើឱ្យ​អ្នក​ហូរ​ទឹកភ្នែក​ជាប់​រហូត​បាន​។ នេះ​ដោយសារ​តែ​ក្រពេញ​បង្កើត​ទឹកភ្នែក​ធ្វើការ​កាន់តែខ្លាំង​ដើម្បី​ផ្តល់​ភាព​រំអិល​ដល់​ភ្នែក​ស្ងួត ទើប​ចេញ​ជា​ទឹកភ្នែក​ច្រើន​បែប​នេះ​។ ការ​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ទៅ​នឹង​លម្អង​ផ្កា សត្វ​ចិញ្ចឹម ធូលី​ដី ផ្សិត ទឹកអប់ ផ្សែង​បារី និង​របស់​អ្វី​ផ្សេងៗ​ទៀត​ក៏​ប្រហែល​ជា​នាំឱ្យ​ហូរ​ទឹកភ្នែក​ច្រើន​ដែរ​។ ការហូរ​ទឹកភ្នែក​ច្រើន​អាច​កើតចេញ​ពី​ការបង្ក​រោគ​ដែរ​ដូចជា ការ​រលាក​ភ្នែក​ជាដើម​ដែល​វា​បណ្តាល​មកពី​មាន​មេរោគ​ចូល​ភ្នែក​។

​ការព្យាបាល​ទៅលើ​មូលហេតុ​របស់​វា​ជាមួយនឹង​គ្រូពេទ្យ​គឺជា​វិធីសាស្ត្រ​លុបបំបាត់​ការហូរ​ទឹកភ្នែក​ជាប់​យ៉ាង​មាន​ប្រសិទ្ធភាព​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​ការព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន​តូច​ដែល​អាច​ដោះស្រាយ​បាន​ដែរ​។

​សម្អាត​ភ្នែក​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​
​បើសិនជា​ភ្នែក​អ្នក​ហូរ​ទឹកភ្នែក​ជាប់​ដោយសារតែ​ការបង្ក​រោគ ការលាង​សម្អាត​ភ្នែក​នេះ​ជា​ទៀងទាត់​គឺជា​រឿង​ល្អ​ណាស់​។ អ្នក​អាច​ធ្វើ​បែប​នេះ​បាន​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​។

​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C និង E
​មាន​ឧទាហរណ៍​ច្រើនណាស់​ដែល​ថា​ការហូរ​ទឹកភ្នែក​ជាប់​បណ្តាល​មកពី​ការ​រលាក​ភ្នែក​ផ្នែក​កណ្តាល (Uveitis)​។ អ្នកជំនាញ​និយាយថា អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​បំប៉ន​មាន​វីតាមីន C និង E ដើម្បី​ជួយ​បង្កើនល្បឿន​ភាព​ជា​សះស្បើយ​នៃ​ការបង្ក​រោគ​នៅ​ភ្នែក​។ អ្នក​ក៏​ប្រហែលជា​អាច​ទទួលបាន​វីតាមីន C ពី​របប​អាហា​រដែរ​ដូចជា ម្ទេស​ប្លោក ត្របែក បន្លែ​ពណ៌​បៃតង ផ្លែ​គី​វី បឺរី និង​ផ្លែឈើ​ជូរៗ​។ តៅ​ហ៊ូ ស្ពៃ​ស្ពីណា​ច គ្រាប់​ធញ្ញជាតិ ផ្លែ​បឺ និង​ត្រី​គឺជា​ប្រភព​ដ៏​អស្ចារ្យ​របស់​វីតាមីន E​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។